Close

អាជីវកម្មម្សៅរុក្ខជាតិ ជួយរកទីផ្សារឱ្យកសិករ រួមចំណែកថែទាំសុខភាពប្រជាជន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ សង្គម
អាជីវកម្មម្សៅរុក្ខជាតិ ជួយរកទីផ្សារឱ្យកសិករ រួមចំណែកថែទាំសុខភាពប្រជាជន អាជីវកម្មម្សៅរុក្ខជាតិ ជួយរកទីផ្សារឱ្យកសិករ រួមចំណែកថែទាំសុខភាពប្រជាជន

សម្រាប់កម្ពុជា វិស័យកសិកម្មនៅតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងឱ្យកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែក បញ្ហាកសិផលហូរហៀនៅលើទីផ្សារ
តាមរដូវកាលនៅតែមានប្រទះឃើញក្នុងចំណោមកសិករ ហើយបញ្ហានេះទាមទារនូវដំណោះស្រាយ ដែលមានប្រសិទ្ធិភាពមួយគឺ «ការកែច្នៃ»។

ការចេះកែច្នៃ អាចជួយសម្រាលកសិករបានច្រើន ជាពិសេសកាត់បន្ថយការពឹងផ្អែកលើទីផ្សារលក់ ទិន្នផលស្រស់តែម្ដង។ ក្នុងចំណោមអាជីវកម្មជាច្រើន ស្ត្រីម្នាក់បានចាប់យកអាជីវកម្មកែច្នៃកសិផល ទៅជាម្សៅជំនួយសុខភាព ដែលអាចជួយដល់កសិករផងដែរ។

អ្នកស្រី ម៉ៅ ម៉ារ៉ា ដែលជាម្ចាស់សិប្បកម្មម្សៅខ្ញី រមៀត ពន្លៃ សាមគ្គីខសមេធីក បានឱ្យដឹងថា អាជីវកកម្មមួយនេះបានកកើតឡើងនៅឆ្នាំ ២០២១ ដែលមកដល់ពេលនេះគឺមានអាយុកាល ប្រហែលជា ២ឆ្នាំហើយ។

បើតាមការរៀបរាប់របស់អ្នកស្រី ក្នុងពេលនោះជាពេលដែលជំងឺកូវីដនៅមិនទាន់ស្គាល់ភាពធូរ​ស្បើយនៅឡើយទេ ហើយជាពេលដែលប្រជាជនគ្រប់រូបកំពុងជួបប្រទះផលវិបាកក្នុងការបង្កើត ប្រាក់ចំណូល។

អ្នកស្រី ម៉ៅ ម៉ារ៉ា បានបន្តថា៖ «កាលណោះខ្ញុំឃើញកសិករខ្លះឈូសដំណាំចោល ដោយសារតែ មិនមានទីផ្សារ ហើយខ្ញុំគិតថាខ្ញុំអាចជួយពួកគាត់បានតាមរយៈការទិញកសិផលរបស់គាត់ មកកែច្នៃបន្ត»។

មកដល់បច្ចុប្បន្ននេះ អ្នកស្រីបានទិញយកខ្ញី រមៀត ពន្លៃ ពីកសិករ ដើម្បីមកហាល និងកិនទៅជា ម្សៅដែលអាចឆុងពិសាជាមួយទឹកបាន។ ការធ្វើបែបនេះមិនត្រឹមតែជួយកសិករជាដៃគូរផ្គត់ផ្គង់ វត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញផលិតផលសុខភាពចូលក្នុងទីផ្សារក្នុងស្រុកផងដែរ។

ដើម្បីអាចពង្រីកទីផ្សាររបស់ខ្លួន ក៏ដូចជាឈានទៅជួយកសិករឱ្យបានកាន់តែច្រើនគ្រួសារ អ្នកស្រីតែងនាំយកផលិតផលរបស់ខ្លួនទៅដាក់តាំងលក់តាមកម្មវិធីនានា ព្រមទាំងបានចូលជា សមាជិកនៃចលនាភូមិមួយផលិតផលមួយទៀតផង។

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល មួយនៃទីស្ដីការគណៈរដ្ឋមន្ត្រី ជារឿយៗក៏តែងតែជំរុញនូវការកែច្នៃឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាខ្នងបង្អែកដល់កសិករក្នុងស្រុក។

ក្នុងនោះផងដែរ លោកបណ្ឌិតក៏បានលើកទឹកចិត្តឱ្យកសិករដែលជាអ្នកផលិតខ្លួនឯង រៀនស្វែងយល់ រៀនកែច្នៃ ជាពិសេសគឺកុំខ្ជះខ្ជាយវត្ថុធាតុដើមដែលប្រមូលបាន បើទោះជាទីផ្សារមិនមានតម្រូវការក៏ដោយ។

ក្នុងន័យនេះ លោកបណ្ឌិតសង្កត់ធ្ងន់ថា ប្រសិនបើរឿងនេះផ្ដើមចេញពីកសិករខ្លួនឯងទៅ បញ្ហាទីផ្សារជោរជន់នៃកសិផល ក៏ទំនងជាមានសង្ឃឹមថានឹងអាចដោះស្រាយបាន។ ម្យ៉ាងទៀត វិស័យឯកជនឯណោះ ក៏គួរបង្កើនការវិនិយោគលើអាជីវកម្មបែបកែច្នៃកសិផលឱ្យបានច្រើន បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការផលិតដើម្បីនាំចេញនៅនឹងកន្លែង ដែលជាគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី៕


អត្ថបទទាក់ទង