សកលវិទ្យាល័យភូមិន្ទកសិកម្មបង្កើតផ្សារណាត់ ដើម្បីជំរុញសហគ្រិនភាពដល់និស្សិត
ផ្សារណាត់ ជាគម្រោងមួយដែលបង្កើតឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង (RUA) ដែលដាក់តាំងលក់ផលិតផលកែច្នៃរបស់សិស្ស – និស្សិតកំពុងសិក្សា។
គម្រោងនេះបានចាប់ផ្ដើមបើកសាកល្បងកាលពីថ្ងៃទី ១៥ ខែកក្កដាថ្មីៗនេះ ដោយបើកលក់នៅថ្ងៃ ចុងសប្ដាហ៍ នៅមុខមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ការបង្កើតគម្រោងនេះឡើងគឺដើម្បីផ្សព្វផ្សាយអំពីផលិតផលនានា ជាពិសេសផែនការអាជីវកម្មរបស់និស្សិត និងគ្រូ។ នេះក៏ជាសកម្មភាពមួយក្នុងការជំរុញសិស្ស និស្សិតឱ្យមានសហគ្រិនភាព រួចជាស្រេចនៅក្នុងខ្លួន ដើម្បីអាចសម្រេចបាននូវអាជីវកម្មណាមួយរបស់ពួកគេនាពេលអនាគត។
លោក សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ការបង្កើតផ្សារណាត់ RUA ចម្ការដូងនេះមានតាំងផលិតផលរបស់និស្សិត គ្រូបង្គោល និងមួយចំនួន ពីសហគមន៍ ដែលផលិតផលទាំងនោះរួមមាន៖ ទឹកសណ្ដែក បន្លែស្លឹក ត្រសក់ ត្រប់ ត្រីសាច់ ព្រមទាំងអាហារកែច្នៃមួយចំនួនទៀត។
បើតាមប្រភពដដែលបានឱ្យដឹងថា ក្នុងការបើកសាកល្បងនឹងមានស្ដង់ចូលរួមចំនួន ១០ ស្តង់ដោយផលិតផលទាំងនោះសុទ្ធសឹងតែជាផលិតផលរបស់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មស្រាប់។ ស្តង់នេះផងដែរ នឹងជួលសម្រាប់សិស្ស និស្សិតក្នុងតម្លៃ ១ពាន់រៀលក្នុងមួយថ្ងៃ ដែលជាតម្លៃដ៏ល្អមួយសម្រាប់សិស្ស និស្សិតក្នុងការចាប់ផ្ដើមលក់ផលិតផលរបស់ពួកគេ។
មិនត្រឹមតែប៉ុណ្ណោះ ការបង្កើតផ្សារណាត់នេះក៏ជាការបង្កើតទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទិញ ជាពិសេសវាផ្ដល់ឱកាសឱ្យនិស្សិតដែលជាម្ចាស់ស្នាដៃអាចទទួលបានមតិកែលម្អ ដើម្បីកែតម្រូវនូវ ចំណុចខ្វះខាតរបស់ខ្លួនផងដែរ។
ម្យ៉ាងទៀត ផ្សារនេះក៏នឹងក្លាយជាទីតាំងមួយដែលសាធារណៈជនអាចមកស្វែងរកទិញ ផលិតផល ទំនិញកសិផលធម្មជាតិ ផលិតផលកែច្នៃរបស់និស្សិត ដែលប្រៀបបានទៅនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុមួយផ្នែក។
យ៉ាងណាមិញ ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបង្ហាញក្ដី សង្ឃឹមថា ផ្សារណាត់នេះ នឹងមានការគាំទ្រកាន់តែច្រើនពីសាធារណជន និងអាចដំណើរការជារៀងរាល់ចុងសប្ដាហ៍។
តិចឬច្រើន ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ វានឹងរួមចំណែកជួយដល់កសិករដែលកំពុង ដាំដុះនៅតាមមូលដ្ឋានឱ្យមានទីផ្សារកាន់តែទូលាយ ក៏ដូចជាគាំទ្រនូវរាល់ការកែច្នៃកសិផលឱ្យចេញ ជាផលិតផលសម្រេចថ្មីមួយទៀត៕