កោះតៃវ៉ាន់រាយការណ៍អំពីចំនួនកើនឡើងនៃវត្តមានយោធាចិនក្បែរដែនសមុទ្រ
បរទេស ៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការរាយការណ៍ថាចំនួននៃនាវាចម្បាំងរបស់ចិនបានកើនឡើងដល់កំណត់ត្រាសរុបប្រមាណជា១៦គ្រឿងនៅលើដែនសមុទ្ររបស់ខ្លួនក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះកាលពីសប្តាហ៍មុន។
កងកម្លាំងនាវាជើងទឹករបស់ចិន ឬ PLAN បានបន្តសកម្មភាពជាមួយនឹងនាវាចម្បាំងទាំងនោះរហូតដល់ម៉ោង៦ព្រឹកថ្ងៃសៅរ៍ ពោលគឺនៅក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះដែលយន្តហោះចម្បាំងចិនបានហោះហើរឆ្លងកាត់ឈូងសមុទ្រកោះតៃវ៉ាន់ ព្រមទាំងដែនហោះហើររបស់កោះនេះផងដែរ។
កោះតៃវ៉ាន់ បានលំអិតដែរថា ត្រឹមរយៈពេល៧២ម៉ោងចុងក្រោយកាលពីពាក់កណ្តាលសប្តាហ៍កន្លងមកនោះ យន្តហោះយោធារបស់ចិនចំនួន៧៣គ្រឿងបានធ្វើការហោះហើរចុះឡើងលើបន្ទាត់ខ្សែព្រំដែននៃឈូងសមុទ្រកោះតៃវ៉ាន់ ហើយភ្លាមៗរដ្ឋាភិបាលក្រុងប៉េកាំងមិនព្រមទទួលស្គាល់របាយការណ៍នេះឡើយរហូតដល់យន្តហោះទាំងនោះបានហោះចូលដែនអាកាស ADIZ របស់កោះតៃវ៉ាន់នៅភាគខាងត្បូង និងភាគខាងលិច។
ក្នុងអំឡុងពេលនេះផងដែរ នាវាយោធារបស់កងកម្លាំងកងទ័ពចិនចំនួន៩គ្រឿងត្រូវបានគេរាយការណ៍ថា បានបន្តមានវត្តមាននៅលើដែនសមុទ្ររបស់កោះតៃវ៉ាន់អស់រយៈពេល៣ថ្ងៃជាប់គ្នារួចមកហើយ។
គួរឲ្យដឹងដែរថា នាវាចម្បាំងរបស់ចិនដល់ទៅ១៦គ្រឿងកាលពីថ្ងៃសុក្រ និងឈានទៅដល់ថ្ងៃសៅរ៍កន្លងមកនេះគឺជាចំនួនដ៏ច្រើនបំផុតមួយនៃវត្តមានរបស់កងទ័ពចិនលើដែនសមុទ្រកោះតៃវ៉ាន់គិតចាប់តាំងតែពីខែសីហា ឆ្នាំ២០២២។
ដោយឡែក ភាគីចិនបានប្រកាសទទួលស្គាល់ហេតុការណ៍ ប៉ុន្តែអះអាងថាវាគ្រាន់តែជាផ្នែកមួយនៃសមយុទ្ធយោធាជាច្រើនទៀតរបស់ចិនប៉ុណ្ណោះ ដោយប្តេជ្ញាទៀតថានឹងបន្តធ្វើការងារនេះឲ្យកាន់តែធំ និងច្រើនឡើងបន្ថែមទៀតសម្រាប់សមយុទ្ធយោធានាឆ្នាំក្រោយៗ៕