ចំណេះដឹងកសិកម្ម ៖ ការប្រើប្រាស់ដីឱ្យអស់ពីលទ្ធភាពក្នុងការដាំដំណាំចម្រុះជុំវិញផ្ទះដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃ
ការដាំដុះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលវាមិនត្រឹមតែជួយផ្ដល់នូវបន្លែ ផ្លែឈើមិនមានសារធាតុគីមីតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្កើនសោភ័ណ្ឌភាព និងជាការបង្កើតទម្លាប់ដ៏ល្អមួយផងដែរ។
សម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្ត ដែលមានទីធ្លាដីនៅសល់គួរតែងាកមកសាកល្បងដាំដំណាំចម្រុះជុំវិញផ្ទះដើម្បីហូបដោយខ្លួនឯង។ រីឯប្រជាពលរដ្ឋដែលរស់នៅទីក្រុង ក៏គួរតែសាកល្បង រៀនច្នៃដោយប្រើប្រាស់ផើងសម្រាប់ដាំដំណាំ។
ចំពោះអ្នកមានទីធ្លាដីធំ និយាយដោយឡែក ក៏មិនគួរដាំតែដំណាំឈើហូបផ្លែតែមួយមុខនោះដែរ ជាជាងការទុកដីឱ្យទំនេរចោល គួរតែបន្ថែមនូវដំណាំវិលជុំ ដែលអាចឆ្លៀតដាំបាននៅចន្លោះរងដំណាំធំៗ។
ជាក់ស្ដែង ដូចជាដំណាំចេក ខ្នុរ ល្ហុង ស្វាយ ដូង ក្រូចពោធិ៍សាត់ជាដើម សុទ្ធសឹងតែជាដំណាំឈើហូបផ្លែធំៗ ដែលត្រូវការរយៈពេលរាប់ឆ្នាំទម្រាំអាចហុចផលបាន។ ជាការប្រើដីឱ្យអស់ពីលទ្ធភាព ប្រជាកសិករគួរតែដាំដំណាំតូចៗបន្ថែមទៀត។
ដំណាំតូចៗ ដែលមានអាយុកាលខ្លី ឆាប់បានប្រមូលផល និងអាចដាំវិលជុំបានរួមមាន ប៉េងប៉ោះ ម្ទេស ជី ស្លឹកគ្រៃ ស្ពៃ ត្រសក់ ត្រឡាច ននោង ជាដើម។ល។ ការដាំដំណាំប្រភេទនេះ នឹងមិនបង្កផលប៉ះពាល់អ្វីទៅដល់ដំណាំធំ ដែលកំពុងដាំនោះទេ ផ្ទុយទៅវិញប្រជាកសិករអាចប្រមូលទិន្នផលបន្តិចបន្តួចសម្រាប់ហូបក្នុងគ្រួសារប្រចាំថ្ងៃទៀតផង។
យ៉ាងណាមិញ បច្ចេកទេសក្នុងការដាំដំណាំចម្រុះទាំងនេះក៏មិនមានអ្វីជារឿងស្មុគស្មាញនោះដែរ។ អ្វីដែលត្រូវការចាំបាច់គឺកូនដំណាំដែលត្រូវបានផ្សុំារួចរាល់ ត្រង់ចំណុចនេះប្រសិនបើមិនមានលទ្ធ ភាពក្នុងការផ្សុំាដោយខ្លួនឯង ប្រជាកសិករអាចរកទិញពីទីតាំងដែលផ្សុំាដំណាំលក់ស្រាប់ៗតែម្ដង។ ប៉ុន្តែត្រូវធានាថា កូនដំណាំដែលបានផ្សុំានោះមានសុខភាពល្អ និងរឹងមុំា ដែលវានឹងបង្កលទ្ធភាព នៃការដាំដុះឱ្យមានអាត្រាលូតលាស់ខ្ពស់។
បន្ទាប់ពីមានកូនដំណាំរួចហើយ ប្រជាកសិករត្រូវលាយដីតាមរណ្ដៅនីមួយ (ជ្រើសរើសដីដែលខ្ពស់ផុតពីទឹក) ដែលត្រូវដាំជាមួយនឹងជី ធម្មជាតិ ឬជីកំប៉ុសឱ្យរួចរាល់។ ការលាយជីកំប៉ុសជាមួយដីនេះក៏ជារឿងសំខាន់ផងដែរ ព្រោះថាជី ធម្មជាតិនោះនឹងជួយឱ្យដំណាំឆាប់ចាប់ឬសល្អជាមួយដីថ្មី។
ក្នុងការដាក់ដំណាំចូលទៅក្នុងរណ្ដៅវិញ ត្រូវយកចិត្តទុកដាក់ចំពោះការដកថង់ចេញ ដោយធ្វើយ៉ាងណាកុំឱ្យបែកដី និងប៉ះពាល់ដល់ឬសនៃកូនដំណាំ។ បន្ទាប់ពីនេះ គ្រាន់តែយកចិត្តទុកដាក់លើការ ថែរក្សាដំណាំតាមរយៈការស្រោចទឹកជាប្រចាំ និងស្រោចជីបំប៉ន ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍ជាការស្រេច។
អនុវត្តតាមវិធីនេះ ប្រជាកសិករអាចចំណេញថវិកាពីការទិញម្ហូបអាហារពីទីផ្សារ និងសំខាន់បំផុត ទទួលបានសុខភាពល្អតាមរយៈការហូបបន្លែដែលដាំដោយខ្លួនឯងដោយមិនមានប្រើប្រាស់ជីគីមី៕