សហគមន៍គំរូ៖ ប្រជាជននាំគ្នាសន្សំប្រាក់ បង្កើតសកម្មភាពលើកស្ទួយសន្តិសុខសហគមន៍
ការបង្កើតជាសហគមន៍ និងទ្រទ្រង់ឱ្យសហគមន៍ដំណើការបានគឺជារឿងលំបាកមួយហើយ ប៉ុន្តែការកៀងគរប្រជាសហគមន៍ឱ្យធ្វើការរួមគ្នាដើម្បីផលប្រយោជន៍រួម គឺជារឿងដែលកាន់តែ លំបាកមួយកម្រិតទៀត។
ផ្អែកលើមូលហេតុទាំងនេះ សហគមន៍ណាមួយដែលអាចដឹកនាំសមាជិកឱ្យធ្វើការរួមគ្នាបាន ដើម្បីការអភិវឌ្ឍក្នុងតំបន់ គឺត្រូវបានចាត់ទុកថាជាសហគមន៍គំរូហើយ។
សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ស្ថិតនៅភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសិមា ខេត្តកោះកុង មានផ្ទៃដីសរុប ៧២៨ហិកតា និងមានសមាជិក ២១២នាក់ ត្រូវនឹង ១៤៥គ្រួសារ ហើយតួនាទីសំខាន់របស់សហគមន៍នេះគឺការពារដែនធម្មជាតិទាំងជាង ៧០០ហិកតានេះឱ្យបានគង់វង្ស។
លោក ឡន រិទ្ធ ដែលជាប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង បានឱ្យដឹងថា ក្រៅពីគោលដៅក្នុងការការពារដែនធម្មជាតិនេះហើយ ការធ្វើឱ្យប្រសើរនូវជីវភាពប្រជាសហគមន៍ ក៏ជារឿងចម្បងផងដែរ។ ជាមួយគ្នានេះ ដើម្បីឈានដល់គោលដៅនេះ សហគមន៍បានរៀបចំសកម្មភាពជាច្រើន ក្នុងនោះក៏មានការរៀបចំ គម្រោងសន្សំប្រាក់ផងដែរ។
ការសន្សំប្រាក់នេះដែរ លោក ឡន រិទ្ធ បានឱ្យដឹងថា៖ « ចំពោះប្រាក់សន្សំ គឺជាការសន្សំដោយស្ម័គ្រចិត្តរបស់ប្រជាសហគមន៍ មានតិចដាក់តាមតិច ច្រើនដាក់តាមច្រើនអញ្ចឹងទៅ ហើយក្នុង ១ឆ្នាំ យើងចែកភាគលាភដល់ពួកគាត់ម្ដងគឺការប្រាក់ដែលចំណេញ ក្នុងរង្វង់ ០.៧ភាគរយ សរុបទៅក្នុង ១ឆ្នាំយើងអាចរកការប្រាក់ជូនពួកគាត់បានក្នុងចន្លោះពី ៣០ ទៅ ៤០លានរៀលដែរ»។
គម្រោងសន្សំប្រាក់នេះបានហុចផលប្រយោជន៍ជាច្រើនដល់សហគមន៍ដោយ ជួយឱ្យសហគមន៍ មានភាពរឹងមុំា តាមរយៈការយកប្រាក់សន្សំទៅធ្វើជាទុនរកស៊ី ឬពង្រីកមុខរបរជាដើម។ អ្វីដែលសំខាន់បំផុតនោះគឺ គម្រោងនេះជាការជួយបណ្ដុះសាមគ្គីភាពរវាងសមាជិកនៅក្នុង សហគមន៍។
លោកបន្តឱ្យដឹងថា៖ «មិនតែប៉ុណ្ណោះប្រាក់សន្សំនេះ ក៏ជួយដល់សហគមន៍ក្នុងការល្បាតព្រៃ ជួយអ្នកក្រីក្រ ជួយអ្នកសម្រាកនៅមន្ទីរពេទ្យ អ្នករងរបួសស្នាម និងពិធីបុណ្យសពជាដើម»។
តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ សហគមន៍បច្ចុប្បន្នមានទុនប្រមាណជា ៥០០លានរៀលហើយ បន្ថែមពីនេះទៀតសហគមន៍ក៏មានសកម្មភាពសាកអាគុយសម្រាប់ប្រជាពលរដ្ឋក្នុងភូមិដែលជាជំនួយពីគម្រោង ADB និងមានសកម្មភាពគម្រោងតភ្ជាប់ទឹកស្អាត ការចិញ្ចឹមក្ដាមថ្មជាសហគមន៍ផងដែរ។
យ៉ាងណាមិញ បច្ចុប្បន្ននេះប្រជាសហគមន៍ពឹងផ្អែកខ្លាំងលើរបរនេសាទត្រីនៅសមុទ្រ តាមមាត់ព្រែក និងកែច្នៃអាហារសមុទ្រក្រៀមជាដើម។ ការធ្វើការងារទាំងនេះក៏មិនមានអ្វីទាស់ខុសដែរ ប៉ុន្តែវាផ្ដល់ប្រាក់កម្រៃបានតិចតួច ជាពិសេសត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងការ ចុះនេសាទទៀតផង។
សម្រាប់លោកប្រធានសហគមន៍បានព្យាយាមរកជំនួយផ្សេងៗទៀតពីក្រសួងបរិស្ថានផ្ទាល់ ក៏ដូចជាអង្គការដែលធ្វើការងារពាក់ព័ន្ធនឹងបរិស្ថានដើម្បីគាំទ្រលើគម្រោងលើកស្ទួយជីវភាពប្រជា ជនក្នុងតំបន់។
សម្រាប់គម្រោងទៅថ្ងៃខាងមុខទៀត លោកចង់កែប្រែតំបន់របស់លោកឱ្យទៅជាតំបន់ទេសចរណ៍ ដែលអនុញ្ញាតឱ្យប្រជាជនក្នុងតំបន់អាចរកចំណូលបានជាប្រចាំពីអ្នកទេសចរ បូកផ្សំជាមួយការងារ សហគមន៍ផង លោកជឿថាពួកគេច្បាស់ជាមានជីវភាពកាន់តែធូរធាបន្ថែមទៀត៕