Close

និស្សិតវិស្វកម្មទឹក និងបរិស្ថាន ៣០ រូប ចុះទស្សនកិច្ចសិក្សារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតពីរកន្លែងក្នុងខេត្តកំពង់ចាម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ សង្គម
និស្សិតវិស្វកម្មទឹក និងបរិស្ថាន ៣០ រូប ចុះទស្សនកិច្ចសិក្សារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតពីរកន្លែងក្នុងខេត្តកំពង់ចាម និស្សិតវិស្វកម្មទឹក និងបរិស្ថាន ៣០ រូប ចុះទស្សនកិច្ចសិក្សារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតពីរកន្លែងក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖  ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រាលី កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)កាលពីដើមខែនេះ  បានរៀបចំដំណើរទស្សនកិច្ចសម្រាប់និស្សិតវិស្វកម្មទឹក និងបរិស្ថាន និងសាស្ត្រាចារ្យមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ៣០រូប ដើម្បីចុះពិនិត្យមើលរោងចក្រប្រព្រឹត្តិកម្មទឹកចំនួនពីរកន្លែងក្នុងខេត្តកំពង់ចាម។

ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា នេះ បានឱ្យដឹងថា  និស្សិត និងសាស្ត្រាចារ្យបានឃើញស្ថានីយ៍បូមទឹកឆៅ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការនៃរោងចក្រប្រព្រឹត្តិកម្មទឹក និងម៉ាស៊ីនបូមទឹក។ ពួកគេទទួលបានការយល់ដឹងកាន់តែច្បាស់អំពីបញ្ហានានាទាក់ទងផ្នែកច្បាប់ បច្ចេកទេស និងហិរញ្ញវត្ថុក្នុងការផ្គត់ផ្គង់ទឹក ក៏ដូចជាសារៈសំខាន់នៃសមភាពយេនឌ័រ ពិការភាព បរិយាបន្នសង្គម និងភាពធន់នឹងបម្រែប្រួលអាកាសធាតុនៅក្នុងវិស័យនេះ។

 

ប្រភពដដែលនេះបន្តថា អូស្ត្រាលី និង កម្មវិធី CAPRED ប្តេជ្ញាបន្តការចូលរួមពីវិស្វករទឹកវ័យក្មេងបន្ថែមទៀត ជាពិសេសនិស្សិតបញ្ចប់ការសិក្សា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអភិវឌ្ឍសេវាទឹកស្អាតនៅកម្ពុជា។

កញ្ញា ប៉ា វិសាសិកា ដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតដែលបានចុះទស្សនកិច្ចបានលើកឡើងថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមដំណើរទស្សនកិច្ចនេះ។ ពីមុនកញ្ញា ដឹងត្រឹមទ្រឹស្តី ប៉ុន្តែឥឡូវនេះខ្ញុំបានឃើញស្ថានីយផ្គត់ផ្គង់ទឹកពិតប្រាកដដែលផ្គត់ផ្គង់ទឹកដល់សហគមន៍។

កញ្ញាថ្លែងបន្តថា  “ដំណើរទស្សនកិច្ចនេះផងដែរ បានជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីដំណើរការប្រព្រឹត្តិកម្មទឹក ទិដ្ឋភាពបច្ចេកទេសនៃហេដ្ឋារចនាសម្ព័ន្ធទឹក ក៏ដូចជាបញ្ហាប្រឈមនានាក្នុងវិស័យនេះ”៕

អត្ថបទទាក់ទង