Close

និតិវិធីស្នើសុំអគ្គិសនីដោយអនុគ្រោះ ដែលកសិករអាចប្រើបានដើម្បីកាត់បន្ថយថ្លៃដើម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ សង្គម
និតិវិធីស្នើសុំអគ្គិសនីដោយអនុគ្រោះ ដែលកសិករអាចប្រើបានដើម្បីកាត់បន្ថយថ្លៃដើម និតិវិធីស្នើសុំអគ្គិសនីដោយអនុគ្រោះ ដែលកសិករអាចប្រើបានដើម្បីកាត់បន្ថយថ្លៃដើម

ដោយសារតែថ្លៃដើមផលិតខ្ពស់ ចង់ឬមិនចង់ទិន្នផលដែលប្រមូលបានគឺត្រូវលក់ក្នុងតម្លៃមួយដែលកសិករអាចទទួលបានប្រាក់ចំណេញ ដូច្នេះដំណោះស្រាយសម្រាប់រឿងនេះគឺ ការកាត់បន្ថយថ្លៃដើមដោយផ្តើមចេញពីការចំណាយទៅលើថាមពលអគ្គិសនី។

ជាគោលនយោបាយឈ្នះៗ ក្រសួងកសិកម្មបានដាក់ឱ្យប្រើប្រាស់នូវភ្លើងអគ្គិសនីដោយឈរលើគោលការណ៍អនុគ្រោះ។ តាមរយៈគោលការណ៍នេះ កសិករអាចចំណេញបានជិតពាក់កណ្ដាលនៃថ្លៃ អគ្គិសនីទូទៅ ពោលគឺពីថ្លៃដើម ៧៣០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង មកនៅត្រឹម ៤៨០រៀលក្នុងមួយ គីឡូវ៉ាត់ម៉ោង។ ប៉ុន្តែជាការចំណេញទាំងភាគីរដ្ឋ និងកសិករ គោលការណ៍នេះត្រូវបានអនុវត្តនៅពេលយប់ប៉ុណ្ណោះ គឺចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹក ជាម៉ោងដែលការប្រើប្រាស់អគ្គិសនីទូទាំងប្រទេសមានការ ថយចុះ។

យ៉ាងណាមិញ កន្លងទៅការអនុវត្តគម្រោងជាក់ស្ដែងស្ថិតក្នុងកម្រិតតិចតួចនៅឡើយ ដោយភាគច្រើននៃកសិករជួបប្រទះនឹងបញ្ហាលើនិតិវិធីស្នើសុំ។ ដើម្បីសម្រួលដល់គោលការណ៍សំខាន់ៗ ព្រមទាំងនិតិវិធី​ដើម្បីស្នើសុំប្រើប្រាស់អគ្គីសនីដោយអនុគ្រោះនេះ ក្រសួងកសិកម្មថ្មីៗនេះបានចេញសេចក្ដីណែនាំមួយ ដែលមានខ្លឹមសារដូចជា៖

សម្រាប់ទីតាំងដែលប្រើប្រាស់ជាសហគមន៍ ត្រូវចាត់បុគ្គលមួយរូបតំណាងសហគមន៍ ហើយបុគ្គលនោះ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី/ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំ​បន់​នោះ(អគ្គិសនីកម្ពុជា/អ្នកផ្គត់ផ្គង់នៅតំបន់នោះ) តាមរយៈអាជ្ញាធរឃុំ/សង្កាត់។

ចំពោះទីតាំងដែលប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល អ្នកស្នើសុំ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់​អគ្គិសនី ស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គង់ឯកជន)

ដោយឡែក ក្នុងករណីទីតាំងស្នើរសុំនោះ ស្ថិតនៅក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជន អ្នកផ្គត់ផ្គង់ឯកជន​ត្រូវ​ស្នើរ​សុំបន្តទៅមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ( ម.អ.ជ) របស់អគ្គិសនីកម្ពុជា ដើម្បីសុំការ​ឯកភាព។

គួរបញ្ជាក់ថា ប្រភេទកសិកម្មដែលអាចមានលទ្ធភាពស្នើសុំប្រើប្រាស់គោលការណ៍អនុគ្រោះនេះ រួមមាន ការដាំដុះ និងចិញ្ចឹមសត្វ៖ កៅស៊ូ ម្រេច ចេក អំពៅ និងស្វាយ ស្រូវ ពោត សណ្តែក ស្ងរ បន្លែនិងផ្លែឈើ ផ្សិត ការចិញ្ចឹមគោ ក្របី ជ្រូក មាន់ និង ទា និងការចិញ្ចឹមសត្វក្នុងទឹកដូចជា ត្រី កង្កែប អន្ទង់ ក្រពើ និងបង្កង។

ការធ្វើសកម្មភាពបម្រើឱ្យសកម្មភាព ដូចជា ៖ បូមទឹក ការសម្ងួត ការបង្កក និងការផលិតជី​កសិកម្មជាដើម។ ជាចុងក្រោយគឺការធ្វើសកម្មភាពកែច្នៃផលិតផលចេញពីសកម្មភាពដូចជា ៖ ម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃជាគ្រឿងកំប៉ុង រោងចក្រច្នៃម្ហូបអាហារ/ភេសជ្ជៈ រោងចក្រផលិតចំណីសត្វ៕

អត្ថបទទាក់ទង