រដ្ឋមន្ត្រីសាធារណការ ៖ ក្រសួងបានសិក្សាយ៉ាងលម្អិចចំពោះគម្រោងព្រែកជីកហ្វូណនតេជោ តម្លៃ១៧០០លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឱ្យដឹងថា ក្រសួងសាធារណការបានសិក្សាយ៉ាងលម្អិតពីគម្រោងស្តារ ព្រែកជីកហ្វូណនតេជោ ដោយប្រើប្រាស់ពេលវេលា ប្រមាណ ២៦ ខែ និងប្រើបច្ចេកវិទ្យាទំនើបដូចជា ដ្រូន និងផ្កាយរណបជាដើម ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់បរិស្ថាន។
នៅក្នុងកិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា
ផ្លូវនាវាថ្មីតាមបណ្តោយព្រែកជីក នេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ហើយផ្លូវនេះជាផ្លូវប្រវត្តិសាស្ត្រ មានវត្តមានតាំងពីសម័យកាលហ្វូណន និងត្រូវបានប្រសិទ្ធិនាមថា ព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ពីអាណាចក្រហ្វូនណន មកសម័យកាលតេជោ ដើម្បីដឹកទំនិញពីទន្លេទៅដល់សមុទ្រខេត្តកែប ។
ឯកឧត្តមបន្ថែមថា ក្រៅពីនេះ ក្រសួងក៏បានសិក្សាលម្អិតមិនឱ្យទឹកប្រៃហូរចូលមកទន្លេសាប និងទឹកសាបហូរចូលទៅក្នុងសមុទ្រវិញផងដែរ តាមរយៈការការសាងសង់ទ្វារទឹករហូតទៅដល់ ៣ ទីតាំងធំៗនៃគម្រោង ។ ជាមួយគ្នានេះ គម្រោងនេះ នឹងជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការដឹកជញ្ជូនទំនិញ និងទេសចរណ៍ពីទន្លេមេគង្គ ទៅកាន់សមុទ្រ។ គម្រោងនេះ ក៏នឹងផ្តល់ផលប្រយោជន៍ច្រើនជូនដល់ប្រជាពលរដ្ឋរស់នៅតាមព្រែក និង ទប់ស្កាត់កុំឱ្យមានទឹកជំនន់ផងដែរ ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ឆ្ពោះទៅកាន់សមុទ្រ ដែលជាផ្លូវទឹកថ្មីរបស់កម្ពុជានេះ ត្រូវបានប្រសិទ្ធិនាមថា “គម្រោងព្រែកជីកហ្វូណនតេជោ” ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ នេះ បើតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣។
គម្រោងនេះ ត្រូវបានធ្វើឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញឱ្យឃើញថា វិស័យដឹកជញ្ជូនតាមផ្លូវទឹក គឺជាវិស័យដ៏មានសារៈសំខាន់ និងមានសក្តានុពលធំធេងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញនិងទេសចរណ៍ចុះកាន់តែទាប កាត់បន្ថយការបំភាយផ្សែងពុលក្នុងបរិស្ថាន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀតនៅកម្ពុជា។
គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕