Close

រដ្ឋមន្ត្រីក្រសួងសាធារណៈការ៖ យើងមិនទាន់បានប្រើប្រាស់ទន្លេរបស់យើងឱ្យអស់សក្កានុពលនៅ ឡើយទេ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ សង្គម
រដ្ឋមន្ត្រីក្រសួងសាធារណៈការ៖ យើងមិនទាន់បានប្រើប្រាស់ទន្លេរបស់យើងឱ្យអស់សក្កានុពលនៅ ឡើយទេ រដ្ឋមន្ត្រីក្រសួងសាធារណៈការ៖ យើងមិនទាន់បានប្រើប្រាស់ទន្លេរបស់យើងឱ្យអស់សក្កានុពលនៅ ឡើយទេ

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះបានលើកឡើងអំពីសក្កានុពល នៃទន្លេក្នុងប្រទេសកម្ពុជាដែលមានច្រើន ក៏ប៉ុន្តែសព្វថ្ងៃមិនទាន់ត្រូវបានប្រើប្រាស់ច្រើននៅឡើយ។

តាមរយៈការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាចាត់ទុកថាជាប្រទេសមានភ័ព្វសំណាង ដែលកកើតឡើងដោយមានធនធានស្រាប់ៗ។ ជាក់ស្ដែងដូចជាប្រភពទឹកសាបដែលកម្ពុជាមានសម្រាប់ប្រើប្រាស់ មិនដែលខ្វះខាត ជាដើម។ ប៉ុន្តែយ៉ាងណា​ ក្រៅពីការប្រើប្រាស់ទឹកសម្រាប់បរិភោគ និងស្រោចស្រពដំណាំទៅ គេក៏អាចប្រើប្រាស់ទឹកសម្រាប់ជាផ្លូវធ្វើដំណើរ និងបម្រើឱ្យការដឹកជញ្ជូនទំនិញផងដែរ ហើយនេះជា​សក្កានុពលមួយដែលមិនទាន់ប្រើប្រាស់អស់។

ឯកឧត្តម ស៊ុន ចាន់ថុល៖ « ការដឹកជញ្ជូនផ្លូវទឹកពិតជាសំខាន់ណាស់ ដោយសារវាកាត់បន្ថយ​ការខូចខាតផ្លូវ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។»

យ៉ាងណាមិញ ដើម្បីឈានទៅទាញយកសក្កានុពលទន្លេសម្រាប់បម្រើឱ្យវិស័យសេដ្ឋកិច្ចជាតិ បច្ចុប្បន្ននេះក្រសួងកំពុងតែពង្រីកកំពង់ផែផ្សេងៗនៅក្នុងក្រុងភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តជាប់ សមុទ្រដើម្បីបង្កើនលទ្ធភាពផ្ទុកនាវាចេញចូល ក៏ដូចជាទំនិញឱ្យបានច្រើនជាងមុន។ ក្នុងនោះមានដូចជា ការពង្រីកកំពង់ផែនៅភ្នំពេញដោយធ្វើទីលានដាក់កុងតឺណឺ (Container) ឱ្យបានធំ ការសាងសង់ផែនៅទន្លេបិទ ការសាងសង់ផែនៅគីឡូលេខ៦ និងត្រៀមសាងសង់​ផែផ្សេងទៀតនៅតាមទន្លេ ដើម្បី​ប្រមូលកសិផល ផលិតផលឱ្យដឹកជញ្ជូនតាមផ្លូវទឹក។ ជាគម្រោង ធំមួយទៀតនោះគឺការតភ្ជាប់រវាងការដឹកជញ្ជូនផ្លូវទឹកសាប ទៅកាន់សមុទ្រតែម្ដង។

ដោយឡែក កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាគោលដៅធំមួយក្នុងការទាក់ទាញកប៉ាល់ធំៗ សម្រាប់ចូលចុះចត។

ពាក់ព័ន្ធនឹងកំពង់ផែមួយនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ « កាលពីថ្ងៃទី ១ខែឧសភាកន្លងទៅ សម្ដេចតេជោបានអញ្ជើញទៅបើកការដ្ឋានទី១គឺ ផ្ទេរពីផែរាយ ឱ្យក្លាយទៅជា​ផែកុងតឺណឺ ដែលមានបណ្ដោយ ២៥៣មែត្រ ទី២បើកការដ្ឋានសាងសង់ផែទឹកជ្រៅ មួយទៀត ជាជំហានទី១ដែលមានទឹកជ្រៅ ១៤មែត្រកន្លះ»។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ការមានកំពង់ផែទឹកជ្រៅគឺជារឿងចំណេញដល់សេដ្ឋកិិច្ច ដោយ ការដឹកទំនិញនឹងប្រព្រឹត្តិទៅត្រង់ទៅ ត្រង់មក ពោលគឺមិនចាំបាច់ត្រូវផ្ទេរទំនិញនៅតាមកំពង់ផែ ទឹកជ្រៅរបស់ប្រទេសផ្សេងៗដូចជា សិង្ហបុរី វៀតណាម ហុងកុងជាដើម។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ នាវាដែលធ្វើដំណើរតាមតំបន់អាស៊ីប៉ាស៊ីហ្វីក អាចធ្វើដំណើរចុះចតក្នុងកំពង់ផែយើងបាន ត្រឹមតែ ១៨%ប៉ុណ្ណោះ។ម្យ៉ាងទៀត ប្រសិនបើថ្លៃដឹកជញ្ជូនមានតម្លៃថោក ដូច្នេះទំនិញដែលលក់ចេញក៏នឹងត្រូវលក់ក្នុងតម្លៃ សមរម្យដូចគ្នា ហើយនេះជាក៏ជាឱកាសដ៏ល្អក្នុងការនាំចេញទំនិញក្នុងស្រុកទៅក្រៅប្រទេសផង​ដែរ។

ក្រៅតែពីកំពង់ផែទឹកជ្រៅនេះទៅ កម្ពុជាក៏មានគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានលទ្ធភាព​តភ្ជាប់ផ្លូវទឹកសាប ទៅផ្លូវសមុទ្រ ពោលគឺពីភ្នំពេញទៅដល់ខេត្តកែប។ គម្រោងនេះដែរ ត្រូវបានរាជរដ្ឋាភិបាលបានអនុម័តក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗកន្លងទៅនេះរួចរាល់ ដោយគ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ ១,៧ ពាន់លានដុល្លារអាមេរិក។

តាមរយៈគម្រោងទាំងអស់នេះ ឯកឧត្តមរំពឹងថាកម្ពុជានឹងកាន់តែចំណេញសេដ្ឋកិច្ចកាន់តែច្រើន តាមរយៈការប្រើប្រាស់ឱ្យអស់នូវសក្កានុពលទន្លេ៕

អត្ថបទទាក់ទង