Close

លោក អេ ភូថង បញ្ជាក់ពីមូលហេតុដែល ធឿន ធារ៉ា មិនមានរូបនៅក្លិបថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ កីឡា
លោក អេ ភូថង បញ្ជាក់ពីមូលហេតុដែល ធឿន ធារ៉ា មិនមានរូបនៅក្លិបថ្មី លោក អេ ភូថង បញ្ជាក់ពីមូលហេតុដែល ធឿន ធារ៉ា មិនមានរូបនៅក្លិបថ្មី

កាលពីរសៀលថ្ងៃទី១១ ខែកក្កដាម្សិលមិញនេះ លោកគ្រូ អេភូថង ម្ចាស់ក្លិបប្រដាល់គុនខ្មែរ ដែលទើបប្តូរឈ្មោះថ្មីទៅជា «ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប» បានបង្ហោះសានៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ពីវត្តមានរបស់អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ដែលបានបាត់មុខមិនឃើញមុខនៅក្លិបថ្មី ដល់មហាជន ជាពិសេសអ្នកស្នេហាវិស័យកីឡាគុនខ្មែរ ដែលសង្ស័យថា កីឡាករពូកែលេងកែងរូបនេះ ចាកចេញពីលោកគ្រូអេ ហើយទៅចូលរួមជាមួយក្លិបផ្សេង។

ជុំវិញមន្ទិលសង្ស័យនេះ លោកគ្រូ អេភូថង បានចេញមុខមកបញ្ជាក់យ៉ាងដូច្នេះថា៖ «ឃើញបងប្អូនជាច្រើនឆ្ងល់រឿង ធឿន ធារ៉ា ហេតុអីមិនឃើញរូបនៅក្លិបថ្មី រឺធារ៉ា នៅក្លិបផ្សេង? ឥលូវខ្ញុំសូមប្រាប់បងប្អូនឲ្យដឹងថា៖ ទី១. ធឿន ធារ៉ា គាត់នៅក្លិបខ្ញុំដដែលទេ គាត់មិនបានចេញទៅណាទេ។ ទី២. មិនមានរូបក្នុងក្លិបថ្មីដោយសារគាត់ជាប់កុងត្រាជាមួយប៉ុស្តិ៍ ថោន មិនទាន់ផុតកុងត្រា ហើយមួយទៀតសប្ដាហ៍នេះ បងប្អូន នឹងបានឃើញគាត់ឡើងសង្វៀនវិញហើយ»។

គួររម្លឹកថា កាលពេលថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចយកក្លិបប្រដាល់គុនខ្មែររបស់លោកគ្រូ អេ ភូថង ដែលកំពុងលំបាកខ្វះខាត មកជ្រកក្រោមទ្រនំក្រុមហ៊ុន Galaxy Navatra ដោយប្តូរឈ្មោះថ្មីទៅជា «ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប»។

សូមបញ្ជាក់ថា អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានស្ងាត់មួយរយ:ក្រោយមានពាក្យចចាមរាមថា រូបគេចុះកុងត្រាជាមួយក្លិបប្រដាល់ផ្សេង ដោយចាកចេញពីលោកគ្រូអេពូថង ដែលខំបណ្ដុះបណ្ដាលជាច្រើនឆ្នាំ។ យ៉ាងណា សមីខ្លួនបានចេញមុខបញ្ជាក់ហើយថា រូបគេមិនទៅណាចោលលោកគ្រូអេពូថងឡើយ ខណៈកាលពីពេលថ្មីនេះ កីឡាករដែលមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ បានត្រឡប់មកហ្វឹកហាត់ជាមួយក្លិបលោកគ្រូអេវិញហើយ៕

អត្ថបទទាក់ទង