Close

សិប្បកម្មកែច្នៃមួយកន្លែង ជួយស្ត្រីក្នុងសហគមន៍ឱ្យមានការងារធ្វើ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ សង្គម
សិប្បកម្មកែច្នៃមួយកន្លែង ជួយស្ត្រីក្នុងសហគមន៍ឱ្យមានការងារធ្វើ សិប្បកម្មកែច្នៃមួយកន្លែង ជួយស្ត្រីក្នុងសហគមន៍ឱ្យមានការងារធ្វើ

នៅតាមសហគមន៍ ស្ត្រីច្រើនតែមានតួនាទីជាមេផ្ទះ នៅថែទាំមើលកូនចៅដោយមិនមានពេលវេលា រកចំណូលចូលក្នុងគ្រួសារ និយាយជារួមគឺពឹងផ្អែកសំខាន់លើស្វាមីដែលជាមេគ្រួសារតែម្ដង។ មែនទែនទៅ ការពឹងផ្អែកលើមេគ្រួសារនេះក៏មិនមែនជារឿងអាក្រក់អ្វីដែរ ប៉ុន្តែវាក៏ជាដើមចមមួយ ចំនួនដែលនាំឱ្យមានការទាស់ទែងខ្វែងគំនិតគ្នាក្នុងគ្រួសារ។

នៅពេលប្រភពចំណូលមានតែមួយ ការចាយវាយគឺច្បាស់ថាត្រូវចាយដោយសន្សំសំចៃ​ ហើយអាចនឹងប៉ះពាល់ដល់សិទ្ធសេរីភាពរបស់ស្ត្រីជាភរិយា។ ប៉ុន្តែប្រសិនបើស្រ្តីមានចំណូលដោយ ខ្លួនឯង ស្ត្រីអាចទទួលបានភាពឯករាជ្យរបស់ខ្លួន ហើយក៏ជួយសម្រួលបន្ទុកគ្រួសារបានមួយចំណែក ផង។

ទាំងនេះហើយជាមូលហេតុដែលសិប្បកម្មស្ត្រីកែច្នៃបឹងរំពេរបានកកើតឡើង។ សិប្បកម្មនេះស្ថិតនៅ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ២០១៤ មកម្លេះ។
បង្កើតឡើងជិត១០ឆ្នាំមកនេះ សិប្បកម្មកែច្នៃត្រីក៏បានប្រែក្លាយទៅជាសហគមន៍កសិកម្មមួយ ដែលរួមចំណែកជួយប្រជាជនក្នុងសហគមន៍កាន់តែច្រើន។

លោក ទុន យីម ដែលជាប្រធានក្រុមសិប្បកម្មស្ត្រីកែច្នៃបឹងរំពេរបានឱ្យដឹងថា សិប្បកម្មកែច្នៃត្រី ជាផ្នែកសំខាន់មួយនៃសហគមន៍កសិកម្ម ដែលបច្ចុប្បន្នមានសមាជិកចំនួន ៥០នាក់ ដែលភាគ ច្រើនជាងស្ត្រី។

លោក ទុន យីម៖ «សព្វថ្ងៃយើងផ្ដោតលើការកែច្នៃត្រី ពួកគាត់ជាក្រុមកែច្នៃ អីចឹងយើងផ្ដោត​លើការកែច្នៃត្រី…យើងចែកជា២ ប្រភពនៃការផ្គត់ផ្គង់ទី១គឺត្រីមកពីធម្មជាតិ បានពីទន្លេមក ទី២គឺប្រភពត្រីចិញ្ចឹមដែលទិញពី សហគមន៍យើង។»

លោកបន្តឱ្យដឹងថា រហូតមកដល់ពេលនេះ សហគមន៍មិនទាន់មានអ្នកចិញ្ចឹមត្រីនៅក្នុងតំបន់នៅ ឡើយទេ ម្លោះហើយទើបសិប្បកម្មត្រូវទិញត្រីពីកន្លែងចិញ្ចឹមត្រីពីទីរួមខេត្តកំពង់ធំមកតែម្ដង។

ចំណែកឯទីផ្សារវិញ លោកថាមិនទាន់ជាមានភាពស្ថិតស្ថេរនៅឡើយទេ ដោយសិប្បកម្មមួយនេះ មិនទាន់ចុះក្នុងបញ្ជីអាជីវកម្មនៅឡើយ។ បើទោះជាយ៉ាងនេះក្ដី ក្នុងមួយខែសិប្បកម្មលោក អាចលក់ត្រីជាមធ្យម ១៥០គីឡូចេញទៅកាន់ទីផ្សារនានា។

យ៉ាងណាមិញ សិប្បកម្មកំពុងទទួលបានការគាំទ្រពីរដ្ឋាភិបាល តាមរយៈរដ្ឋបាលជលផលខេត្ត ក៏ដូចជាក្រសួងកសិកម្ម ដែលជំរុញឱ្យលោកដាក់ក្ដីរំពឹងថានឹងបានចុះក្នុងបញ្ជីអាជីវកម្មឆាប់ៗ ខាងមុខ។

លោកបន្តឱ្យដឹងថា៖ «បើយើងបានចុះបញ្ជីហើយ ខ្ញុំគិតថាការលក់នឹងកាន់តែដាច់ជាងមុន ព្រោះគុណភាពអីយើងពង្រឹងមកច្រើនឆ្នាំហើយ ល្មមនឹងអាចលក់តាមផ្សារទំនើប និងផ្សារម៉ាត បាន។»

សហគមន៍យើងអត់ទាន់មានអ្នកចិញ្ចឹមទេ ពួកគាត់អត់ទាន់មានលទ្ធភាពក្នុងការ ចិញ្ចឹម ដូច្នេះយើងទិញពីក្នុងខេត្តមក តែមានគម្រោងរបស់រដ្ឋាភិបាលដូចជាគម្រោងត្រីរបស់រដ្ឋបាល ជលផលខេត្ត។

គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានចុះទៅធ្វើទស្សនៈកិច្ច នៅសិប្បកម្មខាងលើ ដើម្បីពិនិត្យមើលដំណើរការផលិត និងកែច្នៃ ក៏ដូចជាផ្ដល់យោបល់ទៅកាន់ ប្រធានសហគមន៍ដើម្បីបង្កើនស្តង់ដារជាដើម។

ក្នុងពេលនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទទួលសំណូមពរពីខាងសហគមន៍ផងដែរ ពាក់ព័ន្ធនឹងការ​ចុះបញ្ជីម៉ាកសញ្ញាសម្គាល់ផលិតផល ដើម្បីជំរុញទីផ្សារឱ្យកាន់តែទូលាយ។

ដោយឡែក ត្រីដែលកែច្នៃនៅក្នុងសិប្បកម្មនេះ ជាត្រីដែលបានប្រមូលទិញចេញពីប្រជាសហគមន៍ បច្ចុប្បន្ន ក្រុមសិប្បកម្មស្ត្រីកែច្នៃត្រីបឹងរំពេរមានផលិតផលជាច្រើនដូចជា ប្រហិតត្រីស្លាតចំហុយ ប្រហិតត្រីស្លាតស្រស់ ត្រីឆ្អើរ​ (ត្រីចង្វាមូល ត្រីតាអោន ត្រីស្លឹកឬស្សី ត្រីរ៉ស់ ត្រីអណ្ដែង) ត្រីងៀត ផ្អកត្រី និងប្រហុកសាច់ត្រីកំភ្លាញជាដើម។ ដែលផលិតផលទាំងនេះ សុទ្ធតែចេញពីការសម្រិត​សម្រាំងយ៉ាងយកចិត្តទុកដាក់ ជាពិសេសនោះគឺការធានាអនាម័យ។

គួរបញ្ជាក់ថា សិល្បកម្មកែច្នៃត្រីបឹងរំពេរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការសម្រប​សម្រួល​ពីកម្មវិធី ផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) ដោយមានការគាំទ្រជាបន្តបន្ទាប់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូ​អភិវឌ្ឍ៕

អត្ថបទទាក់ទង