Messi ថៃ ឆ្លើយយ៉ាងខ្លី បន្ទាប់ពីត្រូវបានគេសួរអំពីលទ្ធភាពក្នុងការវិលទៅកាន់បាល់ទាត់ J.League ម្ដងទៀត
តារាឆ្នើមថៃ កីឡាករ Chanathip Songkrasin ដែលអ្នកគាំទ្រថៃ ហៅថា Messi J របស់ក្លឹប BG Pathum United បានចេញមកឆ្លើយសំណួររបស់សារព័ត៌មាន។ បន្ទាប់ពីត្រូវបានគេសួរអំពីលទ្ធភាពក្នុងការវិលទៅកាន់បាល់ទាត់ J.League ម្ដងទៀត។
បន្ទាប់ពី Chanathip Songkrasin បានសម្រេចចិត្តចាកចេញពី Kawasaki Frontale ដែលជាសមាជិកលីគកំពូលជប៉ុន J-League ។ ពេលនេះ រូបគេបានចូលរួមជាមួយ BG Pathum United ដើម្បីស្វែងរកភាពជោគជ័យក្នុងក្របខ័ណ្ឌ Thai League រដូវកាល 2023/24 ។
បន្ទាប់ពីត្រលប់មកកាន់ប្រទេសថៃវិញ រូបគេបានចេញមកឆ្លើយសំណួរអ្នកសារព័ត៌មានអំពីលទ្ធភាពវិលមកលេងបាល់ទាត់ក្នុងលីគកំពូលក្នុងប្រទេសជប៉ុនម្ដងទៀត។
តារាឆ្នើមថៃ រហស្សនាម Messi J បាននិយាយថា៖«ពេលខ្ញុំចាកចេញពី Kawasaki Frontale មានហេតុផលចង់ត្រលប់ទៅលេងនៅប្រទេសថៃវិញ។BG Pathum United ទិញខ្ញុំក្នុងតម្លៃខ្ពស់ណាស់ ដូច្នេះឥឡូវខ្ញុំផ្តោតលើក្រុម ជាជាងការត្រលប់ទៅ J-League ដែលហាក់ដូចជាមិនយុត្តិធម៌ សម្រាប់ BG Pathum United ហើយខ្ញុំចង់ធ្វើឱ្យអស់ពីសមត្ថភាពជាមួយ BG Pathum United ដើម្បីទទួលបានជោគជ័យ»។
គួររម្លឹកថា Chanathip Songkrasin បានផ្ទេរពី Muang Thong United មកចូលរួមជាមួយ Consadole Sapporo របស់ជប៉ុនជាមួយនឹងកិច្ចសន្យាខ្ចីជើងរយៈពេល ៦ខែនៅពាក់កណ្តាលឆ្នាំ ២០១៧ មុនពេលសម្រេចចិត្តទិញផ្តាច់មុខ ហើយបានស្នាក់នៅជួយក្រុមបាន ៤រដូវកាលកន្លះ បន្ទាប់មកបានផ្លាស់ទៅចូលរួមជាមួយ Kawasaki Frontale រយៈពេល១រដូវកាលកន្លះ មុនពេលត្រលប់មកប្រទេសថៃវិញ៕