Close

ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិចូលមកកម្ពុជាជាង២លាននាក់ ខណៈចំនួននេះទំនងជាត្រូវតាម​ការគ្រោងទុក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិចូលមកកម្ពុជាជាង២លាននាក់ ខណៈចំនួននេះទំនងជាត្រូវតាម​ការគ្រោងទុក ឆមាសទី១ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិចូលមកកម្ពុជាជាង២លាននាក់ ខណៈចំនួននេះទំនងជាត្រូវតាម​ការគ្រោងទុក

(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ដែលរាប់ចាប់ពីខែមករា ដល់ ខែមិថុនានេះ​កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀវទេសចរ​សរុបចំនួន១១.១លាននាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

ដោយឡែក ចំនួនភ្ញៀវទេសចរដែលក្រសួងប្រមូលបាននៅពាក់កណ្ដាលឆ្នាំ ២០២៣នេះ ហាក់បានឆ្លើយតបទៅ ទៅតាមការរំពឹងទុករបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាល​ពីពេលកន្លងទៅ។

បើតាមប្រភពដដែលបានឱ្យដឹងថា ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់នេះ កើនឡើងដល់ ៤០៩% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ក្នុងនោះផងដែរ អ្នកទេសចរតាមផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ មានការកើនឡើងចំនួន ២៧៩% អ្នកទេសចរផ្លូវគោកមានចំនួន ១.៦៣លាននាក់ មានការកើនឡើងចំនួន ៥២៦% និងអ្នកទេសចរតាមផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ មានការកើនឡើងចំនួន ៥៨៦%។

យ៉ាងណាមិញ ភ្ញៀវទេសចរបរទេសទាំងជាង២លាននាក់នោះជាអ្នកដំណើរចេញពីប្រទេសដូចជា៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។

ក្នុងនោះដែរ ជើងហោះហើរអន្តរជាតិដែលចូលមកកម្ពុជាសរុបចំនួន ១០,៦៣៥ជើង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។

បើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន ដែលផ្អែកលើការព្យាករណ៍ចុងក្រោយ នៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ ២០២២។ ការរំពឹងទុកនេះកើនឡើងបន្តិចបន្តួចពីការរំពឹងទុកកន្លងទៅ ដែលថាពេញ មួយឆ្នាំ ២០២៣ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៥លាននាក់៕


អត្ថបទទាក់ទង