Close

ភាគីពាក់ព័ន្ធរួមគ្នាជំរុញឱ្យមានភាពរីកចម្រើនសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ភាគីពាក់ព័ន្ធរួមគ្នាជំរុញឱ្យមានភាពរីកចម្រើនសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ភាគីពាក់ព័ន្ធរួមគ្នាជំរុញឱ្យមានភាពរីកចម្រើនសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ អង្គការអុកស្វាម និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការរៀបចំ “វេទិកាធុរកិច្ចប្រកបដោយនិរន្តរភាព”   ក្រោមប្រធានបទ “រួមគ្នាដើម្បីភាពរីកចម្រើនរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា” ដើម្បីលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ  បរិយាប័ន្ន និងនិរន្តរភាពនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងពីរខាងលើនេះបញ្ជាក់ ក្រោយបញ្ចប់វេទិកានៅថ្ងៃទី ៦ ខែកក្កដា ថា  អង្គការអុកស្វាម និង YEAC មើលឃើញ ពីទំនាក់ទំនងផ្ទាល់នៃកិច្ចគាំទ្ររបស់ខ្លួន ទៅលើការធ្វើធុរកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកលើកកម្ពស់ទំនួលខុសត្រូវផ្នែកបរិស្ថាន សង្គម និងកំណើនសេដ្ឋកិច្ច។ ការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាព គឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ សម្រាប់ទាំងសហគ្រាសធុនតូច និងមធ្យម និងសង្គមទាំងមូល។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា  សហគ្រាសធុនតូច និងមធ្យម អាចកាត់បន្ថយចំណាយថ្លៃដើម បង្កើនប្រសិទ្ធភាពអាជីវកម្ម ក៏ដូចជាកិត្តិនាមអាជីវកម្មខ្លួន តាមរយៈការកំណត់ទិដ្ឋភាព និរន្តរភាពជាអាទិភាពគន្លឹះ។ ក្នុងពេលទន្ទឹមគ្នា ការអនុវត្តប្រកបដោយនិរន្តរភាពទាំងនេះបានរួមចំណែកដល់ សុខុមាលភាពសង្គមជារួម តាមរយៈការកាត់បន្ថយការបញ្ចេញកាបូន កាកសំណល់ និងជាតិពុល និងជួយអភិរក្សធនធានធម្មជាតិ។ ការអនុវត្តធុរកិច្ចប្រកបដោយនិរន្តរភាព ផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គម ដោយបានឆ្លើយតបទៅនឹងបញ្ហាការប្រែប្រួលអាកាសធាតុ វិសមភាព និងភាពក្រីក្រ ។

ប្រភពដដែលនេះបន្ថែមថា  តាមរយៈកម្មវិធីសេដ្ឋកិច្ចបៃតង និងបរិយាប័ន្ន អង្គការអុកស្វាមធ្វើការជាមួយតួអង្គពីវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គំរូធុរកិច្ចប្រកបដោយបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងបង្កើតបរិយាកាសអំណោយផលដល់អាជីវកម្ម ជាពិសេសផលិតករខ្នាតតូច ដើម្បីអោយពួកគេមានភាពធន់ទ្រាំ ទប់ទល់នឹងបញ្ហាការប្រែប្រួលអាកាសធាតុបានកាន់តែប្រសើរ។ កិច្ចគាំទ្រទាំងនេះ មានច្រើនរូបភាព ដូចជាជំនួយ បច្ចេកទេសផ្នែកអាជីវកម្ម ហិរញ្ញប្បទាន ទីផ្សារ និងបច្ចេកវិទ្យាជាដើម។ អង្គការអុកស្វាម ព្យាយាមដាក់បញ្ចូលក្រុមផលិតករខ្នាតតូច និងស្ត្រីនៅក្នុងខ្សែច្រវ៉ាក់តម្លៃតាមរយៈការបំពាក់បំប៉នទាំងជំនាញទន់ និងរឹង ដែលជួយឱ្យពួកគេមានចំណេះដឹង និងជំនាញដើម្បីចិញ្ចឹមជីវិតប្រកបដោយភាពសម្បូរបែប។

ជុំវិញបញ្ហានេះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “ការទទួលយកការអនុវត្តធុរកិច្ច ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន មិនត្រឹមតែផ្តល់ភាពជាសារវ័ន្តដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប៉ុណ្ណោះទេ តែវាដើរតួនាទីកាន់តែសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយនៃវិស័យឯកជន ពិតជាមានតួនាទីសំខាន់ណាស់ក្នុងផ្នែកនេះ ប៉ុន្តែដើម្បីពង្រីក និងអនុវត្តកិច្ចការទាំងនេះបាន ពួកគេចាំបាច់ត្រូវការកិច្ចគាំទ្រជាប្រាកដ ដើម្បីអាច ដំណើរការទៅបានប្រកបដោយទំនួលខុសត្រូវ បរិយាប័ន្ន និងធានាបាននូវនិរន្តភាព។

លោកស្រីបន្ថែមថា អង្គការអុកស្វាម មានជំនឿយ៉ាងមុតម៉ាំថា តាមរយៈកិច្ចសហការរវាងភាពជាដៃគូ រវាងរដ្ឋ-ឯកជន ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល  ពិតជាអាចរួមចំណែកពង្រឹង និងទាញយកប្រយោជន៍ពីធនធានដែលត្រូវការចាំបាច់ដើម្បីភាពរុងរឿង និងសមភាពទាំងសម្រាប់កម្ពុជា និងតំបន់អាស៊ានទាំងមូល។ “។

លោកស្រីបញ្ចាក់ទៀតថា  ស្ថិតក្រោមអាណត្តិរបស់ខ្លួន YEAC មានតួនាទីផ្តល់ភាពអង់អាចដល់សហគ្រិនវ័យក្មេង និងបង្កើនភាពជាសហគ្រិន និងភាពជោគជ័យ តាមរយៈការបង្កើតជាបណ្តាញទំនាក់ទំនង ចែករំលែក រៀនសូត្រ និងឱកាសអាជីវកម្មរួមគ្នា ដែលនឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងការងារប្រកបដោយផលិតភាព។ ធុរកិច្ចប្រកបដោយបរិយាប័ន្នគឺជារបៀបវារៈចម្បងមួយរបស់ YEAC ហេតុនេះ ប្រតិបត្តិការ និងជំនួយបច្ចេកទេសរបស់គេ បន្តផ្តោតលើ ការលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយបរិយាប័ន្នក្នុងចំណោមសមាជិក។ YEAC បានរួមចំណែកកសាងសមត្ថភាពរបស់ សហគ្រាសធុនតូច និងមធ្យមតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការអភិវឌ្ឍន៍ជំនាញ កម្មវិធីពន្លឿន តម្រូវការស្តង់ដារ និងភាពអនុលោមដើម្បីបង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មខ្លួន។ កម្មវិធីពានរង្វាន់សហគ្រិន វ័យក្មេងជោគជ័យ ត្រូវបានដាក់ឱ្យដំណើរការដើម្បីលើកទឹកចិត្តឱ្យ សហគ្រិនទាំងនោះ ប្រឹងប្រែងដើម្បីសម្រេចបាននូវការធ្វើធុរកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានប្រសាសន៍ថា “ថ្មីៗនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ក្នុងការពង្រឹងសមត្ថភាពធុរកិច្ចជាពិសេសការកសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់ត្រៀមលក្ខណៈជាស្រេចក្នុងការប្រគួតប្រជែងជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាននិងឆាកអន្តរជាតិជាច្រើន និងចាប់យកឱកាសផ្សេងៗ សម្រាប់អភវឌ្ឍនអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចការទទួលបាននូវការត្រៀមខ្លួនសម្រាប់ធ្វើជាដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងនិងក្រៅប្រទេស។

អត្ថបទទាក់ទង