រដ្ឋាភិបាលក្រុងមូស្គូ ៖ អាវុធដែលបារាំងបញ្ជូនឲ្យក្រុងគៀវ កំពុងប្រើប្រាស់ដោយក្រុមបាតុករក្នុងប្រទេស
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រីំ Maria Zakharova កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថា អាវុធរបស់បារាំងដែលដើមឡើយបានផ្គត់ផ្គង់ទៅឲ្យយោធាអ៊ុយក្រែននោះបែរជាកំពុងត្រូវបានប្រើប្រាស់ដោយក្រុមបាតុករដែលកំពុងប៉ះទង្គិចជាមួយនឹងប៉ូលីសបារាំងទៅវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោកស្រី Zakharova បានបញ្ជាក់ទៀតថា៖ ការខិតខំគាំទ្រអស់រយៈពេលជាច្រើនឆ្នាំរបស់បណ្តាប្រទេសនៅលោកខាងលិចចំពោះអ្នកជាតិនិយមអ៊ុយក្រែនជ្រុលនិយមឥឡូវនេះវាបែរជាកំពុងពង្រឹងកម្លាំងដែលមានគំនិតដូចគ្នានៅលើទឹកដីរបស់ពួកគេទៅវិញ។
លោកស្រីបានពន្យល់ទៀតថា ៖ អាវុធដែលបានផ្តល់ទៅឲ្យយោធាអ៊ុយក្រែនបានបញ្ជប់ទៅនៅក្នុងដៃរបស់បាតុករដែលកំពុងប្រឆាំងប៉ូលីសបារាំង។ សព្វាវុធទាំងនោះបែរជាត្រឡប់មកប្រើប្រាស់ និងបំផ្លាញជីវិតរបស់ពលរដ្ឋរបស់ពួកគេទៅវិញនោះទេ។
កន្លងមករដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានព្រមានជាច្រើនដងហើយថាការផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឲ្យអ៊ុយក្រែននោះនឹងប្រឈមមុខទៅនឹងការធ្លាក់ចូលទៅក្នុងទីផ្សារងងឹត និងទៅដល់ដៃក្រុមឧក្រិដ្ឋកម្មអន្តរជាតិតាមតំបន់ព្រំដែនទៅវិញ។ នេះបើយោងតាមការអះអាងបន្ថែមដោយលោកស្រី Zakharova។
បារាំងក៏នឹងអាចរងការវាយប្រហារធ្ងន់ធ្ងរជាងនេះផងដែរដោយក្រុមជាតិនិយមក្នុងប្រទេសនៅក្រោយពេលដែលរដ្ឋាភិបាលក្រុងប៉ារីសបានប្រកាសអំពីផែនការក្នុងការហ្វឹកហាត់យុទ្ធសាស្ត្រវាយប្រហារក្នុងសមរភូមិដល់ក្រុមយោធាអ៊ុយក្រែនប្រមាណជា៤០០០នាក់នៅក្នុងឆ្នាំនេះ។
គួរឲ្យដឹងដែរថា អំពើហឹង្សាតាមដងផ្លូវយ៉ាងច្រើនក្នុងប្រទេសបារាំងត្រូវបានបង្កឡើងដោយការបាញ់ប្រហាររបស់ប៉ូលីសលើយុវជនអាយុ១៧ឆ្នាំម្នាក់មានដើមកំណើតអាល់ហ្សេរី និងម៉ារ៉ុក។
រដ្ឋាភិបាលទីក្រុងមូស្គូភ្លាមៗក៏បានប្រកាសថ្កោលទោសទាំងអំពើឃោរឃៅរបស់ប៉ូលីស ដែលខ្លួនជឿថាជាការចាប់ផ្តើមនៃអំពើហិង្សា និងការឃុបឃិតដែលបង្កឡើងដោយក្រុមបាតុករដែលកំពុងអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃនេះមកផងដែរ៕