ប្រធានក្លិប PSG ៖ ប្រសិនបើ Mbappe មិនចង់ចុះកុងត្រាថ្មីទេ ទ្វារបានត្រៀមបើកសម្រាប់គាត់ គ្មានអ្នកណាធំជាងក្លឹបនោះទេ
ប្រធានក្លិប Paris Saint-Germain (PSG ) បានទុកពេលឲ្យយ៉ាងយូរពីរសប្ដាហ៍សម្រាប់ Kylian Mbappe ក្នុងការសម្រេចចិត្តថា ត្រូវបន្តស្នាក់នៅ ឬក៏ចាកចេញ បន្ទាប់ពីមានភាពជម្រូងចម្រាស់រវាងកីឡាករ និងក្លឹប។
នៅព្រឹកថ្ងៃទី ៦ ខែកក្កដានេះ លោក Nasser Al Khelaifi ប្រធានក្លឹប Paris Saint-Germain ដែលជាក្លឹបយក្សរបស់បារាំង Ligue 1 បានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុងពេលនៃការបង្ហាញជាផ្លូវការ លោក Luis Enrique ដែលមកជំនួសតំណែងលោក Christophe Galtier ដែលបានបណ្តេញចេញ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ ២០២៥។
លោក Nasser Al Khelaifi ឆ្លើយសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីខ្សែប្រយុទ្ធបារាំង Kylian Mbappe ដែលពីមុនបានប្រកាសជំហរច្បាស់លាស់ថា គាត់នឹងមិនប្រើជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំទៀត នោះទេ។ទោះយ៉ាងណាក៏ដោយ មេធំ PSG រូបនេះ បានផ្តល់ឱសានវាទដល់ Kylian Mbappe ជាមួយនឹងពេលវេលាកំណត់ក្នុងការសម្រេចចិត្តថា តើត្រូវបន្តស្នាក់នៅ ឬចាកចេញពីក្រុមនៅរដូវក្តៅនេះ។ លោក បាននិយាយថា៖« គាត់ត្រូវតែធ្វើការសម្រេចចិត្តនៅសប្តាហ៍ក្រោយ ឬពីរសប្តាហ៍ទៀត នោះគឺជាថ្ងៃកំណត់ និងជាឱកាសចុងក្រោយរបស់គាត់ ក្នុងការសម្រេចចិត្ត»។
ប្រធានក្លិបរូបនេះ បានបន្តថា៖« ប្រសិនបើគាត់មិនចង់ចុះកុងត្រាថ្មីទេ ទ្វារបានត្រៀមបើកសម្រាប់គាត់។ គ្មានអ្នកណាធំជាងក្លឹបនោះទេ មិនថាកីឡាករណា និងសូម្បីតែខ្លួនខ្ញុំផ្ទាល់ ពួកយើងមានកិច្ចព្រមព្រៀងពាក្យសំដីជាមួយ Kylian Mbappe ដូចដែលគាត់បានបង្ហាញជំហររបស់គាត់។ ច្បាស់ហើយ នោះហើយជាមូលហេតុដែលខ្ញុំភ្ញាក់ផ្អើល និងខកចិត្ត»។
លោកបានបន្តទៀតថា៖«ប៉ុន្តែជំហររបស់យើងក៏ច្បាស់ដែរ ប្រសិនបើ Kylian Mbappe ចង់បន្ត យើងចង់ឱ្យគាត់ស្នាក់នៅ។ ប៉ុន្តែគាត់ត្រូវតែចុះកិច្ចសន្យាថ្មី ព្រោះយើងមិនអាចអនុញ្ញាតឱ្យកីឡាករល្អបំផុតក្នុងពិភពលោក ចាកចេញដោយឥតគិតថ្លៃនោះទេ វាមិនអាចទៅរួចទេ»៕