Close

អគ្គលេខាធិកាអង្គការណាតូសម្រេចបន្តអាណិត្តថ្មីដល់ឆ្នាំ២០២៤

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អគ្គលេខាធិកាអង្គការណាតូសម្រេចបន្តអាណិត្តថ្មីដល់ឆ្នាំ២០២៤ អគ្គលេខាធិកាអង្គការណាតូសម្រេចបន្តអាណិត្តថ្មីដល់ឆ្នាំ២០២៤

បរទេស ៖ អគ្គលេខាធិកាអង្គការណាតូដែលជាអង្គភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg កាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងហើយថា លោកនឹងបន្តតំណែងរបស់លោកនៅអាណត្តិថ្មី ខណៈដែលចុងបញ្ចប់នៃការងាររបស់គាត់នឹងឈានចូលមកដល់ទីបញ្ចប់នៅខែកញ្ញាខាងមុខ។

មុននេះបន្តិចមានការចេញផ្សាយនៅតាមបណ្តាញសារព័ត៌មានជាច្រើនបានអះអាងថា សមាជិករបស់អង្គការណាតូជាច្រើននៅតែបន្តបេក្ខភាពដឹកនាំដោយបុរសជនជាតិន័រវេសវ័យ៦៤ឆ្នាំរូបនេះ ជាពិសេសនៅពេលដែលសមាជិកទាំងអស់ហាក់ដូចជាមិនអាចស្វែងរកមនុស្សដែលមានសក្តានុពលដែលអាចជំនួសតំណែងរបស់លោកបាននៅឡើយ។

បញ្ជាក់នៅលើបណ្តាញសង្គម Twitter លោក Stoltenberg បានសរសេរថា ៖ វាគឺជាកិត្តិយសបំផុតសម្រាប់ខ្ញុំដែលត្រូវបានសម្ព័ន្ធមិត្តអង្គការណាតូទាំងអស់បន្តការគាំទ្រនិងផ្តល់ទំនុកចិត្តឲ្យខ្ញុំបន្តកាន់តំណែងនេះមួយអាណត្តិទៀតរហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។

អគ្គលេខាធិកាដែលបានកាន់តំណែងនេះតាំងតែពីឆ្នាំ២០១៤ក៏បានសរសេរទៀតថា៖ ណាតូបានបន្តការពារសេរីភាព និងសន្តិសុខរបស់យើងអស់រយៈពេល៧៥ឆ្នាំមកហើយ ប៉ុន្តែមកទល់ពេលនេះយើងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយសម្រាប់ពិភពលោកទាំងមូលដែលមានន័យថា សម្ព័ន្ធភាពរបស់យើងគឺមានភាពចាំបាច់កាន់តែខ្លាំងឡើងជាងពេលណាទាំងអស់។

រំលឹកដែរថា លោក Stoltenberg ត្រូវបានតែងតាំងជាអគ្គលេខាធិកាអង្គការណាតូកាលពីខែមិនាឆ្នាំ២០១៤ហើយចាប់តាំងតែពីពេលនោះមកអាណត្តិរបស់លោកត្រូវបានបន្តអស់រយៈពេល៣ដងមកហើយនិងចុងក្រោយនេះគឺជាលើកទី៤សម្រាប់ការងារនេះ៕

អត្ថបទទាក់ទង