Messi ទទួលបានប្រាក់ចំណូលនៅ Inter Miami ចន្លោះពី ៥០ ទៅ ៦០លានដុល្លារក្នុងមួយឆ្នាំ
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែត El Pais លោក Jorge Mas ផ្ទាល់ បានបញ្ជាក់ពីតួលេខទាក់ទងនឹងកិច្ចសន្យារបស់ Messi ជាមួយ Inter Miami ដោយបញ្ជាក់ថា ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះជាមួយ នឹងជម្រើសក្នុងការបន្តរហូតដល់ឆ្នាំ ២០២៦។
លោក Jorge Mas បានប្រាប់ការសែត El Pulga យ៉ាងដូច្នេះថា៖« ចំពោះប្រាក់ខែរបស់ Messi នៅ Inter Miami គឺប្រហែល ៥០-៦០ លានដុល្លារក្នុងមួយឆ្នាំ អាស្រ័យលើសមិទ្ធផលរបស់ក្លឹប ក៏ដូចជាពេលវេលាលេងរបស់អតីតកីឡាករ PSG រូបនេះ។ ទោះជាយ៉ាងណា Messi មិនខ្វល់ច្រើនអំពីប្រាក់ខែទេ»។
លើសពីនេះ អ្នកជំនួញជនជាតិគុយបា-អាមេរិក វ័យ ៦០ ឆ្នាំរូបនេះ ក៏បានបង្ហាញពីរបៀបនៃការបញ្ចុះបញ្ចូល Messi ឱ្យចូលរួមក្នុងការប្រកួតជើងឯកបាល់ទាត់អាជីពនៅអាមេរិក MLS ថា តើវាលំបាកប៉ុណ្ណា។
«យើងបានចំណាយពេល ៣ ឆ្នាំលើកិច្ចព្រមព្រៀងនេះ ដើម្បីរៀបចំ បញ្ចុះបញ្ចូល និងនាំយក Lionel Messi មកកាន់ក្លឹប។ ហើយមួយឆ្នាំកន្លះមកនេះ ស្ថានការណ៍មានភាពតានតឹងខ្លាំង។ យើងមានការសន្ទនាជាច្រើនជាមួយ Jorge Messi (ឪពុក និងភ្នាក់ងាររបស់ Messi)»។ នេះជាំសម្ដីរបស់លោក Jorge Mas។
លោកបានបន្តថា ៖«ខ្ញុំបានជួបគាត់ផ្ទាល់នៅការិយាល័យក្លឹប នៅចុងខែឧសភា ឆ្នាំ ២០២៣។ David Beckham គ្រាន់តែនិយាយជាមួយ Leo អំពីបញ្ហាដែលទាក់ទងនឹងបាល់ទាត់ប៉ុណ្ណោះ។ ព្រោះពេលនោះ គាត់នៅតែលេង និងនៅជាកីឡាកររបស់ PSG ព្រោះខ្ញុំមិនចង់ឲ្យគាត់មានសម្ពាធទេ។ យើងបាននិយាយជាមួយគ្នានៅទីក្រុង Barcelona នៅ Miami នៅ Rosario និងនៅទីក្រុង Doha។ កិច្ចសន្យាជាមួយ Apple គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការទទួលបាន Leo»។
ដូច្នេះ បើប្រៀបធៀបនឹងប្រាក់ខែដ៏ច្រើន ដែលផ្តល់ដោយ Al-Hilal នៃប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន Messi ទទួលបាននៅ Inter Miami គឺតិចតួចណាស់ បើទោះបីជាខ្ពស់ជាងប្រាក់ខែនៅ PSG កាលពីមុន ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ MLS ៕