ដ្រូនអត្តឃាត Lancet របស់រុស្ស៊ី ជារបាំងដ៏រឹងម៉ាំបង្កការលំបាកខ្លាំងដល់យោធាអ៊ុយក្រែន
បរទេស ៖ យន្តហោះដ្រូនអត្តឃាតរបស់ប្រទេសរុស្ស៊ី Lancet ដ៏ទំនើបនៅពេលនេះកំពុងបានក្លាយទៅជាកូនសោរដ៏សំខាន់សម្រាប់យោធារបស់រុស្ស៊ីក្នុងប្រតិបត្តិការប្រយុទ្ធជួរមុខប្រឆាំងជាមួយនឹងកងកម្លាំងយោធារបស់អ៊ុយក្រែនបានយ៉ាងមានប្រសិទ្ធភាព។
ជាការលើកឡើងដោយភាគីខាងអ៊ុយក្រែនដោយក្នុងនោះក៏បានអំពាវនាវឲ្យលោកខាងលិចក្នុងការពិចារណាលើការផ្គត់ផ្គង់អាវុធយុទ្ធសាស្ត្រថ្មីបន្ថែមទៀតដើម្បីទប់ទល់ជាមួយនឹងយន្តហោះដ្រូនប្រភេទនេះ។
លោក Yury Sak ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា បច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងបង្កើនការវិនិយោគក្នុងការផលិតដ្រូនអត្តឃាតទាំងនេះឲ្យបានកាន់តែច្រើនឡើង។
យន្តហោះដ្រូនអត្តឃាតរបស់រុស្ស៊ី Lancet មានសមត្ថភាពខ្លាំងពិសេសដោយអាចបំពាក់ជាមួយនឹងអាវុធ និងគ្រាប់បែកទំងន់សរុបដល់ទៅ៣គីឡូក្រាមហើយអាចហោះហើរក្នុងកម្រិតទាបដែលអាចបញ្ជៀសការចាប់បានពីរ៉ាដា ហើយកាន់តែគ្រោះថ្នាក់បំផុតនោះគឺនៅពេលវេលាចុងក្រោយវាអាចហោះដើម្បីបំផ្ទុះខ្លួនឯងទៅតាមគោលដៅដែលបានកំណត់។
ដូច្នេះអ្វីដែលជាភាពគ្រោះថ្នាក់ និងភាពលំបាកបំផុតសម្រាប់អ៊ុយក្រែននោះគឺថាមិនមែនជាបច្ចេកវិទ្យាប្រយុទ្ធនោះទេ ប៉ុន្តែជាការដោះដូរគ្នាដែលមានន័យថា ដើម្បីបំផ្លាញយន្តហោះដ្រូនដែលមានតម្លៃថោកទាំងនោះ អ៊ុយក្រែនត្រូវចំណាយមីស៊ីលដែលមានតម្លៃថ្លៃខុសគ្នាឆ្ងាយដើម្បីបាញ់ទំលាក់។
គួរឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធារុស្ស៊ីបានរាយការណ៍អំពីការប្រើប្រាស់ជោគជ័យយន្តហោះដ្រូនទាំងនេះបំផ្លាញក្រុមអង្គភាពកាំភ្លើងធំផង អាវុធស្វ័យប្រវត្តិផងរថក្រោះ និងរថយន្តធុនធ្ងន់ជាច្រើនផ្សេងទៀតរបស់អ៊ុយក្រែន៕