គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត បានសិក្សាចប់សព្វគ្រប់
គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ត្រូវបានបញ្ចប់ ការសិក្សារួចរាល់ហើយ និងកំពុងស្វែងរកក្រុមហ៊ុនដៃគូជំនាញវិនិយោគ និងសាងសង់ក្នុងពេលឆាប់ៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា ៖ « ផ្លូវល្បឿនលឿនភ្នំពេញ ប៉ោយប៉ែតយើងបានសិក្សាចប់សព្វគ្រប់ហើយ ដែលអាចធ្វើឱ្យផ្លូវរថភ្លើងល្បឿនលឿននេះធ្វើដំណើរបានប្រហែលជា ១៦៨គីឡូមែត្រក្នុងមួយ ម៉ោង។»
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះការធ្វើដំណើរនៅមានកម្រិត មានការកំណត់ល្បឿនក្នុងការធ្វើដំណើរ ដូច្នេះបើសិនជាកម្ពុជាបានសម្រេចការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ការធ្វើដំណើរ និងការ ដឹកជញ្ជូនទូទាំងប្រទេស នឹងមានភាពល្អប្រសើរជាមុន។
ទន្ទឹមនឹងនេះ ក្រសួងសាធារណៈការក៏កំពុងសិក្សាគម្រោងផ្លូវដែកពីភ្នំពេញទៅព្រះសីហនុ ដោយលើកកម្រិតផ្លូវឱ្យមានល្បឿនប្រមាណជា ១៦០គីឡូម៉ែត្រផងដែរ។
ឯកឧត្តមបន្តមានប្រសាសន៍ថា ៖ «យើងក៏បានសិក្សាចប់សព្វគ្រប់នូវផ្លូវរទេះភ្លើងលើអាកាស ផ្លូវ Monorail (ផ្លូវរថភ្លើងលើអាកាសមួយខ្សែ) និងផ្លូវក្រោមដីនៅភ្នំពេញ ក្រៅពីនោះយើងកំពុងពិភាក្សាគ្នាលើផ្លូវរទេះភ្លើងធនស្រាល ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញ មកព្រលានយន្ដហោះថ្មី នៅតាខ្មៅ…ហើយបើយើងធ្វើបាន ខ្ញុំសង្ឃឹមថាថ្ងៃណាមួយយើងនឹងមានស្ថានីយចុះ និងឡើង នៅផ្សារទំនើបអ៉ីអនមានជ័យផងដែរ។»
គួរបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន មានប្រវែង ៣៨២គីឡូម៉ែត្រ ដែលត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ ដែលប្រើរយៈពេលសាងសង់ចំនួន ៤ឆ្នាំ។
ផ្លូវនេះ មានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ហើយល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ ក្នុងនោះមានស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការកាលពីខែ មករាកន្លងទៅ។
គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះដែរ ត្រូវបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ គម្រោងនេះ ផ្តោតសំខាន់ទៅលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដែលឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕