Close

ស្រាច្នៃចេញពីផ្លែល្មើ ថ្វីត្បិតថាមិនទាន់មានទីផ្សារខ្ពស់ ប៉ុន្តែមានការចាប់អារម្មណ៍ច្រើនពី​អតិថិជនក្នុងស្រុក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ សង្គម
ស្រាច្នៃចេញពីផ្លែល្មើ ថ្វីត្បិតថាមិនទាន់មានទីផ្សារខ្ពស់ ប៉ុន្តែមានការចាប់អារម្មណ៍ច្រើនពី​អតិថិជនក្នុងស្រុក ស្រាច្នៃចេញពីផ្លែល្មើ ថ្វីត្បិតថាមិនទាន់មានទីផ្សារខ្ពស់ ប៉ុន្តែមានការចាប់អារម្មណ៍ច្រើនពី​អតិថិជនក្នុងស្រុក

ល្មើ (លម៉ើ)​ ជាដំណាំមួួយប្រភេទដែលមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព និងជាប្រភេទ ដំណាំដែលសម្បូរជាតិដែក និងមានជាតិសសៃច្រើនជាងផ្លែចេកផងដែរ។ ដំណាំប្រភេទ​នេះ​អាច​ហុច​ផល​ក្នុង​រយៈពេល​ដល់​ទៅ​៧០​ឆ្នាំ ។

គេច្រើនតែយកល្មើទៅធ្វើជាដំណាប់ ហើយលក់នៅផ្សារម៉ាតក្នុងស្រុក ក៏ដូជជានាំចេញទៅក្រៅ ផងដែរ ប៉ុន្តែល្មើក៏អាចកែច្នៃធ្វើជាស្រាបានដែរ។

ជាក់ស្ដែង សិប្បកម្មមួយនៅខេត្តកំពង់ធំ កំពុងតែកែច្នៃស្រាដែលធ្វើចេញពីផ្លែល្មើ។ អាជីវកម្មមួយ​នេះដែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២២ ដែលមានឈ្មោះថា «ស្រាលម៉ើ SDF» ។
ថ្វីត្បិតតែអាជីវកម្មនេះទើបតែមានរូបរាងឡើងប៉ុន្តែក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ អតិថិជនក្នុងស្រុក ដោយសារនេះជាសមិទ្ធិផលថ្មី។

អ្នកស្រី ឆោម សោភា ដែលជាម្ចាស់សិប្បកម្មផលិតស្រាល្មើបានឱ្យដឹងថា គំនិត​ក្នុង​ការ​កែច្នៃ​ស្រា​ល្មើ​នេះ​កើត​ចេញ​ពី​គំនិត​ចង់​រក្សា​ទុក​ល្មើ​ឱ្យ​បាន​យូរ​ ព្រោះ​ថា​ល្មើ​ដែលអ្នក​ស្រី​ដាំ​ជា​ប្រភេទ​ល្មើ​ហូប​ស្រស់។

ហើយការ​ចាប់​ផ្តើម​អាជីវកម្ម​កែច្នៃ​ស្រា​ល្មើទៀតសោត ​ គឺ​ជា​ការ​ត្រៀម​បញ្ចៀស​បញ្ហា​កង្វះ​ទីផ្សារ និង​ការ​ខូច​គុណភាព​​នៃ​កសិផល​ល្មើដែលប្រមូលបានមកពីចំការ។

អ្នកស្រី ឆោម សោភា បានបន្តឱ្យដឹងទៀតថា៖ « ផ្លែ​ល្មើ​ហូប​ស្រស់​មិន​អាច​រក្សា​ទុក​យូរ​ដូច​ល្មើ ​ដំណាប់​នោះ​ទេ តែ​បើ​យើង​កែច្នៃ​វា​ទៅ​ជា​ស្រា​ទុក​កាន់​តែ​យូរ​វា​កាន់​តែ​ឆ្ងាញ់ និង​មិន​ចេះ​ហួស​កាលបរិច្ឆេទ​ដូច​ប្រភេទ​ស្រា​មួយ​ចំនួន​នោះ​ទេ។»

ប៉ុន្តែយ៉ាងណា បច្ចុប្បន្ន​នេះ​សិប្បកម្ម​របស់​អ្នក​ស្រី​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្ទាបស្ទង់​ទីផ្សារ ដោយមានសង្វាក់ផលិតកម្មតូចនៅឡើយ។ បើតាមការឱ្យដឹងពីម្ចាស់សិប្បកម្មខាងលើ ស្រា​ល្មើ​នេះ​មាន​រសជាតិ​ចត់​លាយ​ផ្អែម​តិចៗ ហើយវាល្អសម្រាប់​អ្នក​មាន​បញ្ហា​លើស​ជាតិ​ស្ករ​ក៏​អាច​បរិភោគ​បាន​ដោយ​សារ​តែ​ស្រា​នេះ បាន​ប្រើ​ប្រាស់​ទឹក​ឃ្មុំ​ជំនួស​ស្ករស​ទៅ​វិញ​។

សម្រាប់​ឆ្នាំ​នេះ​អ្នក​ស្រី​ថា​ សិប្បកម្ម​របស់​ខ្លួន​ផលិត​ស្រា​ល្មើបាន​ចំនួន​ ៣ពាន់​ដប ​ដើម្បី​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ទីផ្សារ​ផង និង​ស្ទាបស្ទង់​ការ​គាំទ្រ​ផង​។ ហើយក្នុងការផលិតចេញជាផលិតផលស្រាដែលមាន រសជាតិឆ្ញាញ់ និងអាចទទួលយកបានគឺមានរយៈពេលរហូតទៅដល់​ ​ ៣ខែ​ឯណោះ។

អ្នកស្រីបានរៀបរាប់បន្ថែមថា៖ «ស្រា​ល្មើយើងលក់​មួយ​ដប​ ២មុឺន​ ៥ពាន់​រៀល​ ដែល​មាន​ចំណុះ​ ៣៧៥​មីលីលីត្រ​ និង​មាន​កម្រិត​ជាតិ​អាល់កុល​ ១២ភាគរយ​ដែល​ស្មើ​ទៅ​នឹង​ស្រា​ទំពាំង​បាយ​ជូរ​ដែរ ហើយឥឡូវនេះស្រាដែលបានផលិតចំនួន ៣ពាន់ដប នៅសល់តិចតួចប៉ុណ្ណោះ។»

សម្រាប់ការលក់ មិនសូវជាបានចំណូលច្រើននៅឡើយទេ ដោយភាគច្រើនអ្នកស្រីផ្ដោតលើ ការដាក់ឱ្យអតិថិជនភ្លក់នៅតាមព្រឹត្តិការណ៍តាំងពិព័តណ៍ផ្សេងៗ ដោយសារអ្នកស្រីជាសមាជិក នៅក្នុងចលនាភូមិមួួផលិតផលមួយដែរ។

បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សេងៗដើម្បីផ្សព្វផ្សយពីផលិតផលរបស់ខ្លួន អ្នកស្រីបានឱ្យដឹងពី​គម្រោងក្នុង​ការ​ផលិត​បន្តទៀតថាខ្លួន​គ្រោង​នៅ​ផលិត​ប្រមាណ​ ៥-៦ពាន់​ដប​បន្ថែម​ទៀត។

សម្រាប់ការដាំដុះអ្នក​ស្រី​បាន​ឱ្យ​ដឹង​ថា​  ដំណាំ​ល្មើមាន​អាយុ​កាន់​តែ​ច្រើន​ផ្លែ​គឺ​កាន់​តែ​ច្រើន​  ជា​ពិសេស​ពេល​វា​ចូល​ដល់​វ័យ​ ៥ឆ្នាំ ដែលក្នុង​មួយ​ដើម​អាច​ទទួល​បាន​ទិន្នផល​ប្រមាណ​ ១០០គីឡូ​ក្រាម​ឯណោះ។ រីឯការប្រមូលផលគឺមាន​រយៈ​ពេល​ ៣ខែ​ គឺ​ចាប់​ពី​ខែ​មិថុនា ដល់​សីហា​៕

អត្ថបទទាក់ទង