ក្រោយទិញបាន Messi ពេលនេះ Inter Miami សម្រេចតែងតាំងគ្រូបង្វឹកថ្មី ដែលជាអតីតគ្រូ Messi នៅ Barcelona
បន្ទាប់ពីការមកដល់របស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីន ពេលនេះ ក្រុមយក្សអាមេរិក Inter Miami បានសម្រេចតែងតាំងលោក Gerardo Martino ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ។ នេះបើតាមក្រុម MLS បាននិយាយកាលពីថ្ងៃពុធ។
មែនទែនទៅ គ្រូបង្វឹកវ័យ ៦០ ឆ្នាំរូបនេះ ធ្លាប់ធ្វើជាគ្រូបង្វឹករបស់កំពូលកីឡាករ Lionel Messi នៅក្លិបអ្នកមានបុណ្យ FC Barcelona និងសម្រាប់អាហ្សង់ទីន នៅចន្លោះឆ្នាំ ២០១៣ និង ២០១៦។
ក្លឹប Inter Miami បាននិយាយថា៖«គ្រូបង្វឹកដែលឈ្នះពានរង្វាន់ MLS Cup និង MLS Coach of the Year ជាមួយនឹងបទពិសោធន៍ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនុ, ជម្រើសជាតិម៉ិកស៊ិក និងក្លឹប Barcelona បានចូលរួមជាមួយក្លឹប»។
ប្រធានក្លិប លោក Jorge Mas បានបន្ថែមថា៖ “យើងមានអារម្មណ៍ថា គាត់ជាគ្រូបង្វឹកដែលសាកសមនឹងមហិច្ឆតារបស់យើង ហើយយើងមានសុទិដ្ឋិនិយម ចំពោះអ្វីដែលយើងអាចសម្រេចបានរួមគ្នា។ Gerardo Martino ជាគ្រូបង្វឹកនៅកម្រិតខ្ពស់មួយរូប ហើយយើងជឿជាក់ថា បទពិសោធន៍ នឹងមានប្រយោជន៍ច្រើនសម្រាប់យើង»។
ជាមួយគ្នានេះ លោក David Beckham ដែលជាសហម្ចាស់ក្លឹប Inter Miami បានលើកឡើងថា៖« Martino គឺជាមនុស្សដែលមានការគោរពយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ ដូច្នេះយើងមានទំនុកចិត្តថា សមិទ្ធិផល និងបទពិសោធន៍របស់គាត់ក្នុងនាមជាគ្រូបង្វឹក នឹងដើរតួជាការបំផុសគំនិតដល់ក្រុមរបស់យើង និងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ហើយយើងពិតជារំភើប ដែលឃើញពីឥទ្ធិពលដែលគាត់នឹងមានទាំងក្នុង និងក្រៅទីលាន»។
គួររម្លឹកថា លោក Martino ត្រឡប់មកធ្វើជាគ្រូបង្វឹកវិញ បន្ទាប់ពីបានលាលែងពីតំណែងជាគ្រូបង្វឹកម៉ិកស៊ិក ក្រោយចប់ការប្រកួត World Cup កាលពីឆ្នាំមុន ជាកន្លែងដែលប្រទេសនេះ ត្រូវបានហាលអាវត្រឹមជម្រុះក្នុងពូលជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧៨។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានដឹកនាំក្រុម Atlanta United ក្នុងរយៈពេលពីរឆ្នាំដំបូងរបស់ក្លឹបនៅក្នុងលីគ និងដឹកនាំក្រុមនេះ ឈ្នះពានរង្វាន់ MLS Cup ក្នុងឆ្នាំ ២០១៨៕