ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីជួបជាមួយនឹងមេប៉ូលីសអ៊ីរ៉ង់
បរទេស៖ កាលពីដើមសប្តាហ៍កន្លងមកនេះប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីដែលជាម្ចាស់ផ្ទះបានទទួលស្វាគមន៍វត្តមាននៃមន្ត្រីប៉ូលីសថ្នាក់កំពូលរបស់ប្រទេសអ៊ីរ៉ង់ដើម្បីពិភាក្សាក្នុងការបង្កើនកិច្ចទំនាក់ទំនងកាន់តែជិតស្និទ្ធគ្នារវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់។
យោងតាមការសេចក្តីថ្លែងការណ៍ដោយក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានឲ្យដឹងថា មេប៉ូលីសអ៊ីរ៉ង់ លោក Sardar Ahmadreza Radan បានពិភាក្សាគ្នាជាមួយនឹងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolay Patrushev នាទីក្រុងមូស្គូព្រមទាំងបានធ្វើការចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយក្នុងការលើកកំពស់កិច្ចសហប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងក៏ដូចជាឧក្រិដ្ឋកម្មនិងក្រុមជួញដូរធំៗផងដែរ។
លោក Radan បានធ្វើដំណើរមកដល់ទីក្រុងមូស្គូកាលពីថ្ងៃទី២៧ ខែមិថុនាសម្រាប់ទស្សនកិច្ចផ្លូវរដ្ឋចំនួន២ថ្ងៃហើយក្រៅតែពីក្រុមប្រឹក្សាសន្តិសុខជាតិហើយលោកក៏នឹងមានជំនួបជាមួយនឹងក្រុមមន្ត្រីអនុវត្តច្បាប់ជាច្រើនផ្សេងទៀតរបស់រុស្សីផងដែរ។
ទោះបីជារដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងតេហរ៉ង់មិនបានធ្វើការបញ្ជាក់លំអិតអំពីបញ្ហាដែលត្រូវបានលើកយកមកពិភាក្សារវាងភាគីទាំង២ក្តីប៉ុន្តែគេជឿជាក់ថាប្រធានបទដែលផ្តោតសំខាន់នោះក៏មានទាំងការប្រឈមមុខទៅនឹងសំពាធពីសំណាក់ទណ្ឌកម្មរបស់លោកខាងលិចចំពោះជំហនយោបាយនៃប្រទេសទាំងពីរនោះដែរ។
គួរឲ្យដឹងដែរថា មុនមួយថ្ងៃនៃការមកដល់ទីក្រុងមូស្គូពីសំណាក់មេប៉ូលីសអ៊ីរ៉ង់នោះប្រធានាធិបតីរុស្សីលោក Vladimir Putin ក៏បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនឹងសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi ផងដែរដោយភ្ជាប់ជាមួយនឹងប្រធានបទជាច្រើនបូករួមទាំងព្រឹត្តិការណ៍បះបោរនៅរុស្សីដោយក្រុមទាហានស៊ីឈ្នួល Wagner និងក៏ដូចជាបញ្ហាក្នុងតំបន់ផ្សេងទៀតដូចជាស៊ីរីជាដើម៕