Close

សៀវភៅ «សត្វស្លាបកម្ពុជា» នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សង្គម
សៀវភៅ «សត្វស្លាបកម្ពុជា» នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា សៀវភៅ «សត្វស្លាបកម្ពុជា» នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ សៀវភៅ «សត្វស្លាបកម្ពុជា» ដែលជាស្នាដៃរបស់អ្នកនិពន្ធខ្មែរបោះពុម្ពលើកទី៣ ពិពណ៌នាពីប្រភេទសត្វស្លាបចំនួន៤៥០ប្រភេទ នៃចំនួនសត្វស្លាបសរុបចំនួន៦៤១ប្រភេទ នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិ ក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា»។ ទន្ទឹមនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា» ក៏មានការប្រគល់រង្វាន់ដល់ សាលាបឋមសិក្សា និងវិទ្យាល័យចំនួន ៦ ដែលទទួលបានជ័យលាភីសាលាមេត្រីបរិស្ថាន ។

ថ្លែងនូវរបាយការណ៍សង្ខេប ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានរម្លឹកឱ្យដឹងថា នៅឆ្នាំ២០១៦ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតសៀវភៅ «គោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាន» ដែលជាឧបទេសអប់រំដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្ស គ្រូបង្រៀនយកទៅអនុវត្តសំដៅបង្កើនសមត្ថភាពចំណេះដឹង និងជំនាញ អំពីការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះជាដើម។

ឯកឧត្តម កែន សេរីរដ្ឋា បានថ្លែងបន្តថា ដោយឡែក ការបង្កើតសៀវភៅបរិស្ថាន តួយ៉ាងដូចជា សៀវភៅ «សត្វស្លាបកម្ពុជា» ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាសើជាផ្លូវការនាពេលនេះ ក៏មានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ព្រោះសៀវភៅនេះ នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិ ក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។ កាលណាមនុស្សមានក្តីស្រឡាញ់ចំពោះបរិស្ថាន ឬធនធានធម្មជាតិ ប្រាកដណាស់ពួកគាត់នឹងចូលរួមថែរក្សាធនធានធម្មជាតិជាក់ជាពុំខាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលា ឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស ដែលបានចូលរួមជាមួយក្រសួងបរិស្ថានយ៉ាងសកម្មចំពោះកិច្ចការងារបរិស្ថាន។ ឯកឧត្តមចាត់ទុកថា នេះជាការចូលរួមយ៉ាងមានសារៈសំខាន់ និងជាយុទ្ធសាស្ត្រក្នុងការកសាងភាពរីកចម្រើនរបស់កម្ពុជា ដែលជាការរៀបចំជាមួយជំហានពិតប្រាដកហើយច្បាស់លាស់។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា សាលារៀន គឺជាកន្លែងបណ្តុះមនសិការស្រឡាញ់បរិស្ថាន ក៏ដូចជាកន្លែងដែលធ្វើឱ្យសន្តិភាពនៅជាមួយប្រជាជនជាដរាប។ ឯកឧត្តមរដ្ឋមន្ត្រីចង់ឱ្យសិស្សានុសិស្សដែលចេញពីសាលាក្លាយទៅជាប្រជាជនសកល ដែលមានមនសិការ ទំនៀមទម្លាប់ ប្រពៃណីជាខ្មែរ និងជាប្រជានដែលស្រឡាញ់សន្តិភាព ហើយបន្តមរតកនៃសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីរកបានមក និងបន្សល់ទុកឱ្យ។

គួរបញ្ជាក់ឱ្យដឹងថា សាលាបឋមសិក្សា និងវិទ្យាល័យដែលទទួលបានពានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះរួមមាន៖ សម្រាប់កម្រិតបឋមសិក្សា៖ ទី១)សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភី ពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២)សាលាបឋមសិក្សាត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកាឧបត្ថមចំនួន៣លានរៀល និងទី៣)សាលាបឋមសិក្សាបារ៉ែនលើ ខេត្តកណ្តាល ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន២លានរៀល។ ចំណែកសម្រាប់កម្រិតមធ្យមសិក្សា៖ ទី១)វិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ខេត្តកំពត ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២) វិទ្យាល័យ ហ៊ុន សែន ទួលសុភី ខេត្តត្បូងឃ្មុំ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកា៣លានរៀល និងទី៣.)អនុវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន២លានរៀល។

ដោយឡែក សៀវភៅស្តីពី «សត្វស្លាបកម្ពុជា» ជាស្នាដៃរបស់អ្នកនិពន្ធខ្មែរបោះពុម្ពលើកទី៣ ពិពណ៌នាពីប្រភេទសត្វស្លាបចំនួន៤៥០ប្រភេទ នៃចំនួនសត្វស្លាបសរុបចំនួន៦៤១ប្រភេទ។ ប្រភេទសត្វស្លាបទាំងនេះត្រូវបានកំណត់ និងបែងចែកស្ថានភាពអភិរក្សតាមចំណាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ជាប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ ប្រភេទកំពុងទទួលរងការគំរាមកំហែង ប្រភេទជិតទទួលការគំរាមកំហែង និងប្រភេទរងគ្រោះតិចតួច។

ស្នាដៃសៀវភៅនេះ បានចងក្រងឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យមានស្រាប់ ការប្រមូលព័ត៌មានថ្មីបន្ថែមពាក់ព័ន្ធទៅនឹងរូបសាស្ត្រ ជីវសាស្ត្រ ទីជម្រក របាយ និងរដូវកាលបន្តពូជរបស់ប្រភេទសត្វស្លាបនីមួយៗនៅតាមទីវាល ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ ការស្វែងយល់ និងការសិក្សាស្រាវជ្រាវក៏ដូចជាការបំពេញបន្ថែម និងបង្កើនពុទ្ធិថ្មីៗដល់អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅស្តីពីប្រភេទសត្វស្លាបនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង