ចេះប្រើប្រាស់ឌីជីថលភ្ជាប់ជាមួយកសិកម្ម ស្ត្រីម្នាក់អាចរកប្រាក់ចំណូលបាន ១០០០ដុល្លារក្នុងមួយខែ
ស្របពេលដែលនិន្នាការសង្គមខិតចូលកាន់តែខ្លាំងទៅរកប្រព័ន្ធឌីជីថល ការធ្វើការងារស្ទើរតែទាំងស្រុងបានពឹងផ្អែកយ៉ាងខ្លាំងទៅលើអ៉ីនធឺណេត។ ក្នុងនោះផងដែរ ក៏មានមុខរបររកស៊ីជាច្រើន បានអាស្រ័យការលក់របស់ខ្លួនដោយប្រើប្រាស់បណ្ដាញសង្គម។
ការលក់ទំនិញនៅក្នុងផ្សារប្រពៃណី ក៏ចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងៗ ទៅជាផ្សារម៉ាត និងផ្សារទំនើប ដែលមានភាពស្រស់ស្អាតជាង និងអនាម័យជាង។ រីឯការអង្គុយលក់តាមផ្សារ ក៏បានផ្លាស់ប្ដូរទៅជា ការលក់តាមអនឡាញ ដែលអាចដឹកជញ្ជូនទំនិញបានគ្រប់ខេត្តក្រុង។
ដោយឃើញឱកាសទាំងនេះ កសិករមួយរូបដែលរស់នៅក្នុងតំបន់ការពារធម្មជាតិភូមិទំព័រនៃខេត្ត ពោធិ៍សាត់ បានសាកល្បងដាំដុះស្ពៃក្ដោប និងស្ពៃក្រញ៉ាញ់។ ចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ ២០១៩ អ្នកស្រី ពេន ស៊ីថុល បានដាំស្ពៃក្ដោបលើដីត្រឹមតែ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រប៉ុណ្ណោះ។
ការដាំនេះមិនទទួលបានជោគជ័យទេសម្រាប់អ្នកស្រី ដោយខ្លួនមិនទាន់យល់ដឹងពីបច្ចេកទេស ច្បាស់លាស់។ អ្នកស្រីចំណាយពេលរហូតដល់៤លើកក្នុងការដាំដុះ ទម្រាំទទួលបានជោគជ័យ ហើយក៏ចាប់ផ្ដើមការដាំដុះសម្រាប់លក់ចេញ តាំងពីពេលនោះមក។
បើតាមការរៀបរាប់របស់អ្នកស្រី ដោយមើលឃើញពីភាពជោគជ័យនេះ ក្រសួងបរិស្ថានបានផ្ដល់នូវ រោងសំណាញ់មួយ ព្រមទាំងបច្ចេកទេសដាំស្ពៃមួយចំនួនផង។ ការដាំដុះនៅក្នុងផ្ទះសំណាញ់នេះ អ្នកស្រីបានរៀបរាប់ថា វាមានភាពងាយស្រួលច្រើនជាង និងមានទីផ្សារធំជាងបន្លែទូទៅ។
មកដល់ពេលនេះ អ្នកស្រីបានពង្រីករហូតដល់ ៤រោង ដែលកសិកររូបនេះផ្ដោតតែទៅលើការដាំស្ពៃក្ដោប និងស្ពៃចង្កិះប៉ុណ្ណោះ។
អ្នកស្រី ពេន ស៊ីថុល៖ «ក្រសួងបានផ្ដល់រោងសំណាញ់ ផ្ដល់ថ្នាលបណ្ដុះ រៀបចំប្រព័ន្ធស្រោចស្រព និងពូជឱ្យតែម្ដង បន្ទាប់ពីធ្វើតាមគាត់ ត្រឹមតែមួយខែទេទទួលបានផលល្អ ហើយអាចធ្វើបានច្រើន ដងថែមទៀត»។
អ្នកស្រីបានបន្តឱ្យដឹងថា ៖ «គ្រាន់តែស្ពៃក្រញ៉ាញ់ មួយឆ្នាំយើងដាំបាន ៦ ទៅ ៧ដង ហើយប្រមូលផលម្ដងៗបានជាមធ្យម ៣លានរៀល បើបូកទាំងស្ពៃក្ដោបទៀត មួយខែអាចរកបាន ១ពាន់ដុល្លារ ទៅ ២ពាន់ដុល្លារ »។
ដោយរស់នៅជាសហគមន៍ អ្នកស្រីក៏មិនបានលាក់ទុកចំណេះនេះតែឯកឯងដែរ ពោលគឺអ្នកស្រីបាន ចែករំលែកបច្ចេកទេស ក៏ដូចជាផ្ដល់ពូជទៅឱ្យប្រជាជនផ្សេងៗទៀតនៅក្នុងសហគមន៍។ ការផ្ដល់ឱ្យនេះទៀតសោត អ្នកស្រីជ្រើសរើសឱ្យទៅគ្រួសារដែលខ្សត់ខ្សោយ មិនមានមុខរបរអ្វីច្បាស់ លាស់ និងដែលជាលទ្ធផល គ្រួសារទាំងនោះបានប្រែក្លាយទៅជាធូរធាដូចអ្នកស្រីដែរ។
ប៉ុន្តែយ៉ាងណា ការដាំដុះគឺត្រូវមានការបែងចែក ផ្លាស់ប្ដូរគ្នាច្បាស់លាស់ ចៀសវាងការដាំដំណាំដូចគ្នា ដែលនាំឱ្យបន្លែគរលើទីផ្សារ និងអាចធ្លាក់ថ្លៃ។ ដូច្នេះ នៅក្នុងសហគមន៍តែងមានការទំនាក់ទំនង គ្នា អំពីដំណាំដែលពួកគេដាំ ដើម្បីអាចផ្គត់ផ្គង់ទីផ្សារបានច្រើនមុខផងដែរ។
ក្រៅពីនេះ អ្នកស្រីបានចែករំលែកនូវបញ្ហា និងដំណោះស្រាយដែលអ្នកស្រីតែងជួបប្រទះអំពីការដាំ ដុះបន្លែសុវត្ថិភាពក្នុងរោងសំណាញ់ គឺបញ្ហាសត្វល្អិត។ ក្នុងការដោះស្រាយ អ្នកស្រីបានឆ្លាស់ដំណាំ ដោយប្ដូរទៅដាំស្លឹកខ្ទឹមសិន ទើបត្រឡប់ទៅដាំស្ពៃវិញ។
អ្នកស្រីបន្តថា ការធ្វើបែបនេះ គឺអាចជួយដេញសត្វល្អិតដោយក្លិនរបស់ស្លឹមខ្ទឹម ម្យ៉ាងទៀតអ្នកស្រី ក៏បានផ្លាស់ប្ដូរប្រភេទកសិផលសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារផងដែរ៕