បន្ទាប់ពីអាហ្សង់ទីន ពេលនេះ ឥណ្ឌូនេស៊ី នឹងណាត់ ព័រទុយហ្គាល់ មកប្រកួតមិត្តភាពក្នុងថ្ងៃ FIFA Day
កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ហៅកាត់ថា PSSI បានទាក់ទងជាមួយឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ ដើម្បីរៀបចំការប្រកួតរវាងឥណ្ឌូនេស៊ី និងព័រទុយហ្គាល់ នៅថ្ងៃ FIFA Day លើកក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត CNN Indonesia។
ជាការពិតណាស់ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ទើបតែប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន ដែលជាម្ចាស់ជើងឯក World Cup 2022 ដោយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ប្រកួតចាញ់ អាហ្សង់ទីន ក្នុងលទ្ធផល ២ ទល់នេង ០។
យ៉ាងណាមិញ ដំណឹងចុងក្រោយ គឺពេលនេះមានឱកាសសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ជួបគូប្រកួតលំដាប់ពិភពលោកម្តងទៀត។ លើកនេះ ក្រុមដែលនឹងក្លាយជាគូប្រកួតបន្ទាប់សម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលមានតារាឆ្នើម Cristiano Ronaldo។
យោងតាមអនុប្រធាន PSSI លោក Zainudin Amali ព័រទុយហ្គាល់គឺជាក្រុមដែលត្រូវបានចាត់ទុកថា ជាគូប្រជែងរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅក្នុងការប្រកួតអន្តរជាតិរបស់ FIFA ក្នុងឆ្នាំនេះ។ ការទំនាក់ទំនងរវាង PSSI និងសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ក៏កំពុងដំណើរការផងដែរ។
លោក Zainudin Amali បាននិយាយថា៖« ក្នុងឆ្នាំនេះ ពួកយើងទទួលបានការប្រកួត FIFA Day ចំនួនប្រាំបី។ យ៉ាងហោចណាស់ មួយក្នុងចំនោមការប្រកួតទាំង៨ នឹងមានកម្រិតដូចអាហ្សង់ទីន។ យើងមានបំណងចង់លេងជាមួយប្រទេសព័រទុយហ្គាល់»។
ជាការពិតណាស់ នៅពេលដែលនិយាយអំពីព័រទុយហ្គាល់ ប្រាកដណាស់ យើងនឹងចងចាំឈ្មោះរបស់កំពូលតារាឆ្នើម Cristiano Ronaldo។ PSSI ក៏សង្ឃឹមថា នឹងឃើញ Ronaldo ជួបជាមួយក្រុមរបស់យើង។ “យើងបានទាក់ទងជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នៅទីនោះ (ព័រទុយហ្កាល់) សូមកុំឱ្យ Ronaldo ចូលនិវត្តន៍ ដោយគ្រាន់តែលេងទល់នឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺបានហើយ” លោក Amali ពន្យល់។
មែនទែនទៅ ក្តីសង្ឃឹមរបស់ PSSI មិនមែន មានតែប្រទេសព័រទុយហ្គាល់ នោះទេ ប៉ុន្តែប្រទេសខ្លាំងៗដូចជាប្រេស៊ីល អេស្បាញ និងម៉ារ៉ុក ដែលបង្ហាញខ្លួននៅ World Cup 2022 ក៏ស្ថិតក្នុងបញ្ជីផងដែរ៕