Close

អ្នកស្រាវជ្រាវនៃវិទ្យាស្ថានតិចណូ កំពុងសិក្សាផលិតផលប្រេងសណ្ដែក ដោយរំពឹងជួយរកទីផ្សារជូនកសិករឆាប់ៗ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ សង្គម
អ្នកស្រាវជ្រាវនៃវិទ្យាស្ថានតិចណូ កំពុងសិក្សាផលិតផលប្រេងសណ្ដែក ដោយរំពឹងជួយរកទីផ្សារជូនកសិករឆាប់ៗ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានតិចណូ កំពុងសិក្សាផលិតផលប្រេងសណ្ដែក ដោយរំពឹងជួយរកទីផ្សារជូនកសិករឆាប់ៗ

​វិស័យ​កសិកម្ម​ នៅ​តែ​ត្រូវ​បាន​គេ​ចាត់ទុកជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​ ប្រជាជន​ប្រមាណ​ជា​ ៧៦%​ នៃ​ចំនួន​ប្រជាជន​សរុប​កំពុង​រស់នៅ​តំបន់​ជនបទ​ ខណៈ​វិស័យ​កសិកម្ម​បាន​ផ្តល់​ការងារ​ចំនួន​ ៣១,២%​ នៃ​ចំនួន​ការងារ​សរុប​ និង​បាន​ចូលរួម​ចំណែក​ ២០,៧%​ ចូល​ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ផ​.​ស​)​ ក្នុង​ឆ្នាំ​២០១៩​។​ នេះបើតាមរបាយការណ៍ពីអង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលចេញកាលពីឆ្នាំ ២០២១។

តាមរយៈរបាយការណ៍នេះ គេអាចដឹងបានថាប្រជាជនកម្ពុជាភាគច្រើនគឺជាកសិករ ប៉ុន្តែក៏មានភាគតិចណាស់នៃពួកគេ ដែលចេះកែច្នៃទិន្នផលរបស់ខ្លួន។ ការលក់ចេញក្នុងលក្ខណៈជាវត្ថុធាតុដើមស្ទើតែគ្រប់គ្នានេះហើយ ដែលធ្វើឱ្យទីផ្សារជោរជន់ ហើយម្ដងម្កាលកសិករតែងត្អូញត្អែរអំពីការដាំដុះ ដែលមិនមានទីផ្សារលក់ចេញ ឬលក់បានក្នុងតម្លៃទាបពេកជាដើម។

រហូតមកដល់ពេលបច្ចុប្បន្ន ការកែច្នៃតែងតែត្រូវបានជំរុញដោយរាជរដ្ឋាភិបាល ព្រោះនេះជាវិធីមួយ ដែលអាចធ្វើឱ្យទិន្នផលមានទីផ្សារទាំងក្នុង និងក្រៅស្រុក ព្រមទាំងអាចលក់បានក្នុងតម្លៃថ្លៃ។

ជាចំណែកមួយក្នុងការស្វែងរកទីផ្សារជូនកសិករ អ្នកស្រាវជ្រាវ និងជានិស្សិតថ្នាក់បណ្ឌិតមួយរូបនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា គឺលោក សាយ ម៉ានិត បានឱ្យដឹងថា លោកនិងសមាជិកប្រមាណជា ១០នាក់ទៀត កំពុងតែស្រាវជ្រាវបង្កើតផលិតផលផ្សេងៗចេញពីកសិផលរបស់កសិករ។

សម្រាប់បច្ចុប្បន្នលោកកំពុងផ្ដោតលើផលិតផលប្រេងសណ្ដែក ដោយសារ​លោកមើលឃើញថាដំណាំ ប្រភេទនេះមិនសូវជាមានអ្នកកែច្នៃ។ រីឯសមាជិកទាំង ១០នាក់នៅក្នុងមន្ទីរពិសោធន៍សព្វថ្ងៃរួមមាន គ្រូបង្គោលនៅវិទ្យាស្ថានផ្ទាល់ អ្នកស្រាវជ្រាវ និងនិស្សិតឆ្នាំទី៥ ដែលគ្រោងនឹងបញ្ជាប់និក្ខេបបទ​របស់ខ្លួន។

លោក សាយ ម៉ានិត៖ «ផលិតផលដែលខ្ញុំចាប់​អារម្មណ៍​ជាង​គេនោះគឺប្រេងសណ្ដែក ដោយកន្លង​មកតាមទិន្នន័យរបស់ក្រសួងកសិកម្ម ការដាំដុះ​សណ្ដែកគឺមានការថយចុះជាលំដាប់ យើង​បាន​ចុះ​ទៅសាកសួរកសិករ និងសិប្បករមួយចំនួន ឃើញថាទីផ្សារមានបញ្ហាទើបធ្វើឱ្យការដាំដុះថយចុះ ដូច្នេះហើយទើបយើងយកមកកែច្នៃដើម្បីរកទីផ្សារ ធ្វើឱ្យការដាំដុះកើនឡើងវិញ។»

ប៉ុន្តែយ៉ាងណា ផលិតផលរបសលោកនៅមិនទាន់ឈានចូលក្នុងទីផ្សារនៅឡើយទេ ដោយកំពុង​តែដំណើរការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ ហើយដែលលោករំពឹងថានឹងចេញលក់លើទីផ្សារឆាប់ៗ។

លោក សាយ ម៉ានិត៖ «បច្ចុប្បន្ននេះយើងកំពុងធ្វើការនៅក្នុងបន្ទប់ពិសោធន៍​នៅឡើយ ហើយជុំវិញ​ការសិក្សាបច្ចេកទេសផ្សេងៗទៅថ្ងៃមុខមិនទាន់មានគម្រោងថានឹងចូលទីផ្សារ​​ដោយ​ខ្លួនឯងនោះ បច្ចុប្បន្នកំពុងសហការជាមួយ​សហគ្រាស​មួយចំនួនរួចជាស្រេចហើយ។»

បើទោះបីជាផលិតផលរបស់ក្រុមនិស្សិត និងអ្នកស្រាវជ្រាវនៃសកលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មិនទាន់បានលក់ជាផ្លូវការនៅលើទីផ្សារក៏ពិតមែន ប៉ុន្តែជារឿយៗ ផលិតផលប្រេងសណ្ដែកសៀង តែមានវត្តមាននៅតាមកម្មវិធីពិព័រណ៍ផ្សេងៗមិនដែលដាច់ឡើយ។

បើតាមលោក សាយ ម៉ានិត នោះក៏ដោយសារតែលោកចង់ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅកាន់សាធារណៈជន ជាពិសេសកសិករដែលដាំដុះសណ្ដែកសៀង ក្នុងការចូលរួមសហការជាមួយ គ្នាដើម្បីលើកតម្លៃផលិតផលក្នុងស្រុក។

ជាចុងក្រោយ អ្នកស្រាវជ្រាវរូបនេះបានសំណូមពរដល់សិស្សានុសិស្សដែលត្រូវបន្តការសិក្សាថ្នាក់បរិញ្ញា បត្រ ឱ្យពិចារណាលើការសិក្សាជំនាញផ្សេងៗ ជាពិសេសជំនាញគីមីអាហារ ដែលមានចំណែកយ៉ាងធំ ក្នុងការជួយរកទីផ្សារជូនកសិករ៕

អត្ថបទទាក់ទង