ឯកឧត្ដម ឃួង ស្រេង ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ខណៈការបោះឆ្នោតបានខិតជិតមកដល់
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអធិការដ្ឋាន ស្នងការដ្ឋានរាជធានីភ្នំពេញ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ខណៈដែលការបោះឆ្នោតបានខិតជិតមកដល់។ ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ ដោយជំរុញឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បញ្ជូនទៅអធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះជូនពួកគាត់ឡើងវិញ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពនេះ បើធ្វើមិនទាន់មុនពេលបោះឆ្នោតទេ ឯកឧត្ដមបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់ការបោះឆ្នោតជូនពួកគាត់ មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណធ្វើមិនបានរួចរាល់ តែពួកគាត់នៅតែអាចបោះឆ្នោតបាន។
បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើលិខិត ដើម្បីរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុ១៥ឆ្នាំហើយ ត្រូវនាំកូនទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការ ទើបសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយអាជ្ញាធរខណ្ឌទាំង១៤ ជួយជំរុញប្រជាពលរដ្ឋឱ្យភ្ជាប់ប្រព័ន្ធតេឡេក្រាម ជាមួយសម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បានទទួលព័ត៌មានជាក់លាក់ជៀសវាងការជឿញុះញង់ពីពួកអគតិមួយចំនួន។
បើតាមស្នងការរងរាជធានីភ្នំពេញ បានឱ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣នេះ យើងបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំនួនជាង១លាន៦ម៉ឺនសន្លឹក។ តាមទិន្នន័យដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនៅភ្នំពេញ ដែលអស់សុពលភាពមានចំនួន១៣២.១០៣សន្លឹក នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ៣៤៩.២១៨សន្លឹក នៅឆ្នាំ២០២៦អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៦.៧៦២សន្លឹក និងនៅឆ្នាំ២០២៧ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៤.៣៦សន្លឹក ៕