របរចិញ្ចឹមឃ្មុំ ជួយឱ្យស្ត្រីម្នាក់ផ្គត់ផ្គង់កូនឱ្យទទួលបានការអប់រំពេញលេញ
(បាត់ដំបង)៖ នៅតាមសហគមន៍មូលដ្ឋាន ជាពិសេសតាមតំបន់ដាច់ស្រយាល សិស្សានុសិស្សច្រើនតែ មិនទទួលបានការសិក្សាពេញលេញដល់សកលវិទ្យាល័យនោះទេ។ ការសិក្សាមិនពេញលេញរបស់ សិស្សានុសិស្សនេះ មានមួយចំណែកធំចេញពីកត្តាជីវភាពរបស់ឪពុកម្ដាយ ឬអាណាព្យាបាល។
ខុសពីឪពុកម្ដាយ ឬអាណាព្យាបាលផ្សេង អ្នកស្រី ជៃ រ៉ង ដែលរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ ដំបង បានផ្គត់ផ្គង់កូន និងចៅឱ្យទទួលបានការសិក្សាអប់រំយ៉ាងពេញលេញ។ ទាំងនោះគឺបានមកពី ចំណូលដែលអ្នកស្រីរកបានពីការលក់ទឹកឃ្មុំ។
អ្នកស្រី ជៃ រ៉ង បានឱ្យដឹងថា៖ «តាំងពីការចិញ្ចឹមឃ្មុំជីវភាពរបស់ខ្ញុំមានភាពប្រសើរឡើង របរចិញ្ចឹមឃ្មុំនេះជួយខ្ញុំផ្គត់ផ្គង់កូនរៀនរហូតដល់ចប់សាកលវិទ្យាល័យ ផ្គត់ផ្គង់ឱ្យចៅរៀន និងទិញរបស់ប្រើប្រាស់ចូលក្រុមគ្រួសារ។»
អ្នកស្រីបន្តឱ្យដឹងថា ចំណូលបានមកពីការចិញ្ចឹមឃ្មុំនេះបានជួយផ្គត់ផ្គង់ជាប្រចាំខែដល់កូនអ្នកស្រី ដែលសិក្សានៅក្នុងសកលវិទ្យាល័យចំនួន ៤ឆ្នាំ រហូតដល់ពេលនេះដែលកូនរបស់អ្នកស្រីបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។
យ៉ាងណាមិញ អ្នកស្រីកំពុងចិញ្ចឹមឃ្មុំចំនួន ២៥ធុង នៅលើដីរបស់សហគមន៍តាខេះមានជ័យ។ សម្រាប់បច្ចេកទេសចិញ្ចឹមវិញ អ្នកស្រីបានរៀបរាប់ឱ្យដឹងថា អ្នកស្រីទទួលបានការបណ្ដុះបណ្ដាល ចាប់តាំងពីឆ្នាំ ២០១៩ ដោយមូនិធិម៉ាដក្សចូលីភីត ដែលមានអ្នកស្រី Angelina Jolie ជាស្ថាបនិក។
ក្នុងឆ្នាំដដែលនោះ អ្នកស្រីបានស្វែងយល់ពីការចិញ្ចឹមឃ្មុំ ចំណីរបស់សត្វឃ្មុំ សត្វដែលអាចបំផ្លាញសត្វឃ្មុំបាន ព្រមទាំងបានចាប់ផ្ដើមចិញ្ចឹមឃ្មុំជាមួយនឹងទុន១ធុង។ ដោយចិញ្ចឹមបានជោគជ័យ អ្នកស្រីបានពង្រីកការចិញ្ចឹមជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះគឺមានចំនួនសរុប ២៥ធុង។
ក្រៅពីរបរនេះទៅ អ្នកស្រីក៏មានរបរដាំដុះផ្សេងៗទៀតផងដែរ តែយ៉ាងណាចំណូលមួយផ្នែកធំគឺបាន មកពីឃ្មុំនេះហើយ។
តាមរយៈភាពជោគជ័យនេះ អ្នកស្រីបានលើកទឹកចិត្តដល់សហគមន៍ផ្សេងទៀត ឱ្យងាកមកចាប់របរ ចិញ្ចឹមឃ្មុំនេះ ដោយសារតម្រូវការនៅមានច្រើនផងដែរ។
ទាក់ទិននឹងចំណុចនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានថ្លែងជំរុញដល់ ប្រជាសហគមន៍ឱ្យចិញ្ចឹមឃ្មុំបន្ថែមផងដែរ ដោយហេតុថាតម្រូវការមានច្រើន មិនអាចពឹងពាក់លើ ការរកឃ្មុំព្រៃតែមួយមុខនោះទេ។
ម្យ៉ាងទៀត ការចិញ្ចឹមបែបនេះ ប្រជាជនអាចធានានិរន្តរភាពនៃមុខរបររបស់ខ្លួន ថែមទាំងអាចការពារ ពូជឃ្មុំដោយមិនឱ្យបាត់បង់ទៅថ្ងៃមុខ ព្រោះឃ្មុំជាភ្នាក់ងារនាំលម្អងដ៏មានសារៈសំខាន់សម្រាប់ដំណាំគ្រប់ ប្រភេទរបស់ប្រជាពលរដ្ឋ៕