Close

មុខរបរចិញ្ចឹមខ្យងប័រ អាចរកចំណូលជូនដល់កសិករមួយរូប ១ម៉ឺនដុល្លារក្នុងមួយខែ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ សង្គម
មុខរបរចិញ្ចឹមខ្យងប័រ អាចរកចំណូលជូនដល់កសិករមួយរូប ១ម៉ឺនដុល្លារក្នុងមួយខែ មុខរបរចិញ្ចឹមខ្យងប័រ អាចរកចំណូលជូនដល់កសិករមួយរូប ១ម៉ឺនដុល្លារក្នុងមួយខែ

(មណ្ឌលគិរី)៖ ផ្ទុយពីប្រភេទខ្យងស្រែដែលគេតែងតែប្រទះឃើញនោះ សម្រាប់ ខ្យង ៣ប្រភេទដែលមានឈ្មោះថា ខ្យងប័រ ខ្យងធូរេន និងខ្យងឆឺរី ជាប្រភេទខ្យងដែលមានប្រភពចេញពីប្រទេសជប៉ុន។ ខ្យងប្រភេទនេះត្រូវ បានគេស្គាល់ថាមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាពអ្នកបរិភោគ និងមានតម្លៃថ្លៃស្ទើរមិនគួរឲ្យជឿ។

លោក ហាច ឆន ជាម្ចាស់កសិដ្ឋាន៤០០ បានរៀបរាប់ឱ្យដឹងថា កសិដ្ឋានរបស់លោកមាន​ចិញ្ចឹម​សត្វជាង ៤០០ប្រភេទ រួមទាំងខ្យងជាច្រើនប្រភេទ ដែលអាចលក់បានក្នុងតម្លៃថ្លៃ ដែល​បច្ចុប្បន្ននេះកំពុងមាន​ទីផ្សារល្អ។

ក្នុងចំណោមសត្វចិញ្ចឹមទាំងអស់ គឺមានប្រភេទខ្យងនេះឯងដែលរកចំណូលចូលគ្រួសារលោកបានច្រើនជាងគេ។ លោកបានបន្តឱ្យដឹងថា បច្ចុប្បន្នលោកចិញ្ចឹមខ្យង៣ប្រភេទដែលអាច​លក់​ចេញ​ក្នុងតម្លៃថ្លៃកប់ក្តោង និងថែមទាំងផ្គត់ផ្គង់ទីផ្សារស្ទើរមិនទាន់។

លោក ហាច ឆន បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះសម្រាប់ការចិញ្ចឹមខ្យងរបស់ខ្ញុំ គឺមានច្រើនប្រភេទ​ទាំងប្រភេទក្នុងទឹក និងលើគោក ក្នុងនោះយើងចិញ្ចឹមខ្យងច្រើនតែផ្តោតសំខាន់ទៅលើខ្យងខ្យងប័រ ខ្យងធូរ៉េន និងខ្យងឈឺរី ដោយសារវាមានតម្លៃថ្លៃ សម្រាប់ខ្យងប័រ និងខ្យងទុរេន ១គីឡូមានតម្លៃ ១០០ដុល្លារ ចំណែកខ្យងឈើរី ១គីឡូ ៥០ដុល្លារ»។

យ៉ាងណាមិញ កសិកររូបនេះបានចាប់ផ្ដើមការចិញ្ចឹមរបស់ខ្លួនបានជិត ៥ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ ២០១៨ ដោយនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ។

ជាមួយគ្នានេះដែរ ខ្យងនេះមានរសជាតិឆ្ញាញ់ដែលគេអាចយកទៅកែច្នៃធ្វើជាម្ហូបបានច្រើនមុខ រីឯសាច់ ក៏មានពណ៍ស្រស់ស្អាតទៀតផង។ ម្យ៉ាងទៀត ការនាំចូលពូជខ្យងនេះមកក៏មានតម្លៃថ្លៃផងដែរ ដោយក្នុងមួយគីឡូមានតម្លៃរហូតដល់ ៧០ម៉ឺនរៀល។

ដោយឡែក សម្រាប់ការចិញ្ចឹមវិញ កសិកររូបនេះបានឱ្យដឹងថាមានភាពងាយស្រួលក្នុងការថែទាំ ដោយអាចប្រមូលផលបានក្នុងចន្លោះពេល ២ខែកន្លះ ទៅ៣ខែប៉ុណ្ណោះ ដែលមានរយៈខ្លីជាង​ខ្យងធម្មតាដល់ទៅ ៦-៧ខែ ហើយវាថែមទាំងមិនរើសចំណីថែមទៀត។

បើគិតតែការចិញ្ចឹមខ្យងតែមួយមុខ សព្វថ្ងៃលោកបានពង្រីកអាងចិញ្ចឹមរហូតដល់ជាង ៣០០រយអាង ដែលការពង្រីកនេះកើតចេញពីការស្រាវជ្រាវ បង្កាត់ពូជដោយរូបលោកផ្ទាល់តែម្ដង។

សម្រាប់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារវិញលោកបានរៀបរាប់ថា៖ «បច្ចុប្បន្ននេះយើងផ្គត់ផ្គង់ក្នុងស្រុក ទី១គឺ យើងលក់ជាពូជ មួយចំនួនទៀតផ្គត់ផ្គអ់សម្រាប់ពលរដ្ឋដែលទិញយកទៅបរិភោគ និងមួយចំនួន​តូចនាំចេញទៅក្រៅប្រទេស ពោលគឺតាមការស្គាល់គ្នា ឬបរទេសដែលមករៀនសូត្រនៅកសិដ្ឋាន ហើយទិញយកទៅបង្កាត់ពូជ។»

លោកបានបន្តឱ្យដឹងពីចំណូលផងដែរថា៖ «សម្រាប់របរខ្យងនេះ បើគិតជាមធ្យមយើងអាច​រកចំណូល​បានចន្លោះពី១ម៉ឺន ទៅ៣ម៉ឺនដុល្លារ នៅក្នុង១ខែ រីឯបរិមាណលក់ចេញវិញ កសិដ្ឋានយើងអាចលក់​ខ្យង​បានចន្លោះពី ៣០០គីឡូក្រាម ទៅ១តោននៃខ្យងនៅក្នុងមួយខែ។»

ក្រៅពីមានរសជាតិឆ្ញាញ់ទៅ ខ្យងទាំង៣ប្រភេទខាងលើក៏សម្បូរទៅដោយវីតាមីនចម្រុះដូចជា B12 វីតាមិន C និងវីតាមីនD ជាដើម ហើយលើសពីនេះវាក៏ផ្តល់អត្ថប្រយោជន៍សុខភាព​ច្រើនដល់មនុស្សចាស់ និងកុមារផងដែរ៕

អត្ថបទទាក់ទង