Close

៥ខែដើមឆ្នាំកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង២លាននាក់ ខណៈក្រសួងទេសចរណ៍​រំពឹងទទួលបានភ្ញៀវ​៤.៥លាននាក់ក្នុងឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ សង្គម
៥ខែដើមឆ្នាំកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង២លាននាក់ ខណៈក្រសួងទេសចរណ៍​រំពឹងទទួលបានភ្ញៀវ​៤.៥លាននាក់ក្នុងឆ្នាំ២០២៣ ៥ខែដើមឆ្នាំកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង២លាននាក់ ខណៈក្រសួងទេសចរណ៍​រំពឹងទទួលបានភ្ញៀវ​៤.៥លាននាក់ក្នុងឆ្នាំ២០២៣

រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជា​២.១៦លាននាក់​ដែលបាន​ចូលមកទស្សនាប្រទេសកម្ពុជា។ ក្នុងនោះផងដែរ ក៏មានការរំពឹងទុកថាពេញមួយឆ្នាំ២០២៣នេះ កម្ពុជាអាច​នឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ​១៦លាននាក់។
នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ ក្នុងឱកាសសន្និបាត បូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង​និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅ​អនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់ កើនឡើង១,០៥៩% ធៀបនឹង​ឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣.៩លាននាក់ កើនឡើង១៩៩% ធៀបនឹងឆ្នាំ២០២១។

យ៉ាងណាមិញ សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាន​នាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរ​ជាតិប្រមាណ១០លាននាក់ កើនឡើង៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

ដោយឡែក ដើម្បីធានាចីរភាពនៃការស្តារ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺ​កូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗរួមមាន៖ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

ផ្តើមចេញពីឯកសារផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារ​ដ៏មានសារៈ​សំខាន់៣ទៀតរួមមាន៖ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយអនុវត្តយុទ្ធនា​ការឆ្នាំ​ទស្សនា​កម្ពុជា២០២៣។

ក្នុងនោះផងដែរ តិចឬច្រើនគឺមានចំណែកមកពីភាព ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ​ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ដែលវាបានជួយជំរុញដល់ការ​ផ្សព្វផ្សាយពីរូប​ភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕

អត្ថបទទាក់ទង