Close

FIFA អនុម័តឲ្យដំណើរការ VAR នៅ V-League របស់វៀតណាម ជាផ្លូវការ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ កីឡា
FIFA អនុម័តឲ្យដំណើរការ VAR នៅ V-League របស់វៀតណាម ជាផ្លូវការ FIFA អនុម័តឲ្យដំណើរការ VAR នៅ V-League របស់វៀតណាម ជាផ្លូវការ

អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម(VPF) លោក Tran Anh Tu បានគូសបញ្ជាក់ថា បច្ចេកវិទ្យាជំនួយការអាជ្ញាកណ្តាលវីដេអូ ឬ VAR នឹងចាប់ផ្តើមអនុវត្តនៅចុងបញ្ចប់នៃរដូវកាលនេះ នៅលីគកំពូលវៀតណាម V-League និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ National Cup 2023។

នាថ្ងៃទី ២០ មិថុនា អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងជាប្រធានរៀបចំការប្រកួតបាល់ទាត់អាជីពថ្នាក់ជាតិ លោក Tran Anh Tu បានឲ្យដឹងថា FIFA ទើបតែបញ្ចប់ការវាយតម្លៃអាជ្ញាកណ្តាល ជំនួយការអាជ្ញាកណ្តាល VAR ចំនួន ១៨ រូប របស់ប្រទេសវៀតណាម។

លោក Tran Anh Tu បាននិយាយថា៖“ ប្រហែលពីរសប្តាហ៍ពីពេលនេះ FIFA នឹងផ្ដល់ចម្លើយជាផ្លូវការថា អាជ្ញាកណ្តាលណាជាប់ឈ្មោះ និងអាជ្ញាកណ្តាលណាមិនជាប់ឈ្មោះ។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការបញ្ចេញមតិរបស់អ្នកជំនាញរបស់ FIFA អាជ្ញាកណ្តាលវៀតណាម បានចាប់យកបច្ចេកវិទ្យា និងបច្ចេកទេស VAR បានយ៉ាងរហ័ស។ យើងសង្ឃឹមថា អត្រាអ្នកជាប់ឈ្មោះគឺ ១០០%»។

កន្លងមក អាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលវៀតណាម ចំនួន ១៨នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ VAR ក្រោមការត្រួតពិនិត្យ និងការណែនាំរបស់អ្នកជំនាញមកពី FIFA និង AFC។ ក្នុងចំណោមនោះ មានតែអាជ្ញាកណ្តាល ១ ឬ ២ នាក់ប៉ុណ្ណោះ ដែលត្រូវការកែលម្អ ប៉ុន្តែពួកគេអាចបំពេញតាមស្តង់ដាររបស់ FIFA ទាំងស្រុង។

យោងតាមលោក Tran Anh Tu សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានអនុម័តរថយន្ត VAR ចំនួន ២ គ្រឿងរបស់វៀតណាម ដែលបំពេញតាមស្តង់ដារបច្ចេកទេស ដើម្បីបំពេញភារកិច្ចក្នុងការប្រកួតបាល់ទាត់អាជីព៕

អត្ថបទទាក់ទង