Close

រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថានរួមគ្នាដាំដើមឈើបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍ ក្នុងស្រុកសំឡូត

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ សង្គម
រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថានរួមគ្នាដាំដើមឈើបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍ ក្នុងស្រុកសំឡូត រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថានរួមគ្នាដាំដើមឈើបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍ ក្នុងស្រុកសំឡូត

(បាត់ដំបង)៖ នាថ្ងៃទី ២០មិថុនាកន្លងទៅនេះ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្ត​បាត់ដំបង ព្រមទាំងមានការចូលរួមពីមូលនិធិម៉ាដក្សចូលីភីត (Maddox Julie-pitt) បានរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍តាខេះមានជ័យ។

ការដាំដើមឈើនេះគឺក្នុងគោលបំណងបង្កើនភាពបៃតងបន្ថែមទៀតនៅក្នុងសហគមន៍ ដែលមានប្រជា ជនជាច្រើនរយគ្រួសារជាអ្នកទទួលផលពីព្រៃសហគមន៍។ ក្រៅពីបង្កើតជាភាពបៃតងនេះទៅ កូនឈើដែលបានដាំទាំងនេះ​ នឹងក្លាយទៅជាអាហារដ៏សំខាន់សម្រាប់សត្វឃ្មុំដែលប្រជាសហគមន៍ចូល​រួមចិញ្ចឹម។

ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ឱ្យ​ដឹងថា៖ «យើងនាំគ្នាដាំស្ដារឡើងវិញនូវព្រៃឈើដែលរេចរិល ហើយព្រៃឈើនេះគឺយើង​រើសប្រភេទ​របស់វាដែលមានសារៈ​សំខាន់ មិនមែនត្រឹមតែដាំដើម្បីបង្កើតភាពបៃតងដូចជា​ប្រភេទ​បេង នាងនួន ធ្នុងទេ ប៉ុន្តែយើងក៏ដាំចម្រុះដូចជា ផ្កាត្របែកព្រៃ ដើមគរ ដែលជាប្រភេទ​រុក្ខជាតិ​ដែលមានផ្កា និងហុចផល ផ្សេងៗទៀតផងដែរ។»

បើតាមការបញ្ជាក់របស់ឯកឧត្តម ការជ្រើសរើសដាំប្រភេទរុក្ខជាតិផ្កានេះគឺនឹងបង្កើតចំណីឱ្យកាន់តែ ច្រើនសម្រាប់សត្វឃ្មុំ។ ហើយនេះជាចំណុចមួយដែលនាំឱ្យសហគមន៍បានយល់ដឹងពីសារៈសំខាន់នៃការ រក្សាទុកព្រៃឈើដែលមានស្រាប់ ក៏ដូចជាដាំដើមឈើបំពេញបន្ថែមទៀត។

ទន្ទឹមគ្នានេះ លោក សេង សាម័យ នាយសង្កាត់រដ្ឋបាលព្រៃឈើសំឡូត ដែលបានចូលរួមដាំដើមឈើ ផងដែរ បានមានប្រសាសន៍ថា៖ « តំបន់នេះបទល្មើសមិនមានទេ មានតែការអាស្រ័យផលរបស់​ប្រជាពលរដ្ឋទៅលើផ្ទៃដីសហគមន៍ អ្នកខ្លះដាំដូចជាដំឡូង ពោតជាដើម។»

បើតាមការបញ្ជាក់ឱ្យដឹងបន្ថែមរបស់លោក សេង សាម័យ សហគមន៍នេះមានផ្ទៃដីជាង ១ពាន់ហិកតា នឹងមានសមាជិកមកពីសហគមន៍ផ្សេងៗចំនួន ១៤សហគមន៍ ដែលស្មើនឹងប្រមាណជា ៧០០គ្រួសារ។
បើគិតមកដល់ពេលនេះ អាជ្ញាធរខេត្តផ្ទាល់បានសហការជាមួយភាគីផ្សេងៗទៀត បានដាំដុះកូនឈើ ចំនួន ៣ដងហើយ ដែលទទួលបានកូនឈើសរុបចំនួន ១៤៥០ដើម។

ដោយឡែក ចំពោះការយល់ដឹងរបស់ប្រជាពលរដ្ឋ លោកបានមើលឃើញថា៖«​ពីមុនគាត់ឃើញ​ដៃប្រទះដៃ ឃើញជើងប្រទះជើង ប៉ុន្តែបន្ទាប់ពីជ្រួតជ្រាបច្បាប់ស្ដីពីព្រៃឈើ និងធនធានធម្មជាតិ ធ្វើឱ្យគាត់ខ្លាចញញើតដែរ ម្យ៉ាងទៀតទុកព្រៃនេះទៅក៏គាត់គង់តែបានប្រយោជន៍ដដែល អីចឹងទៅ ពេលនេះពួកគាត់ជួយគ្នាការពារព្រៃសហគមន៍វិញ។»

ត្រង់ចំណុចនេះដែរ លោកបានបញ្ជាក់ថា ជារឿយៗប្រជាសហគមន៍តែងផ្លាស់ប្ដូរវេនគ្នាសម្រាប់ដើរ ល្បាតព្រៃសហគមន៍នេះ ជាពិសេសការពារកុំឱ្យមានការបាញ់ថ្នាំលើដំណាំផ្សេងៗ ដែលអាចប៉ះពាល់ ដល់សត្វឃ្មុំជាដើម៕

អត្ថបទទាក់ទង