Close

Mbappe ជួយបារាំង យកឈ្នះ ក្រិក ខណៈ អង់គ្លេស លុត ម៉ាសេដូនាខាងជើង ៧-០

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ កីឡា
Mbappe ជួយបារាំង យកឈ្នះ ក្រិក ខណៈ អង់គ្លេស លុត ម៉ាសេដូនាខាងជើង ៧-០ Mbappe ជួយបារាំង យកឈ្នះ ក្រិក ខណៈ អង់គ្លេស លុត ម៉ាសេដូនាខាងជើង ៧-០

ការប្រកួតជម្រុះ Euro 2024 នៅយប់មិញនេះ ក្រុមជម្រើសជាតិបារាំង បានយកឈ្នះ ក្រិក ក្នុងលទ្ធផល ១-០ ដោយសារគ្រាប់បាល់របស់កីឡាករវ័យក្មេង Mbappe។ ស្របពេលជាមួយគ្នានេះ ក្រុមតោកំណាចអង់គ្លេស បានលុតក្រុម ម៉ាសេដូនាខាងជើង យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Stade de France ប្រទេសបារាំង កូនសិស្សរបស់លោក Deschamps ពិបាករកគ្រាប់បាល់ណាស់លើក្រុមជម្រើសជាតិក្រិក ដែលជាក្រុមភ្ញៀវ។ ការលេងការពាររឹងមាំរបស់ក្រិក ធ្វើឱ្យម្ចាស់ជើងឯករង World Cup 2022 មានការលំបាក។ ស្ថានភាពគ្រោះថ្នាក់បំផុត សម្រាប់បារាំង ក្នុងតង់ទីមួយគឺការស៊ុតពីចម្ងាយរបស់ Kounde ដែលត្រូវបានសង្គ្រោះដោយអ្នកចាំទី Vlachodimos នៅនាទីទី ៤៤ ។ ចូលដល់តង់ទីពីរ បារាំង បានទទួលបាល់ពិន័យនៅនាទីទី៤៩ ។

បន្ទាប់ពីពិគ្រោះជាមួយបច្ចេកវិទ្យា VAR អាជ្ញាកណ្តាល Antonio Mateu Lahoz បានផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ បារាំង ដោយសារ Mavropanos របស់ក្រិក លើកជើងខ្ពស់ ធ្វើឲ្យប៉ះទង្កិចជាមួយ Antoine Griezmann។ ប្រធានក្រុម Mbappe  ទទួលភារកិច្ចស៊ុតបាល់ ១១ម៉ែត្រ បំប៉ោងសំណាញ់ទី ដោយជោគជ័យ។ បញ្ចប់ការប្រកួត បារាំង បានយកឈ្នះ ក្រិក ក្នុងលទ្ធផល ១ ទល់នឹង ០។
ការឈ្នះលើក្រិក ១-០ បាននាំឲ្យ បារាំង ឈរនៅកំពូលតារាងក្នុងពូល B នៃវគ្គជម្រុះ Euro 2024 មាន ១២ ពិន្ទុ បន្ទាប់ពីឈ្នះ ៤ប្រកួតជាប់គ្នា។ ក្រិក ឈរនៅលេខរៀងទី២ មាន៦ពិន្ទុ ខណៈអៀរឡង់ និងហូឡង់ មានម្នាក់ ៣ពិន្ទុ។
ងាកមកចាប់អារម្មណ៍ការប្រកួតមួយទៀត រវាងក្រុមជម្រើសជាតិអង់គ្លេស និង ម៉ាសេដូនាខាងជើង ម្ចាស់ផ្ទះអង់គ្លេស បានគ្រប់គ្រងការប្រកួតទាំងមូល និងរកគ្រាប់បាល់បានរហូតដល់ ៧គ្រាប់។
គ្រាប់បាល់ដំបូង រកបានដោយកីឡាករ Harry Kane នៅនាទីទី ២៩។ នៅនាទីទី ៣៩ Bukayo Saka បន្ថែមគ្រាប់បាល់ទី២ ហើយមុនពេលចប់តង់ទី១ Marcus Rashford បានរកគ្រាប់បាល់ទី៣។ ចូលដល់តង់ទី២ ក្រុមអង់គ្លេស បានបន្តវាយដាក់សម្ពាធក្រុមភ្ញៀវ ហើយនៅនាទីទី៤៧ និង ៥១ Saka បានបន្ថែមពីរគ្រាប់ទៀត ហើយបានក្លាយជាកីឡាករ Arsenal ដំបូងគេ ក្នុងរយៈពេល ១៥ឆ្នាំ ដែលស៊ុតបញ្ចូលទីបាន Hat-trick ឱ្យក្រុមអង់គ្លេស បន្ទាប់ពី Theo Walcott ។

ទោះបីជានាំមុខ ៥-០ តែអង់គ្លេស មិនទាន់ឆ្អែតឆ្អន់នោះទេ ហើយនៅនាទីទី ៦៥  Kalvin Phillips បន្ថែមគ្រាប់បាល់ទី ៦ ហើយនៅនាទីទី ៧៣ Kane បានបញ្ចប់ការស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ទៀត ដែលធ្វើអោយ អង់គ្លេស ទទួលជ័យជម្នះលើ ក្រិក ក្នុងលទ្ធផល ៧-0 ។

៣ពិន្ទុក្នុងផ្ទះ ជួយឲ្យ អង់គ្លេស រក្សាតំណែងកំពូលតារាងក្នុងពូល C នៃវគ្គជម្រុះ Euro 2024 ដោយមាន ១២ពិន្ទុ នាំមុខក្រុមលេខ ២ អ៊ុយក្រែន ៦ ពិន្ទុ៕

អត្ថបទទាក់ទង