ផ្ដើមចេញពីការងារសហគមន៍ ទៅជាអ្នកជួយជ្រោមជ្រែងជីវភាពសហគមន៍តាមរយៈការលក់កន្ត្រកឬស្សី
ជាការពិត ប្រជាសហគមន៍ភាគច្រើនមានជំនាញក្នុងការផលិតសម្ភារៈដែលធ្វើដោយដៃ ប៉ុន្តែដោយសារ មានកង្វះនូវជំនាញផ្សព្វផ្សាយលក់ផលិតផលដែលផលិតបាន ទើបប្រជាជនភាគច្រើនសុខចិត្តចាប់យក អាជីពថ្មីផ្សេងមកជំនួសវិញ។
ដោយឡែក តាមរយៈការចុះបំពេញការងារសហគមន៍ បុរសម្នាក់បានកត់សម្គាល់ឃើញពីស្នាដៃដ៏ប៉ិនប្រសប់របស់ប្រជាជននៅក្នុងនោះដែលរួមមាន៖ កន្ត្រកធ្វើពីឬស្សី ធ្វើពីផ្ដៅ និងកំប្លោកជាដើម។ ជាក់ស្ដែង លោកបានឃើញថាប្រជាជនពិតជាមានផលលំបាកច្រើនក្នុងការរកចំណូល ដូច្នេះហើយ ទើបលោកព្យាយាមជួយតាមរយៈការរកទីផ្សារជូនពួកគេ។
យ៉ាងណាមិញ លោកចាប់ផ្ដើមដំបូងដោយគ្រាន់តែប្រមូលអ្វីដែលប្រជាសហគមន៍ផលិតបានមកលក់ ក្នុងទំហំតូចតាចប៉ុណ្ណោះ ដែលការលក់នោះទៀតសោតគឺធ្វើឡើងតាមអនឡាញ។ ដោយមានការ ចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម លោកក៏ចាប់ផ្ដើមពង្រីកការលក់ ដោយពិភាក្សា ជាមួយប្រជាជនដែលជាអ្នកផលិតផ្ទាល់ក្នុងការបង្កើនចំនួនផលិត។
បើតាមលោក សំ សុភ័ក្រ ម្ចាស់អាជីវកម្មអនឡាញដែលមានឈ្មោះថា «Khmer Rattan Lovers»ក្នុងឆ្នាំ ២០១៩នោះ លោកប្រើប្រាស់ដើមទុនក្នុងការលក់ត្រឹមតែ ១០០ ទៅ ២០០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែក្រោយពីគេហទំព័រហ្វេសប៊ុករបស់លោកមានគេស្គាល់ច្រើន លោកបានបង្កើនដើមទុន រហូតដល់ ៤០០០ ទៅ ៥០០០ដុល្លារ។
លោក បានរៀបរាប់ថា៖ «ភាគច្រើនខ្ញុំយកផលិតផលទាំងនេះមកពីសហគមន៍ផ្ទាល់នៅខេត្តសៀមរាបមានដូចជាសហគមន៍ផ្តៅ សហគមន៍ផលិតផលឫស្សីជាដើម បច្ចុប្បន្នមានផលិតផលដូចជា ប្រភេទផ្ដៅ រពាក់ ឫស្សី ប្រភេទកំប្លោក ផ្អាវ និងស្លឹករឹតជាដើម ហើយក្នុងនោះផលិតផលទាំងនេះ មានម៉ូតជាច្រើនថែមទៀត ជាពិសេសផលិតផលផ្ដៅ និងរពាក់ វាចេញច្រើនម៉ូតមែនទែន ដោយសារវាអាចច្នៃទៅជាផលិតផលច្រើនយ៉ាង តាំងពីកន្ត្រក រហូតដល់ធុងសំរាមក៏មាន។»
សម្រាប់តម្លៃលក់ លោកបានឱ្យដឹងថា ជាមធ្យមផលិតផលទាំងនេះមានតម្លៃចាប់ពី ៣ទៅ៤ ដុល្លារ ដោយលក់តែនៅលើប្រព័ន្ធអនឡាញប៉ុណ្ណោះ ពិសេសហ្វេសប៊ុក។
ចំណែកឯចំណូលបានមកពីការលក់វិញលោកបានឱ្យដឹងថា៖ «វាទៅតាមរដូវកាល ទី១ គឺរដូវដែលមានបុណ្យទាន និងរដូវធម្មតា សម្រាប់ខែបុណ្យលោកអាចរកចំណូលបានរហូតដល់ ៥០០ ទៅ ១ពាន់ដុល្លារឯណោះក្នុងមួយថ្ងៃ ហើយបើសិនជារដូវមិនមានបុណ្យទាន អាចបានចំណូលចន្លោះពី ២០០ ទៅ ៣០០ដុល្លារក្នុងមួយថ្ងៃ។»
បើតាមការបញ្ជាក់បន្ថែមរបស់លោក ភាគច្រើនលោកលក់ផលិតផលទៅឱ្យឈ្មួញកណ្ដាល ដែលទិញជា ដុំតែម្ដង ដោយជាមធ្យមអតិថិជនទាំងនោះទិញក្នុងចន្លោះរាប់រយផលិតផលឯណោះ។
លោកបានឱ្យដឹងដែរថា ចំណុចពិសេសដែលមានការចាប់អារម្មណ៍ច្រើនពីអតិថិជនគឺដោយសារតែ លោកផ្ដោតលើការវេចខ្ទប់ដែលបញ្ចូលនូវគំនិតច្នៃប្រឌិតក្នុងការរៀបចំសោភណ្ឌភាពរបស់ផលិតផល នីមួយៗ។ ជាពិសេសគឺការទទួលខុសត្រូវចំពោះផលិតផលដែលបានលក់ចេញ នៅពេលដែលអតិថិជន មានបញ្ហា៕