អាមេរិកបើកភ្លើងខៀវក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងF-16ឲ្យអ៊ុយក្រែន
បរទេស៖ ទោះបីជាកន្លងមកមិនមានប្រទេសណាហ៊ានប្រកាសក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងF-16ទៅឲ្យប្រទេសអ៊ុយក្រែនដោយសារបារម្ភពីបញ្ហាស្តុកផង និងបញ្ហានៃការចូលរួមពាក់ព័ន្ធកាន់តែជ្រៅផងជាមួយនឹងអ៊ុយក្រែន និងរុស្ស៊ីផង។
ប៉ុន្តែមកដល់សប្តាហ៍នេះក្រសួងកាបរទេសអាមេរិកបានអះអាងបែបជាសញ្ញាភ្លើងខៀវថានឹងអាចផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទនេះក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការបរទេសអាមេរិកនិងត្រូវបានចេញផ្សាយដោយ Defense News បានបញ្ជាក់បែបនេះថា៖លទ្ធភាពនៃការផ្តល់ឲ្យយន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ុយក្រែនទោះបីជាពីអាមេរិកក្តីនិងសម្ព័ន្ធមិត្តទាំងឡាយក្តីនឹងអាចត្រូវការពេលវេលាយ៉ាងហោចណាស់ជាច្រើនខែទៀត។
ទោះបីជាកន្លងមកអាមេរិកខ្លួនឯងមិនដែលហ៊ានប្រកាសថានឹងផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែនក្តីប៉ុន្តែអាមេរិកតែងតែបានបង្ហាញជំហគាំទ្រចំពោះសម្ព័ន្ធមិត្តទាំងឡាយណាដែលមានបំណងចង់ផ្គត់ផ្គង់យន្តហោះចម្បាំងទាំងនោះ។
រំលឹកដែរថាព័ត៌មាននៃការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបនេះទៅឲ្យអ៊ុយក្រែនគឺចាប់ផ្តើមឡើងដំបូងកាលពីខែឧសភានៅពេលដែលប្រទេសហូឡង់បានបង្ហើបអំពីបំណងចង់ផ្តល់យន្តហោះចម្បាំងនេះឲ្យអ៊ុយក្រែនហើយព្រមទាំងបានចាប់ផ្តើមធ្វើការហ្វឹកហាត់ពីឡុតបើកបរយន្តហោះចម្បាំងនេះផងដែរ។
គិតចាប់តាំងតែពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មកទល់ពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាយោធាទំហំដល់ទៅ៤០ពាន់លានដុល្លាររួចមកហើយសម្រាប់ប្រទេសអ៊ុយក្រែនដែលមានចាប់រាប់ពីគ្រាប់កាំភ្លើងទៅដល់មីស៊ីលនិងរថក្រោះផង ប៉ុន្តែនៅមិនទាន់មានយន្តហោះចម្បាំងណាមួយដែលត្រូវបានផ្តល់ឲ្យអ៊ុយក្រែននៅឡើយទេ៕