Close

កម្ពុជាកំពុងបន្តចរចាជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីបើកច្រកទីផ្សារថ្មីៗបន្ថែម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ សង្គម
កម្ពុជាកំពុងបន្តចរចាជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីបើកច្រកទីផ្សារថ្មីៗបន្ថែម កម្ពុជាកំពុងបន្តចរចាជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីបើកច្រកទីផ្សារថ្មីៗបន្ថែម

កំពង់ចាម ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាកំពុងបន្តចរចាជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីបើកច្រកទីផ្សារថ្មីៗបន្ថែម និងចាប់យកនូវឱកាសទីផ្សារក្រៅប្រទេស សំដៅជួយពង្រឹងកម្ពុជាឱ្យស្វ័យម្ចាស់ការខ្លួនឯង ធានាបាននូវនិរន្តរភាពរឹងមាំផ្នែកសេដ្ឋកិច្ច ពង្រីកបានទីផ្សារផលិផល លើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងបាធាយ បានលើកឡើងដូច្នេះ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសុវត្ថិភាពភូមិ-ឃុំ ក៏ត្រូវបានពង្រឹងជាប្រចាំ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈដំណើរការកែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ធ្វើឱ្យរដ្ឋបាលឃុំ-សង្កាត់កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅជនបទ ក៏ដូចជានៅតាមទីប្រជុំជន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាសកល នូវភាពជោគជ័យលេចធ្លោរបស់កម្ពុជា ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ រួមមានជាអាទិ៍៖ ១. ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ និងការពុះពារដោះស្រាយផលវិបាកសង្គមបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបាននាំសង្គមជាតិមកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ, ២. ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ៣. ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ៤. ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលបានមេដាយយ៉ាងច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មាន គឺសរុបចំនួន២៨២ ក្នុងនោះរួមមាន មេដាយមាសចំនួន៨១ (ស្ថិតក្នុងលេខរៀងទី៤) ប្រាក់៧៤ និងសំរិទ្ធិ១២៧, ព្រមទាំងជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តការណ៏ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗ កន្លងទៅនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមថា កម្ពុជានៅតែរក្សារបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាជំនះបាននូវបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិធំៗជាសកល រួមមាន៖ ការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន។ល។ ជាពិសេសសម្រេចបានគួរជាទីមោទកៈផងដែរនូវការបើកច្រកទីផ្សារថ្មីៗបន្ថែមជាបន្តបន្ទាប់តាមរយៈកិច្ចព្រមព្រៀងនានា ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។

ឯកឧត្តម បានថ្លែងបន្តថា ទន្ទឹមនេះ កម្ពុជាមានកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសមួយចំនួនទៀត ដែលយើងកំពុងបន្តចរចាជាបន្តបន្ទាប់ ហើយនឹងបញ្ចប់នាពេលខាងមុខ ដែលការចរចាបើកច្រកទីផ្សារថ្មីៗបន្ថែមនេះ គឺជាចក្ខុវិស័យប្រកបដោយភាពស៊ីជុំរៅរបស់រាជរដ្ឋាភិបាល ក្នុងការចាប់យកនូវឱកាសទីផ្សារក្រៅប្រទេស សំដៅជួយពង្រឹងកម្ពុជាឱ្យស្វ័យម្ចាស់ការខ្លួនឯង ធានាបាននូវនិរន្តរភាពរឹងមាំផ្នែកសេដ្ឋកិច្ច ពង្រីកបានទីផ្សារផលិផល លើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង