ធនាគារ ARDB ផ្ដល់កម្ចីឥណទានដោយមានការប្រាក់សមរម្យដល់កសិករដាំស្វាយចន្ទី
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅបានលើកទឹកចិត្តដល់កសិករស្នើសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង លានហាល ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលើទីផ្សារ។ ការលើកទឹកចិត្តនេះផងដែរធ្វើឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជាមានបំណងចង់ប្រែក្លាយកម្ពុជាឱ្យជាអធិរាជគ្រប់ស្វាយចន្ទីនាពេលអនាគត។
ដើម្បីធ្វើឱ្យប្រសើរឡើងនៃចង្វាក់ផលិតកម្មស្វាយចន្ទី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្ដល់នូវកម្ចីដែលមានអាត្រាការប្រាក់សមស្របទៅនឹងលទ្ធភាពរបស់ប្រជាកសិករ។ បើតាមធនាគារ កសិករដែលប្រើប្រាស់កម្ចីរបស់ធនាគារ គឺភាគីធនាគារអាចយកស្តុកគ្រាប់ស្វាយ ចន្ទីស្ងួតមកធ្វើជា ទ្រព្យធានាបំណុល ហើយធនាគារអាចផ្ដល់ប្រាក់ឥណទានជូនរហូតដល់ ៧០%នៃតម្លៃគ្រាប់ស្វាយ ចន្ទីក្នុងឃ្លាំងស្តុក។
បើតាមលោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី លោកចាត់ទុកថាការផ្ដល់អាត្រាការ ប្រាក់សមរម្យ ដល់កសិករដែលដាំដុះស្វាយចន្ទី គឺជាការជួយជ្រោមជ្រែងដ៏សំខាន់សម្រាប់ការរីកចម្រើននៃវិស័យស្វាយចន្ទីនៅកម្ពុជា ក៏ប៉ុន្តែប្រសិនបើការផ្ដល់កម្ចីក្នុងអាត្រាការប្រាក់ខ្ពស់ វានឹងក្លាយជា បញ្ហាសម្រាប់កសិករវិញ។
អ៊ួន ស៊ីឡុត៖ «សមាគមរីករាយក្នុងការទទួលយកការប្រាក់អនុគ្រោះពីធនាគារ យើងសប្បាយចិត្ត ហើយយើងក៏បានសហការតាមដែរលទ្ធភាពអាចធ្វើទៅបាន ដើម្បីផ្ដល់ជូនកសិករនូវអាត្រាការប្រាក់ មួយដ៏សមរម្យសម្រាប់កសិករ។ ព្រោះបើយើងគិតមើលទៅ អាត្រាការប្រាក់នៅលើទីផ្សារសព្វថ្ងៃនេះ វា១២% វាជាការមួយដែលពិបាកសម្រាប់កសិករយើង ព្រោះយើងដឹងហើយថាកសិកម្មមិនអាចចំណេញ ផលបានលឿនដូចរបរដទៃទៀតទេ។»
យ៉ាងណាមិញ លោកបន្តឱ្យដឹងថាសមាគមន៍ចង់ឱ្យមានជាកម្ចីអាត្រាការប្រាក់អនុគ្រោះច្រើនដល់កសិករ ជាជាងឱ្យពួកគេទៅរកកម្ចីពីមីក្រូហិរញ្ញវត្ថុ ឬធនាគារដែលមានអាត្រាការប្រាក់ខ្ពស់។
ដោយឡែក ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានស្នើសុំឲ្យប្រជាកសិករដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនហើយនៅជិតគ្នាគួរ៖ ចងក្រងជាសហគមន៍ ឬជាបណ្តុំអ្នកផលិត ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ និងផ្សារភ្ជាប់ទៅទីផ្សារ។
ក្នុងករណីតំណាងសហគមន៍ ឬសមាជិកសហគមន៍ ឬប្រជាកសិករដែលចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី កសិករអាចស្នើសុំឥណទានពីធនាគារ ARDB បាន ក្នុងអត្រាការប្រាក់សមរម្យដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លានហាល ជាដើម ហើយអត្រាការប្រាក់នេះគឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះ ប្រជាកសិករនៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និងដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម។
បន្ថែមពីនេះ ប្រជាកសិករទាំអស់គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃឲ្យស្របតាមសង់ដារចំណីអាហារដើម្បីលក់ទៅទីផ្សារផងដែរ នៅពេលទទួលបានឥណទានពីធនាគារ៕