រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យប្រជាសហគមន៍រៀនភាសាអន្តរជាតិដើម្បីការអភិវឌ្ឍ ដោយនិរន្ដរភាព
ក្រៅតែពីជម្រើសមុខរបរដែលក្រសួងបរិស្ថានបានផ្ដល់ឱ្យទៅកាន់ប្រជាសហគមន៍ ថ្មីៗនេះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន សាយ សំអាល់ បានលើកទឹកចិត្តដល់ប្រជាសហគមន៍ ជាពិសេសក្មេងៗជំនាន់ក្រោយឱ្យចាប់យកការរៀនសូត្រភាសាបន្ថែមទៀត ក្រៅពីភាសាជាតិរបស់ខ្លួន។
ឯកឧត្តមចាត់ទុកថា ការរៀនភាសាអន្តរជាតិអាចធានាការអភិវឌ្ឍយូរអង្វែងរបស់សហគមន៍ដែលនៅតាមតំបន់ការពារធម្មជាតិនីមួយៗ។ យូរអង្វែងព្រោះថា ការផ្ដល់នូវមុខរបរផ្សេងៗដូចជា ការធ្វើកសិកម្ម ការចិញ្ចឹមសត្វ ពិបាកនឹងគង់វង្សប្រសិនបើកសិករមិនមានការរៀនសូត្រនូវបច្ចេក ទេសថ្មីៗ ពីក្នុងស្រុក ឬក្រៅស្រុក។
បូករួមទាំងបរិបថថ្មីនេះ ដែលពិភពលោកកំពុងបែរទៅរកឌីជីថលផង ព័ត៌មានស្ទើរតែទាំងអស់ គឺអាចរកបានតាមប្រព័ន្ធអ៊ីនធឺណេត។
ឯកឧត្តម សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា៖ « អង់គ្លេសជាភាសាដែលព័ត៌មានទាំងអស់លើពិភពលោក ដែលចំណេះដឹងទាំងអស់លើពិភពលោក គឺផ្ទុកនៅក្នុងជម្រុកហ្នឹង។ ខ្ញុំចាត់ទុកថានេះជាលំហរ និងលំហូរនៃព័ត៌មាន ចំណេះដឹងពិភពលោកគឺនៅលើ ភាសាអង់គ្លេស ដូចជានៅខេត្តព្រះវិហារដែលគេមានសាលាមតេយ្យសហគមន៍ជាដើម។»
ឯកឧត្តមបន្តថា៖ «ពីមុន បើចង់ឱ្យ កូនចេះភាសាអង់គ្លេស ត្រូវរកគ្រូឱ្យបង្រៀន តែរបៀបគិតបែបថ្មីគឺដាក់អ៊ីនធឺណេតឱ្យ។ បើដាក់ឱ្យ វាមានរឿង២សម្រាប់កុមារ គឺគាត់ចាប់ផ្ដើមនិយាយ តែមិនទាន់ដឹងថាម៉េចទេ ទី២គាត់បានរាំច្រៀង ដែលនេះជាចំណែកមួយនៃការអភិវឌ្ឍកុមារ ព្រោះវានឹងធ្វើឱ្យយើងមានសំណៀងដូចគេ។»
ឯកឧត្តមបន្តមានប្រសាសន៍ផងដែរថា សកម្មភាពទាំងនេះរបស់ក្រសួងបរិស្ថានគឺជាការឆ្លើយតបមួយ ទៅកាន់យុទ្ធសាស្ត្រចតុកោណ ដែលផ្ដល់អាទិភាពដល់ការរស់នៅដែលមានផាសុកភាព មានទឹកស្អាត ប្រើប្រាស់ មានផ្លូវធ្វើដំណើរស្អាត មានភ្លើងអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ មានមន្ទីរពេទ្យ និងចុងក្រោយគឺសាលារៀន ដែលជាកន្លែងបណ្ដុះធនធានមនុស្សជំនាន់ក្រោយឱ្យកាន់តែប្រសើរឡើង។
ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវឱ្យគណៈកម្មការសហគមន៍ បណ្ដាញសហគមន៍ ថ្នាក់ដឹកនាំជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងឱ្យធ្វើការរួមគ្នាជាមួយមន្ទីរបរិស្ថានតាមខេត្ត ដើម្បីជំរុញឱ្យមានការអភិវឌ្ឍ តាមតំបន់ការពារធម្មជាតិពាសពេញផ្ទៃប្រទេស៕