សហរដ្ឋអាមេរិកត្រៀមផែនការជន្លៀសពលរដ្ឋចេញពីកោះតៃវ៉ាន់
បរទេស ៖ អស់រយៈពេលជាច្រើនខែមកហើយដែលព័ត៌មានជាច្រើនបានចេញផ្សាយថាអាមេរិកបានបន្តធ្វើការពិភាក្សាផ្តោតទៅលើវិធីសាស្ត្រនៃការជន្លៀសពលរដ្ឋរបស់ខ្លួនចេញពីដែនកោះតៃវ៉ាន់ខណៈដែលកំដៅកំពុងកើនឡើងខ្លាំងរវាងរដ្ឋាភិបាលវ៉ាស៊ិនតោន និងរដ្ឋាភិបាលប៉េកាំង។
គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះប្រភពមិនបញ្ចេញឈ្មោះម្នាក់ដែលជាមន្ត្រីផ្នែកកិច្ចការងារសំងាត់របស់អាមេរិកបានអះអាងថាថ្មីៗនេះអាមេរិកកំពុងរៀបចំផែនការជន្លៀសនេះរួចរាល់ហើយក្នុងករណីថាជម្លោះរវាងចិន និងអាមេរិកកើតឡើងដោយមិនទុកឲ្យពលរដ្ឋអាមេរិករាប់ម៉ឺននាក់ចោលនៅលើដែនកោះនេះឡើយ។
មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន និងត្រូវបានយកមកចេញផ្សាយដោយ RT ថា ផែនការដំណើរការជន្លៀសត្រូវបានលើកយកមកពិភាក្សាអស់រយៈពេលយ៉ាងហោចណាស់៦ខែមកហើយ ប៉ុន្តែ២ខែចុងក្រោយនេះការងារកាន់តែមមាញឹក និងបន្ទាន់បំផុតជាពិសេសក្នុងពេលដែលភាពតានតឹងកំពុងកើនឡើងខ្លាំង។
ប្រភពផ្សេងទៀតក៏ធ្លាប់បានបញ្ជាក់ហើយដែរថា ព្រឹត្តិការណ៍នៃប្រតិបត្តិការពិសេសដោយយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននោះគឺបានបង្ខំឲ្យសហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមពិចារណាទៅលើការរៀបចំផែនការជន្លៀសខ្លួនកម្រិតបន្ទាន់បំផុតប្រសិនបើជម្លោះរវាងចិន និងអាមេរិកអាចកើតឡើងពិតមែននៅថ្ងៃណាមួយ។
រំលឹកដែរថា សហរដ្ឋអាមេរិកបានធ្វើការជន្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនស្ទើរតែទាំងអស់ក្នុងរយៈពេលដល់ទៅ២សប្តាហ៍មុនប្រតិបត្តិការយោធារបស់រុស្សីនៅអ៊ុយក្រែននិងបន្ទាប់ពីបានព្រមានពលរដ្ឋអាមេរិកជាច្រើនខែមកហើយដែរថា ត្រូវតែចាកចេញពីរុស្ស៊ី។
ទោះបីជាយ៉ាងណាក្តីក្រសួងការបរទេសអាមេរិកមកដល់ពេលនេះនៅមិនទាន់បានធ្វើការប្រកាសព្រមានឲ្យពលរដ្ឋអាមេរិករស់នៅលើកោះតៃវ៉ាន់ដើម្បីចាកចេញនៅឡើយ ប៉ុន្តែបានទំលាក់កម្រិតគោលដៅនៃការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់មកទាបបំផុតសម្រាប់ពលរដ្ឋអាមេរិកដែលមានបំណងចង់ធ្វើដំណើរទៅកាន់ដែនកោះនេះ៕