ឯកឧត្តម សាយ សំអាល់៖ ការបង្កើតសហគមន៍ក្នុងតំបន់ធម្មជាតិគឺដើម្បីអភិរក្សជីវៈចម្រុះ
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងពីគោលបំណងនៃការបង្កើតជា សហគមន៍នៅតាមតំបន់ការពារធម្មជាតិនានាថា នេះជាជំហានមួយក្នុងការឆ្ពោះទៅអភិរក្សជីវៈចម្រុះ យើងដែលនៅសេសសល់។
គ្រប់ប្រភេទនៃជីវៈចម្រុះដែលរួមមានសត្វ រុក្ខជាតិ ពោលគឺសរីរាង្គដែលមានជីវិត មានតួនាទីសំខាន់ ណាស់ក្នុងការជួយទប់លំនឹងនៃប្រព័ន្ធអេកូឡូស៊ីទាំងមូល បើបាត់តែជីវៈចម្រុះណាមួយ វានឹងប៉ះពាល់ ទៅដល់ការរស់នៅនៃជីវិតផ្សេងៗទៀតទាំងមូលផងដែរ។
បើតាមប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ បានបន្តឱ្យដឹងទៀតថា នៅតាមតំបន់ការពារធម្មជាតិ ប្រជាជនអាចអាស្រ័យផលលើធនធានដែលមានបាន។ មិនតែប៉ុណ្ណោះតំបន់ជួរភ្នំមួយចំនួន បានរួមចំណែកយ៉ាងធំក្នុងការផ្ដល់ទឹកចូលទៅបំពេញដល់បឹងទឹកសាបធំៗរបស់កម្ពុជា។
តួយ៉ាងដូចជា ភ្នំក្រវាញ ដែលត្រូវបានគេស្គាល់ថាជាព្រៃទឹកភ្លៀង និងដែលព្រៃនេះបានទាក់ទាញទឹកភ្លៀងជាច្រើន ហើយហូរទៅចាក់បញ្ចូលទៅក្នុងបឹងទន្លេសាប។ ដូច្នេះហើយ ប្រសិនបើព្រៃឈើ ឬធនធានធម្មជាតិនានានៅក្នុងតំបន់ជួរភ្នំក្រវាញកាន់តែសល់តិចទៅៗ លទ្ធភាពក្នុងការទាក់ទាញទឹក ភ្លៀងក៏កាន់តែថមថយ រីឯទឹកនៅក្នុងបឹងទន្លេសាប ដែលមានប្រជាជនជាច្រើនគ្រួសារកំពុងអាស្រ័យ ដែរនោះ ក៏នឹងត្រូវបាត់បង់ប្រភពទឹកដូចគ្នា។
ម្យ៉ាងទៀត ជីវៈចម្រុះក៏ជាប្រយោជន៍ នៃសេវាប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតដែរ ឧទាហរណ៍ដូចជា នៅចំការដំណាំមួយចំនួន ដែលម្ចាស់ចំការប្រើប្រាស់ថ្នាំច្រើនពេក រហូតដល់អស់ទាំងសត្វល្អិតទៀត។ អវត្តមាននៃពពួកសត្វល្អិតក៏មិនមែនជារឿងល្អដែរ ព្រោះដំណាំក្នុងចំការនឹងមានកង្វះខាតភ្នាក់ងារចម្លងលម្អង ដែលនឹងប៉ះពាល់ដល់ដំណាំពួកគេទៀត។ ពាក់ព័ន្ធនឹងចំណុចនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់ជាការណែនាំដល់កសិករឱ្យរក្សាទុកគម្ពោធព្រៃមួយ ដោយមិនប្រើប្រាស់ថ្នាំគីមីអ្វីលើវាសោះ ពោលគឺទុកឱ្យសត្វល្អិតនានារស់នៅចុះ ទើបអាចមានភ្នាក់ងារចម្លងលម្អងបាន។
យ៉ាងណាមិញ នេះគ្រាន់តែជាឧទាហរណ៍នៃផ្នែកប៉ុណ្ណោះអំពីសារៈសំខាន់នៃជីវៈចម្រុះ ក៏ដូចជាទំនាក់ទំនងនៃជីវិតមួយ ទៅលើប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ដូច្នេះហើយ ការបង្កើតជា សហគមន៍តាមតំបន់ការពារធម្មជាតិគឺជាជម្រើសល្អមួយ។
បើទោះជាយ៉ាងនេះក្ដី ការបង្កើតជាសហគមន៍តែមួយមុខក៏មិនអាចដោះស្រាយអ្វីបានច្រើនដែរ ជាពិសេសនៅពេលដែលប្រជាជនក្នុងសហគមន៍មានជីវភាពខ្សត់ខ្សោយ និងពឹងផ្អែកខ្លាំងលើធន ធានធម្មជាតិ។ ត្រង់ចំណុចនេះ ក្រសួងបរិស្ថានបានបង្កើតនូវជម្រើសការងារផ្សេងៗដូចជា ផ្ដល់ពូជ សត្វចិញ្ចឹម ផ្ដល់ពូជដំណាំ បន្លែ គាំទ្រនូវការបង្កើតជាសិប្បកម្មកែច្នៃជាដើម។ រីឯតំបន់មួយចំនួនដែលមានអំណោយផលទេសចរណ៍ ក្រសួងក៏បានជំរុញទីតាំងទាំងនោះឱ្យទៅជាតំបន់ទេសចរណ៍ ដែលអាចផ្ដល់ចំណូលចូលសហគមន៍
ហើយនៅពេលនោះហើយ ដែលប្រជាសហគមន៍លែងអាស្រ័យធនធានធម្មជាតិ ប៉ុន្តែងាកមកថែរក្សា ធនធានធម្មជាតិដើម្បីរកចំណូលពីប្រភពផ្សេងៗ៕