ផ្លូវការណ៍! Lionel Messi សម្រេចចូលរួមជាមួយក្លិប Inter Miami របស់ David Backhem
កាលពីព្រឹកមិញនេះ ក្លិបបាល់ទាត់ Inter Miami ដែលមានអតីតវីរៈបុរសអង់គ្លេស លោក David Backhem ជាសហប្រធានក្លិប បានបញ្ជាក់ពីការចុះហត្ថលេខាលើតារាឆ្នើម Lionel Messi ខណៈការផ្ទេរនេះ បានធ្វើឱ្យបាល់ទាត់ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្លឹប Inter Miami សមាជិកលីគកំពូលអាមេរិក MLS បានឈ្នះការប្រជែង ដើម្បីចុះហត្ថលេខាលើ Messi ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ(Free Agent) ក្រោយពេលការចាកចេញរបស់គាត់ពី Paris Saint-Germain នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់។
ពួកគេបានប្រកាសពីការមកដល់របស់ Messi នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការជាមួយនឹងវីដេអូរយៈពេល ៣២ វិនាទី ដែលបង្ហាញពីចំណាប់អារម្មណ៍ចង់បានពីក្លឹប Barcelona និង Al-Hilal ហើយក្លឹប Miami បានយកឈ្នះលើហត្ថលេខារបស់គាត់។ ក្នុងនោះផងដែរ ម្នាក់ក្នុងចំណោម ៣នាក់ ដែលជាម្ចាស់ក្លិប គឺលោក Jorge Mas ក៏បានបង្ហោះរូបភាពនៃតួរអង្គក្នុងស្រមោលពាក់អាវ Inter Miami ‘Messi 10’ ផងដែរ។
ការផ្លាស់ប្តូររបស់ Messi គឺជាការរង្គោះរង្គើមួយ សម្រាប់ MLS ទាំងគាត់ និងគូប្រជែង Ballon d’Or ដ៏យូរអង្វែង Cristiano Ronaldo ឥឡូវនេះអ្នកទាំងពីរ សុទ្ធតែចាកចេញពីបាល់ទាត់អឺរ៉ុប។ មែនទែនទៅ Messi បានសារភាពថា គាត់ចង់ត្រលប់ទៅ Barcelona វិញ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប បានធ្វើឱ្យបំណងរបស់គាត់ត្រូវរលាយ។
ជាមួយគ្នានេះ Messi បានបញ្ជាក់ពីការផ្លាស់ប្តូររបស់គាត់ នៅក្នុងបទសម្ភាសន៍ជាមួយ Mundo Deportivo ដោយនិយាយថា៖«ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងទៅ Miami ។ ខ្ញុំចង់សាកល្បងអ្វីដែលប្លែក នៅ Miami»។
បើតាមការបញ្ជាក់របស់កាសែត Goal Messi អាចnwgចូលរួមជាមួយក្លឹបថ្មីរបស់គាត់ Inter Miami នៅដើមខែក្រោយ នៅពេលដែលពួកគេចូលរួមក្នុងការប្រកួត Leagues Cup ទល់នឹង Cruz Azul របស់ម៉ិកស៊ិក នៅថ្ងៃទី ២១ ខែកក្កដា។
គួរបញ្ជាក់ថា Leo Messi បានចាកចេញពីបាល់ទាត់អ៊ឺរ៉ុប ជាមួយនឹងការបង្ហាញខ្លួនសរុបចំនួន ៨៥៣ ប្រកួត ស៊ុតបញ្ជូលទីបាន ៧០៤គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៣០៣គ្រាប់ ឈ្នះពានចំនួន ៣៧
ពាន ឈ្នះ Ballon d’Or ចំនួន ៧ដង និងឈ្នះស្បែកជើងមាសចំនួន ៦ដង៕