អស្ចារ្យណាស់! វ៉ិត ចន្ថា ក្លាយជាកីឡាការិនីកម្ពុជាដំបូងគេ ឈ្នះមេដាយមាស ៣គ្រឿងក្នុងឆ្នាំតែមួយនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម
មិនសរសើរមិនបាន កីឡាការិនី វ៉ិត ចន្ថា ជាអត្តពលិកជនពិការម្នាក់កំពុងឈរលេខរៀងលំដាប់លេខ១ នៅក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះ ដោយកីឡាការិនីរូបនេះ ដណ្ដើមបានមេដាសមាសចំនួន៣គ្រឿង។
មែនទែនទៅ ចំពោះមេដាយដែលកីឡាការិនី វ៉ិត ចន្ថា ប្រជែងបានដំបូងគេ គឺមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលោតចម្ងាយ ហើយបន្ទាប់មកកីឡាការិនីរូបនេះ ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសាលោតចម្ងាយដដែល កាលពីថ្ងៃទី ០៣ ខែឧសភា ពោលគឺក្នុងថ្ងៃបើកកីឡាអាស៊ានប៉ារ៉ាហ្គេម ជាផ្លូវការ។ លុះដល់ថ្ងៃទី៥ ខែមិថុនា កីឡាការិនីជើងខ្លាំងរបស់កម្ពុជារូបនេះ ប្រជែងបានមេដាយមាស ១គ្រឿងបន្ថែមទៀត លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ក្នុងប្រភេទពិការ T44។ នៅមិនទាន់អស់នៅឡើយទេ ពោលគឺ វ៉ិត ចន្ថា ឈ្នះបានមេដាយមាស មួយគ្រឿងទៀតហើយ លើកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ T64 នារសៀលថ្ងៃទី០៦ ខែមិថុនា ម្សិលមិញនេះ។ សរុបមកគិតត្រឹមពេលនេះ កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ១គ្រឿង។
ដើមឡើយ មានតែកីឡាករ វ៉ាន់ វ៉ុន ម្នាក់ប៉ុណ្ណោះដែលបានក្លាយជាកីឡាករកម្ពុជាដំបូងគេ ឈ្នះមេដាយមាស ៣គ្រឿង ក្នុងឆ្នាំតែមួយនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីលើកទី៧ ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា កីឡាការិនី វ៉ិត ចន្ថា ធ្លាប់បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្ត ដែលមិនទាន់មានអត្តពលិកជនពិការកម្ពុជារូបណាធ្វើបានដូចនោះទេ គឺការដណ្តើមបានមេដាយមាសចំនួន ២ និងមេដាយប្រាក់ ១ ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលបានធ្វើនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ៕