ស្ត្រីម្នាក់បង្កើតជីទឹកធម្មជាតិផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសឱ្យការទិញជីគីមីពីក្រៅប្រទេស
ជីធម្មជាតិ ឬជីសេរីរាង្គ ជាជីដែលកើតឡើងពីការផ្សែផ្សំសំណល់ផ្ទះបាយ ឬសំណល់បន្លែផ្លែឈើ ចូលគ្នាជាដើម។ ជីសេរីរាង្គនេះផងដែរ តែងតែទទួលបានការលើកទឹកចិត្តពីសំណាក់មន្ទីរ ឬ ក្រសួងផ្ទាល់ ទៅកាន់កសិករ ថ្វីត្បិតថាការប្រើប្រាស់ជីប្រភេទនេះ កសិករអាចទទួលបានបន្លែ ដែលមានសុវត្ថិភាពខ្ពស់ និងចំណេញថ្លៃដើមបានច្រើន។
មានឪពុកជា អតីតនិស្សិតដែលរៀនខាងកសិកម្មហើយគាត់ក៏ជាគ្រូបច្ចេកទេសមួយប្រចាំខេត្តកណ្តាលដែលបង្រៀនទាក់ទងជាមួយកសិកម្មស្រាប់ កញ្ញា បុត្រ ច័ន្ទសិរីរដ្ឋ បានបង្កើតជា សហគ្រាសមួយដែលផលិតជីទឹកធម្មជាតិលក់ បន្តវេនពីឪពុកតែម្ដង។
ដោយមានការជំរុញពីសំណាក់មន្ទីរកសិកម្មខេត្តផង សហគ្រាសរបស់កញ្ញា ដែលមានឈ្មោះថា «សហគ្រាសជីធម្មជាតិតូនីអេសអឹម» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៩។ ទន្ទឹមនឹងខ្លួនជា មនុស្សម្នាក់ដែលស្រឡាញ់វិស័យកសិកម្មដែរនោះ កញ្ញាមានបំណងចង់ផលិតជីធម្មជាតិសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈដែលបច្ចុប្បន្នការប្រើប្រាស់ជីគីមីមានការកើនឡើងយ៉ាងគំហុក។
បើតាមការរៀបរាប់របស់កញ្ញា ជីទឹកនេះ ត្រូវបានកែច្នៃចេញពីផ្លែឈើចម្រុះគ្រប់ប្រភេទ ហើយបច្ចុប្បន្ន ផលិតផលជីទឹករបស់កញ្ញាមាន ៥ប្រភេទ ដោយ៣ប្រភេទគឺប្រើទៅលើផលដំណាំ ចំណែកឯ២ ប្រភេទទៀតមានសម្រាប់ប្រើចំពោះការចិញ្ចឹមសត្វក្នុងទឹក និងសត្វលើគោក។
បុត្រ ច័ន្ទសិរីរដ្ឋ៖ «ជីទឹកប្រភេទនេះវាមានលក្ខណៈខុសប្លែកពីជីគីមីគឺ ដោយសារវាជួយកាត់បន្ថយការបំពុលផ្សេងៗ ហើយវាមានលក្ខណៈបំប៉ន និងជំនួយ…សម្រាប់ការប្រើប្រាស់ទៅលើដីវិញវាជំរុញឱ្យដីធូរ កាត់បន្ថយនៃការប្រើប្រាស់គីមីជាដើម ចំណែកឯសត្វវិញយើងហៅថាអាហារបំប៉ន ឧទាហរណ៍ដូចជាត្រីវាមានសារធាតុចិញ្ចឹមជំរុញអុកស៊ីហ្សែនត្រី និងកាត់បន្ថយជាតិពុលក្នុងទឹកហ្នឹងបាន ធ្វើឱ្យត្រីមានសុខភាពល្អឆាប់ធំ។»
ដោយឡែក ទីតាំងផលិតរបស់សហគ្រាសស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ ដែលផលិត ផលស្ទើរតែទាំងស្រុងជាការផលិតរបស់គ្រួសារកញ្ញា។ លុះត្រាតែមានតម្រូវការខ្លាំង មិនអាចធ្វើទាន់ ទើបកញ្ញាហៅអ្នកដែលរស់នៅជុំវិញនោះដើម្បីជួយបន្ថែម។
សម្រាប់បរិមាណនៃការផលិតវិញ កញ្ញាបានឱ្យដឹងថាមិនមានភាពទៀងទាត់នោះទេ ពោលគឺវាប្រែប្រួល ឬឆ្លាស់ទៅតាមរដូវនៃការដាំដុះរបស់កសិករ ៖ «ឧទាហរណ៍សម្រាប់រដូវសម្រាប់ដំណាំធំៗដូចជា រដូវចន្ទី រដូវធូរេន យើងផលិតជាជីទឹកសម្រាប់ដំណាំប្រភេទនេះ ហើយបើសម្រាប់ខែណាសម្រាប់សត្វយើងផ្ដោតទៅលើសត្វ និយាយរួមគឺយើងផលិតរាល់ខែ លក់ចេញគ្រប់ខែទៅតាមរដូវប្រាំង រដូវវស្សា អញ្ចឹងទៅ។»
ក្រៅតែពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនេះទៅ កញ្ញាក៏បានសហការជាមួយស្ថាប័នរដ្ឋ ដោយបានចុះទៅ បង្រៀនកសិករពីរបៀបធ្វើជីធម្មជាតិដោយខ្លួនឯងផងដែរ។ ម្យ៉ាងទៀត សម្រាប់កសិករ ឬសហគមន៍ ដែលចង់ប្រើប្រាស់ជីរបស់កញ្ញា តែមិនមានដើមទុនក្នុងការទិញ កញ្ញាក៏មានការលើកលែងឲ្យពួកគេ យកទៅប្រើលើដំណាំ និងសងត្រឡប់វិញនៅពេលប្រមូលផលជាដើម។
បើតាមការរៀបរាប់បន្ថែមរបស់កញ្ញា ការប្រើប្រាស់ជីទឹកធម្មជាតិនេះទៅលើដំណាំ កសិករអាចកាត់ ការប្រើប្រាស់ជីគីមីរហូតដល់ទៅ ៥០% រីឯទិន្នផលទទួលបានគឺប្រហាក់ប្រហែលគ្នា គ្រាន់តែថាទិន្ន ផលដែលទទួលបានជា កសិផលសេរីរាង្គ។
យ៉ាងណាមិញ បច្ចុប្បន្នផលិតផលជីទឹករបស់កញ្ញាមានតម្រូវការខ្ពស់ ដោយសារកាលពីមុនកសិករប្រើជីគីមីគឺចុះថ្លៃដើមខ្លាំង (ចំណាយច្រើន) មិនត្រឹមតែប៉ុណ្ណោះវាក៏ប៉ះពាល់សុខភាពអ្នកបរិភោគផងដែរ៕