ទីបំផុត! Lionel Messi សម្រេចចែកផ្លូវជាមួយ PSG ក្រោយរួមរស់បាន ២ឆ្នាំ
គ្រូបង្វឹកក្លឹបបាល់ទាត់ PSG លោក Christophe Galtier បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi នឹងចាកចេញពីក្លឹបបារាំងមួយនេះ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Goal។
លោក Christophe Galtier បានបញ្ជាក់ថា Messi នឹងចាកចេញពី PSG នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ ចំពេលមានការផ្តល់ជូនដ៏គួរឱ្យចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត ដែលនឹងឃើញគាត់ទៅជួបជាមួយគូប្រជែងជាង១ទស្សវត្សម្តងទៀត គឺកីឡាករ Cristiano Ronaldo ។ ជាមួយគ្នានេះដែរ ក្លិបអ្នកមានបុណ្យ FC Barcelona ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រលប់ទៅកាន់ទ្រនំចាស់វិញរបស់ Messi ។
លោក Galtier បាននិយាយអំពីការចាកចេញរបស់ Messi ថា ៖ “ខ្ញុំមានឯកសិទ្ធិក្នុងការបង្វឹកកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ វានឹងក្លាយជាការប្រកួតចុងក្រោយរបស់ Leo នៅ Parc des Princes ទល់នឹង Clermont នៅថ្ងៃទី ៣ ខែមិថុនា នេះ” ។
គួរបញ្ជាក់ថា Messi បានបង្ហាញទម្រង់លេងល្អគួរសមក្នុងរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៦ដង ក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុន្តែឥឡូវនេះ រូបគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងថ្មីមួយ។ គោលដៅដែលទំនងបំផុត សម្រាប់ម្ចាស់ជើងឯក World Cup 2022 ហាក់ដូចជានៅទឹកដី អារ៉ាប៊ីសាអូឌីត ខណៈដែលគាត់បានធ្វើដំណើរទៅប្រទេសនៅមជ្ឍិមបូពា កាលពីដើមរដូវកាលនេះ ។
PSG នឹងបញ្ចប់រដូវកាល Ligue 1 របស់ពួកគេទល់នឹង Clermont ដោយផ្តល់ឱកាសឱ្យអ្នកគាំទ្របានឃើញ Messi នៅក្នុងឯកសណ្ឋានរបស់ក្លិបជាលើកចុងក្រោយ។ Messi មិនទាន់ធ្វើការប្រកាសណាមួយឡើយ ទាក់ទងនឹងអនាគតរបស់គាត់ ដោយកីឡាករវ័យ ៣៥ឆ្នាំរូបនេះ ទំនងជានឹងចំណាយពេលលំហែកាយនៅរដូវក្តៅនេះ ដើម្បីពិចារណាជម្រើសរបស់គាត់ មុនពេលការពិតត្រូវលាតត្រដាង៕