Close

ACCB៖ មជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វជិតផុតពូជនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ សង្គម
ACCB៖ មជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វជិតផុតពូជនៅកម្ពុជា ACCB៖ មជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វជិតផុតពូជនៅកម្ពុជា

(សៀមរាប)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ហៅកាត់ថា ACCB ជាមជ្ឈមណ្ឌល មួយដែលបង្កើតឡើងកាលពីឆ្នាំ ២០០៣ ក្រោមជំនួយរបស់សួនសត្វមួយកន្លែងនៃប្រទេសអាល្លឺម៉ង់។ ក្រៅពីជំនួយជាហិរញ្ញវត្ថុ មជ្ឈមណ្ឌលនេះក៏ទទួលបានជំនួយបច្ចេកទេសសម្រាប់សង្គ្រោះ និងអភិរក្សសត្វព្រៃផងដែរ។

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងផ្ដោតលើប្រភេទសត្វជិតផុតពូជដូចជា ប្រភេទសត្វស្លាបចំនួន ៦ប្រភេទ ព្រមទាំងប្រភេទសត្វអណ្ដើកចំនួន ៦ប្រភេទ ក្នុងនោះក៏មានផងដែរនូវការអភិរក្សសត្វអណ្ដើកហ្លួង ដែលជាសត្វតំណាងជាតិ។

ដោយឡែក សម្រាប់គម្រោងសំខាន់មួយចំនួនរបស់មជ្ឈមណ្ឌលរួមមាន៖ គម្រោងស្តុកទុកចំនួនរបាយ​ប្រជាសាស្ត្រប្រភេទពូជកម្រដើម្បីការពារកុំឲ្យផុតពូជ គម្រោងបង្កាត់ពូជ និងគម្រោងដោះលែងកូនៗ របស់សត្វទាំងនោះត្រឡប់ទៅក្នុងធនធានធម្មជាតិវិញ។

កញ្ញា Christel Griffioen នាយិកាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានគូសបញ្ជាក់ថា៖ «មកដល់ពេលនេះយើងមិនទាន់បានលែងសត្វណាមួយទៅក្នុងធម្មជាតិទេ វាជាគម្រោងរយៈពេលវែង ទម្រាំងអាចលែងបានប្រហែលជា ២០ឆ្នាំឯណោះ។»

បន្ថែមពីនេះ កញ្ញាបានរៀបរាប់អំពីប្រភេទសត្វដែលមជ្ឈមណ្ឌលបានបង្កាត់ពូជបានជោគជ័យ​រូមមាន៖ « សត្វត្រយ៉ងចង្កុំកស ដែលទើបតែបានជោគជ័យ ហើយយើងធ្វើគម្រោង​បង្កាត់​ពូជសត្វខ្សឹប ក្រៅពីនោះប្រភេទអណ្ដើកចំនួន៦ប្រភេទ។»

ជាក់ស្ដែង ការបង្កាត់ពូជសត្វនីមួយៗមានភាពលំបាក និងស្មុគស្មាញ ប៉ុន្តែដោយសារ​នៅក្នុងមជ្ឈ​មណ្ឌលមានអ្នកជំនាញក្នុងការបង្កាត់ពូជ និងថែទាំសត្វច្បាស់លាស់ ក្រៅពីនោះក៏មានការបណ្ដុះ​បណ្ដាលធនធានជំនាញនៅក្នុងសហគមន៍ផ្ទាល់ផងដែរ ដែលពួកគាត់នឹងត្រូវធ្វើ​ការជាមួយអ្នក​ជំនាញផ្ទាល់។
នាយិការមជ្ឈមណ្ឌលរូបនេះក៏បានលើកឡើងអំពីការជួយសង្គ្រោះសត្វព្រៃផងដែរ ដោយការងារសង្គ្រោះ សត្វព្រៃគឺធ្វើឡើងដោយសហការជាមួយប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សដែលជាអ្នកនៅតំបន់មូល ដ្ឋានផ្ទាល់។ លើសពីនោះ មជ្ឈមណ្ឌលក៏បានបណ្ដុះបណ្ដាលទៅដល់មន្ត្រីឧទ្យានុរក្សអំពីការជួយ សង្គ្រោះបឋមផងដែរ។

រាល់ពេលមានការរាយការណ៍ណាមួយ ក្រុមការងាររបស់មជ្ឈមណ្ឌលនឹងធ្វើដំណើរទៅយកសត្វនោះ មកសង្គ្រោះក្នុងទីតាំងមជ្ឈមណ្ឌលផ្ទាល់តែម្ដង។ ហើយសត្វព្រៃដែលមកដល់ ភាគច្រើនគឺស្ថិតក្នុង​ ស្ថានភាពមានរបួសស្នាម ដែលបង្កឡើងដោយអន្ទាក់ និងការបរបាញ់របស់ព្រានព្រៃជាដើម។

ប៉ុន្តែជាការសាទរមួយ ដែលសត្វភាគច្រើនដែលយកមកដល់មជ្ឈមណ្ឌលគឺមានភាគរយក្នុងការ ជាសះស្បើយច្រើន ពោលគឺមានត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះដែលមិនអាចជួយសង្គ្រោះបាន ហើយនោះក៏ដោយសារតែសត្វនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ឬស្ថិតនៅឆ្ងាយខ្លាំងពីមជ្ឈមណ្ឌល សង្គ្រោះពេក។

យ៉ាងណាមិញ មជ្ឈមណ្ឌលមួយនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រោចស្រង់ជីវិតសត្វព្រៃ ជាពិសេសសត្វដែលជិតផុតពូជនៅលើពិភពលោក។ ដូច្នេះហើយ ទៅថ្ងៃអនាគតកម្ពុជាអាចនឹង ក្លាយជាជម្រកសត្វព្រៃជិតផុតពូជជាច្រើនប្រភេទ ហើយក៏ជាទីតាំងទេសចរណ៍ធម្មជាតិដ៏មានសក្កា នុពលផងដែរ៕

អត្ថបទទាក់ទង