វាលធំ ជាឋានសួគ៌ក្រោមមេឃសម្រាប់ទេសចរផ្សងព្រេង
ឧទ្យានជាតិវីរៈជ័យ ជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិទាំង៧របសកម្ពុជា ស្ថិតក្នុងខេត្តរតនៈគីរី ហើយមានផ្ទៃដីចំនួន ៣៣២,៥០០ ហិកតា។ តំបន់ឧទ្យានជាតិវីរៈជ័យនេះផងដែរ ជាជំរកដ៏ស្ងប់ សុខរបស់សត្វព្រៃ និងធនធានធម្មជាតិកម្រៗជាច្រើនប្រភេទ។
វាលធំឯណោះវិញ ជាឈ្មោះតំបន់ទេសចរណ៍មួយ ដែលជាផ្នែកមួយនៃឧទ្យានជាតិវីរៈជ័យ និងស្ថិតក្នុងឃុំកោះប៉ង ស្រុកវើនសៃ និងឃុំតាវែង ខេត្តរតនគីរី។ ដោយសារតែតំបន់ទេសចរណ៍មួយនេះស្ថិតនៅចម្ងាយឆ្ងាយ រីឯការធ្វើដំណើរក៏មានភាពលំបាកទៅទៀតនោះ នាំឲ្យភ្ញៀវទេសចរដែលទៅលេងទីនោះភាគច្រើនជាអ្នកធ្វើដំណើរបែបផ្សងព្រេង។
តំបន់នេះជាតំបន់ទេសភាពធម្មជាតិ ដែលគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត។ អ្នកទេសចរអាចមើលទេសភាព ៣៦០ដឺក្រេ មើលថ្ងៃលិច ថ្ងៃរះ និងសម្រាកបោះតង់លំហែ ជាទិសដៅដែលអ្នកទេសចរណ៍ធម្មជាតិ។
មិនត្រឹមតែប៉ុណ្ណោះ វាលធំក៏ជាទីកន្លែងពេញនិយមរបស់អ្នកថតរូបល្បីៗនៅប្រទេសកម្ពុជា ដែលពួកគេ ធ្វើដំណើរទៅសម្រាក បោះតង់នៅទីនោះ ដើម្បីផ្ដិតយករូបភាពដ៏ស្រស់ស្អាតនៃជ្រលងភ្នំដែលប្រៀប បានទៅនឹងឋានសួគ៌លើដីដូច្នោះដែរ។
ជ្រលងភ្នំលាតសន្ធឹងស្ដូកស្ដឹងខ្វាត់ខ្វែងគ្នា បានក្លាយទៅជាទេសភាពដ៏គួរឲ្យចង់គយគន់ និងជាបំណង ប្រាថ្នារបស់អ្នកទេសចរផ្សងព្រេងក្នុងការទៅឃើញទិដ្ឋភាពនេះផ្ទាល់ភ្នែក។ អ្នកដែលបានទៅដល់ហើយក៏ចែកចាយរូបភាពលើបណ្ដាញសង្គមជាមួយនឹងសំណេរលាន់មាត់សរសើរថា វាលធំជាវាលដែលស្រស់ស្អាតជាងគេនៅអាស៊ីអាគ្នេយ៍ទៀតផង។
ចំពោះការធ្វើដំណើរវិញ អ្នកទេសចរនឹងត្រូវឈប់ត្រឹមស្រុកតាវែង រួចហើយបន្តដំណើរចេញពីស្រុក តាវែងនេះដោយប្រើម៉ូតូក្នុងចំងាយ ៣២គីឡូម៉ែត្រ។ ក្នុងករណីដែលមានភ្លៀងធ្លាក់ គេមិនអាចធ្វើ ដំណើរដោយម៉ូតូទៅដល់វាលធំនោះទេ ពោលគឺអាចជិះបានត្រឹមជាង ១០គីឡូ រួចហើយត្រូវបន្តដំណើរ ដោយថ្មើរជើង។
យ៉ាងណាមិញ ប្រភេទសត្វកម្រជាច្រើន ត្រូវបានរកឃើញមានវត្តមាន ក្នុងឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន១២គ្រឿង ដែលមន្ត្រីឧទ្យានុរក្សបានដាក់ថត តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២០។ ម៉ាស៊ីនទាំងនោះបានថតសត្វព្រៃជាប្រភេទសត្វកម្រជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះ ឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រ ដូចជាមាន់ទោពណ៌ប្រាក់ និងកេងកងជាដើម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។
ក្រៅពីធនធានធម្មជាតិដ៏សម្បូរបែបនេះទៅ នៅក្នុងតំបន់ស្រស់ត្រកាលនេះមានជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់ស្រុកដែលនឹងធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ តាមរយៈការផ្តល់ការស្នាក់នៅដោយផាសុខភាពបែបជនជាតិ និងការរីករាយជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ៕