ប្រទះឃើញសត្វត្រយងចង្កំ.ក.ស ដែលជាសត្វជិតផុតពូជបំផុត នៅដែនជម្រកសត្វព្រៃលំផាត់
រតនៈគីរី ៖ យោងតាមលទ្ធផលអង្កេតតាមដាន និងការពារសំបុកសត្វត្រយងចង្កំកសក្នុងរដូវបន្តពូជឆ្នាំ២០២២-២០២៣ នៅដែនជម្រកសត្វព្រៃលំផាត់ បានឱ្យដឹងថា រដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២០២៣ ត្រូវបានបញ្ចប់។
ប្រភពពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានបង្ហាញថា ជាលទ្ធផល សំបុកសរុបចំនួន ១៣ ដោយក្នុងនោះសំបុកចំនួន ៨ត្រូវបានញាស់ជោគជ័យជាមួយកូនចំនួន ១៣ក្បាល ត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃលំផាត់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់និងសហគមន៍ ក្នុងការស្វែងរក និងការពារសំបុករបស់សត្វជិតផុតពូជបំផុតនេះ។
ចំនួនសំបុកនៅក្នុងរដូវបន្តពូជនេះមានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ ដែលនេះជាសញ្ញាល្អមួយសម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់សត្វត្រយងចង្កំកស។
ទោះជាយ៉ាងណា ចំនួនសំបុកបរាជ័យនៅតែមានចំនួនច្រើន។ កត្តាដែលនាំដល់ការបរាជ័យភាគច្រើនគឺមិនត្រូវបានរកឃើញ និងមួយចំនួនគឺត្រូវបានរកឃើញថារងការរំខានពីសកម្មភាពមនុស្សដែលនាំឱ្យសត្វបោះបង់សំបុក។ ការរំខានពីសត្វដទៃទៀតដូចជា ក្អែក ពពួកខ្លែង និងស្ទាំង ក៏ជាមូលហេតុចំបងនាំដល់ការបរាជ័យសំបុកផងដែរ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) នឹងបន្តខិតខំសហការជាមួយមន្ត្រីឧទ្យានុរក្សដែលជម្រកសត្វព្រៃលំផាត់ក្នុងការល្បាតការពារសំបុកនិងបង្កើនការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមការពារសត្វកម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជាយើង។ អរគុណដល់មូលនិធិ Critical Ecosystem Partner Fund និងBirdLife-Vangard ដែលបានឧបត្ថម្ភដល់សកម្មភាពអភិរក្សនេះ៕