Close

សិប្បកម្មកែច្នៃត្រីមួយនៅខេត្តកំពង់ចាម ជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីក្នុងសហគមន៍

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ សង្គម
សិប្បកម្មកែច្នៃត្រីមួយនៅខេត្តកំពង់ចាម ជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីក្នុងសហគមន៍ សិប្បកម្មកែច្នៃត្រីមួយនៅខេត្តកំពង់ចាម ជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីក្នុងសហគមន៍

ជាការពិត ការធ្វើកសិកម្មសម្រាប់តែផ្គត់ផ្គង់ក្នុងទម្រង់ជាវត្ថុធាតុដើមមិនសូវជាមានទីផ្សារធំទូលាយ ប៉ុន្មានទេ ដោយហេតុថាកសិករមិនមានជម្រើសច្រើនក្នុងការលក់ ប៉ុន្តែបើសិនជា កសិករអាចកែច្នៃ ចេញទៅជាផលិតផលថ្មីមួយទៀត ទីផ្សារក៏នឹងមានភាពទូលាយទៅតាមនោះ។

ជាក់ស្ដែងនៅក្នុងស្រុកជើងព្រៃ មានកសិករជាច្រើននាក់ដែលប្រកបរបរចិញ្ចឹមត្រី ហើយពួកគេអាច ត្រឹមតែលក់ត្រីស្រស់ៗទៅឲ្យភ្ញៀវ ដែលមានន័យថាបើសិនជាតម្រូវការអតិថិជនធ្លាក់ចុះ ពួកគេនឹងត្រូវខាតបង់ដោយមិនអាចលក់ទៅណាទៀតបាន។

ដោយឃើញបញ្ហានេះ ក្នុងនាមជាសមាជិកម្នាក់ដែលរស់នៅក្នុងស្រុកជើងព្រៃ អ្នកស្រី ធឿន ស្រីនី ដែលពីដើមឡើយជាអ្នកធ្វើប្រហុក ផ្អក ត្រីងៀតសម្រាប់លក់នៅក្នុងផ្សារស្គន់ស្រាប់នោះ បានពង្រីក អាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារ ទៅជាសិប្បកម្មមួយ។

បើតាមការឱ្យដឹងពីអ្នកស្រី អាជីវកម្មតូចតាចលក្ខណៈគ្រួសារមួយនេះ មានអាយុកាលជាង ១០ឆ្នាំ​មកហើយ រីឯការបង្កើតទៅជាសិប្បកម្មគឺទើបតែធ្វើឡើងបានប្រមាណជា ១ឆ្នាំកន្លងទៅនេះទេ។ ដោយឡែក ជំនាញធ្វើប្រហុក ផ្អកនេះ អ្នកស្រីចេះបន្តមកពីម្ដាយដែរ។

អ្នកស្រី ធឿន ស្រីនី៖ «សម្រាប់​វត្ថុ​ធាតុ​ដើម ប្រភេទ​ត្រី​ដែល​យក​មក​ផលិត​គឺ​ខ្ញុំ​ផ្ដោត​លើ​សហគមន៍​ស្រុក​ជើង​ព្រៃ​ច្រើន ដូចជា​ត្រី​អណ្ដែង ត្រី​ប្រា ត្រី​ឆ្តោ ខ្ញុំ​ផលិត​ចេញ​ពី​សហគមន៍​ផ្ទាល់​ អញ្ចឹង​ហើយ​ខ្ញុំ​ព្យាយាម​មែនទែន​ ដើម្បី​ឱ្យ​សហគមន៍​របស់​ខ្ញុំ​ទាំង​មូល​មាន​ទីផ្សារ ខ្ញុំ​ទិញ​ពី​សហគមន៍​ផ្ទាល់​ យក​មក​កែច្នៃ​ដើម្បី​ដាក់​លក់​។»

អ្នកស្រីបន្តថា៖​ «ខ្ញុំ​ផ្ដោត​សំខាន់​លើ​ត្រី​ចិញ្ចឹម ដោយ​សារ​តែ​នៅ​ក្នុង​ស្រុក​នេះ​ទីផ្សារ​ត្រី​ចិញ្ចឹម​សម្រាប់​កសិករ​គឺ​មិន​ទាន់​មាន​ទេ ដល់​អញ្ចឹង​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​បំបែក​រឿង​ហ្នឹង​មួយ​ឱ្យ​គេ​បាន​ស្គាល់​ ឱ្យ​គេ​ទទួល​ស្គាល់ ត្រី​ចិញ្ចឹម​មាន​គុណភាព​ល្អ មាន​អនាម័យ ទាំង​គុណភាព​ទាំង​ស្តង់ដារ​ អញ្ចឹង​ទៅ​។»

អ្នកស្រីបន្តរៀបរាប់ទៀតថា រហូតមកដល់ពេលនេះអ្នកស្រីមិនទាន់មានលទ្ធភាពជួយដល់អ្នកចិញ្ចឹមត្រី ក្នុងសហគមន៍ទាំងមូលនោះទេ ពោលគឺអ្នកស្រី​ជួយ​បាន​តែ​កសិករ​នៅ​ជុំ​វិញ​សិប្បកម្ម​នៅ​ឡើយ​ទេ​ ហើយមូលហេតុគឺអ្នកស្រី ធឿន ស្រីនី បានបញ្ជាក់ថាដោយ​សារ​នៅ​តំបន់ខ្លួន​មាន​កសិករ​ចិញ្ចឹម​ត្រី​ច្រើន​។

ដោយសារតែទំហំសិប្បកម្មក៏មិនទាន់ជាធំខ្លាំងក្លានៅឡើយ ក្នុង១​ថ្ងៃ​សិប្បកម្មដែលមានឈ្មោះថា «សិប្បកម្មត្រី ធឿន ស្រីនី» ​អាចផលិតត្រីស្ងួតគ្រប់ប្រភេទក្នុងទំហំ ២០០គីឡូក្រាម។ ហើយសម្រាប់ ទីផ្សារលក់វិញគឺអ្នកស្រីលក់ចូលតាមផ្សារទំនើបនៅក្នុងក្រុងភ្នំពេញ ទៅក្នុងស្រុកជើងព្រៃ និងក្រៅពី នោះគឺលក់ទៅឱ្យឈ្មួញកណ្ដាលដែលគេទិញយកទៅលក់បន្ត។

បើទោះបីជាមានទីផ្សារច្រើនគួរសមហើយក្ដី តែម្ចាស់សិប្បកម្មរូបនេះមានមហិច្ឆិតាចង់ពង្រីកអាជីវកម្ម បន្ថែមទៀត ជាពិសេសចង់ឱ្យមានការទទួលស្គាល់កាន់តែច្រើនពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ទៅលើគុណភាព និងស្តង់ដារ។ ម្លោះហើយ ទើបអ្នកស្រីខិតខំផ្សព្វផ្សាយផលិតផល របស់ខ្លួនតាមរយៈការចូលជាសមាជិកភូមិមួយ ផលិតផលមួយ និងចូលរួមដាក់តាំងពិព័រណ៍ផលិតផល​ក្នុងកម្មវិធីផ្សេងៗជាដើម៕


អត្ថបទទាក់ទង