មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ អំឡុងខែឧសភានេះ គឺជារដូវកាលនៃការប្រមូលផ្សិតប៉ក់ក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ផ្សិតប៉ក់ ផ្សិតផក់ ឬផ្សិតផូងផាំង មួយឆ្នាំដុះតែម្តងគត់ ក្នុងអំឡុងខែមេសា និងឧសភា ដោយវាចាប់ផ្តើមដុះនៅម្តុំដីដែលមានសភាពសើមៗ ជាប់រហូត និងដុះដោយផ្តុំគ្នា ភាគច្រើននៅម្តុំគុម្ពស្មៅនៅម្តុំស្លឹកឈើជ្រុះស្ងួតៗ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា រដូវផ្សិតប៉ក់ក្នុងតំបន់ការពារធម្មជាតិ, ប្រជាសហគមន៍ទទួលបានចំណូលពីការការពារនិងអភិរក្សព្រៃឈើដោយប្រមូលបានអនុផលព្រៃឈើដែលជាចំណូលបន្ថែមសម្រាប់ពួកគាត់។ រក្សាឈើឈរដើម្បីរកចំណូលសេដ្ឋកិច្ចសម្រាប់ជាតិនិងសហគមន៍តាមរយៈការលក់ឥណទានកាបូន, ទេសចរណ៍ធម្មជាតិ និងការប្រមូលអនុផលព្រៃឈើតាមរដូវកាល។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា នៅអំឡុងខែឧសភានេះគឺជារដូវកាលនៃការប្រមូលផ្សិតប៉ក់ក្នុងតំបន់ការពារធម្មជាតិ! ផ្សិតប៉ក់ ផ្សិតផក់ ឬផ្សិតផូងផាំង មួយឆ្នាំដុះតែម្តងគត់ ហើយដុះនៅតាមតំបន់ភ្នំ និងតំបន់ខ្ពង់រាប និងកើតចេញពីដីល្បាយខ្សាច់ ផេះផង់នៃភ្លើងឆេះព្រៃកន្លងមកនិងក្រោយការស្រោចស្រពដោយដំណក់ទឹកភ្លៀង។ ផ្សិតប្រភេទនេះ គឺវាខុសពីផ្សិតធម្មតាដោយវាដុះនៅក្នុងដី និងមានរាងមូលដូចពងក្រួចហើយគេអាចសម្គាល់រកវាបានដោយឃើញមានដីពើងប្រះឡើងលើនៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។
ឯកឧត្តម បានបញ្ជាក់ថា ផ្សិតប៉ក់នេះចាប់ផ្តើមដុះក្នុងអំឡុងខែមេសា និងឧសភា ដោយវាចាប់ផ្តើមដុះនៅម្តុំដីដែលមានសភាពសើមៗ ជាប់រហូត និងដុះដោយផ្តុំគ្នា ភាគច្រើននៅម្តុំគុម្ពស្មៅនៅម្តុំស្លឹកឈើជ្រុះស្ងួតៗ។ ផ្សិតប៉ក់នេះមានរសជាតិឆ្ងាញ់ចម្លែកខុសពីផ្សិតដទៃទៀត។ ក្នុងមួយឆ្នាំៗ ផ្សិតប៉ក់ជាច្រើនតោនត្រូវបានប្រមូលផល និងអាចលក់បានចន្លោះពី ៣ ម៉ឺនទៅ ៤ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយបានផ្តល់ចំណូលបន្ថែមដល់ប្រជាសហគមន៍។ ផ្សិតប៉ក់អាចយកទៅកែច្នៃចេញជាមុខម្ហូបផ្សេងៗដូចជា ស្ងោ ឆា ខ និងស្លរ ជាដើម។
សូមបញ្ជាក់ផងដែរថា ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។
អ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែតពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃរបស់សហគមន៍ការពារធម្មជាតិស្រែអំពិល ហើយក៍ជាសហគមន៍មួយស្ថិតនៅក្រោមការគាំទ្រពីគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP ផងដែរ។
លោក សោ ភា ប្រធានសហគមន៍ស្រែអំពិល បានឱ្យដឹងថា ជាទូទៅពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់នេះ ២ ទៅ ៣គីឡូក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាស្រ័យទៅតាមតំបន់ និងអាកាសធាតុ។
លោកបន្តអោយដឹងថា បន្ទាប់ពីប៉ះផ្សិតប៉ក់បានពីព្រៃរួចមកប្រជាសហគមន៍នៅទីនេះ គេធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារផង និង ជាម្ហូបបែបធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ផង ហើយមុខម្ហូបដែលគេតែងពេញនិយមគឺយកមកស្ងោ រឺឆា ក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ។ ក្រៅពីធ្វើម្ហូប ពួកគាត់អាចរកចំណូលពីការលក់ផ្សិតប៉ក់នេះចាប់ពី ៣៧,០០០រៀល ទៅ៤០,០០០ ក្នុងមួយគីឡូក្រាមទៅអោយឈ្មួញផងដែរ។
គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគ្រោមរបស់រាជរដ្ឋាភិបាលកម្ពុ ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប៕